COVID-19
ជាតិ
ឈ្មួញកណ្ដាលតាមខេត្តខ្លះ ពិបាកលក់បន្លែ ក្នុងអំឡុងពេលកូវីដ-១៩ផ្ទុះខ្លាំង
28, Apr 2021 , 9:29 am        
រូបភាព
កណ្ដាល៖ ព្រោះតែការខ្លាចរអានឹងជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាជននៅតាមខេត្ត មិនសូវហ៊ានចេញទៅផ្សារឡើយ ហើយការណ៍នេះធ្វើឱ្យអ្នកលក់បន្លែមួយចំនួន ក៏លក់មិនសូវដាច់ដែរ។ ឈ្មួញកណ្ដាលដែលធ្លាប់លក់បោះដុំបន្លែក្នុងមួយថ្ងៃចន្លោះពី៨០០គីឡូក្រាម ដល់ប្រមាណជា២តោននោះ បានថយចុះមកនៅត្រឹមប្រមាណ៥០០គីឡូប៉ុណ្ណោះ។



អ្នកស្រី ជ័យ ស្រីនាង គឺជាឈ្មួញកណ្ដាលលក់បន្លែនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។ មានអាយុ៣៩ឆ្នាំ អ្នកស្រី ជ័យ ស្រីនាង ថាចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះខ្លាំង ដោយមានការរឹតត្បិតការធ្វើដំណើរផងនោះ គាត់លក់បន្លែមិនសូវដាច់ឡើយ ព្រោះមិនសូវមានអ្នកទៅផ្សារ។
 
ធ្លាប់តែលក់បោះដុំបន្លែក្នុងមួយថ្ងៃចន្លោះពី១តោនទៅ២តោន ពេលនេះអ្នកស្រី ជ័យ ស្រីនាង អាចលក់បានតែប្រមាណ៥០០គីឡូក្រាមប៉ុណ្ណោះ ដោយត្រូវលក់ពីម៉ោង៣ទៀបភ្លឺដល់ម៉ោង៧ព្រឹក។ ស្ត្រីដែលទិញបន្លែពីខេត្តកណ្ដាលផង និងនាំចូលពីប្រទេសវៀតណាមយកមកលក់ផងរូបនេះ បញ្ជាក់ដូច្នេះ៖«មុនមានកូវីដទិញចូលខ្ទង់តោន ខ្ញុំទិញពីខាងខេត្តកណ្ដាលផង និងពីវៀតណាមខ្លះដែរ។ ប៉ុន្តែពេលនេះលក់ថយច្រើន មួយថ្ងៃបានប្រហែលតែ៥០០គីឡូហ្នឹង។ មិនសូវមានអ្នកទៅផ្សារទេ ព្រោះគេខ្លាច។ ធ្វើម៉េចបើប្រទេសបែបនេះ ខ្ញុំគ្រាន់តែស្នើឱ្យមានការការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសយើងឆាប់ដូចដើមវិញ»។


 
ចំណែកលោក លីម ស៊ីនិត អាយុ៤០ឆ្នាំ ក៏ជាឈ្មួញកណ្ដាលរកស៊ីលក់បោះដុំបន្លែផងដែរ។ ទិញបន្លែពីឈ្មួញកណ្ដាលនៅខេត្តកណ្ដាល យកទៅលក់នៅខេត្តព្រៃវែង លោក ស៊ីនិត ក៏ថយចុះការលក់បន្លែរបស់ខ្លួន ព្រោះកូវីដ-១៩ផ្ទុះខ្លាំងដែរ។ រស់នៅជិតភ្នំឈើកាច់ ក្នុងស្រុកបាភ្នំ ឈ្មួញកណ្ដាលលក់បន្លែរូបនេះ ថាកាលពីក្នុងអំឡុងពេលដែលគេរឹតត្បិតខ្លាំង លោកមិនអាចឆ្លងទៅយកបន្លែពីខេត្តកណ្ដាលយកទៅលក់បាន លោកក៏ខកខានលក់ប្រហែល៥ថ្ងៃ។ ប៉ុន្តែពេលនេះ មានការឱ្យចេញចូលឆ្លងខេត្តបាន លោកក៏ចាប់ផ្ដើមទៅទិញបន្ត។ ទោះជាយ៉ាងណាការលក់បន្លែបោះដុំតាមផ្សារនានា ក៏នៅមិនទាន់បានច្រើនដូចដើមឡើយ។
 
លោក លីម ស៊ីនិត ដែលប្រកបរបរលក់បន្លែអស់រយៈពេល៥ឆ្នាំរូបនេះ ពន្យល់ដូច្នេះ៖«ពេលគេហាមឆ្លងខេត្តខ្ញុំអត់ហ៊ានទៅទេ ដល់តែពេលគេអនុញ្ញាតទើបខ្ញុំហ៊ានទៅ។ ក្នុងមួយថ្ងៃលក់បានតែ៥រយគីឡូក្រាមទេ បើពីមុនលក់បានប្រហែល៨រយគីឡូក្រាម។ ទោះពិបាកលក់ក៏ខ្ញុំនៅតែលក់ដែរ ព្រោះមានតែរបរមួយនេះ។  មនុស្សគេខ្លាច គេមិនសូវហ៊ានដើរ ម្យ៉ាងកូនចៅរបស់គេចេះតែប្រាប់ថាកុំឱ្យដើរ អ៊ីចឹងអ្នកភូមិគាត់នៅក្នុងផ្ទះ បេះបន្លែ បេះត្រកួននៅក្បែរផ្ទះស្លទៅ។ ខ្ញុំមានតែអរគុណរដ្ឋាភិបាល ដែលប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដនេះ។ ខ្ញុំគ្រាន់តែស្នើសុំទៅប្រជាជនទូទៅ បើមិនមានការចាំបាច់សូមកុំដើរអី យើងទ្រាំបន្តិចទៅ ចាំឱ្យជំងឺនោះបាត់ទៅវិញ យើងលែងបារម្ភហើយ»។ 


 
ចំណែកអ្នកស្រី សេន ឡា គឺជាឈ្មួញកណ្ដាល ដែលប្រកបរបរដើរទិញបន្លែក្នុងភូមិ យកទៅលក់បោះដុំបន្ត ឱ្យឈ្មួញនៅខេត្តព្រៃវែង និងស្វាយរៀង។ ប្រកបរបរជាឈ្មួញកណ្ដាលទិញបន្លែអស់រយៈពេលប្រហែល៦ឆ្នាំ អ្នកស្រី សេន ឡា ថាកាលពីមិនទាន់មានជំងឺកូវីដ-១៩ គាត់អាចលក់បន្លែបានក្នុងមួយថ្ងៃពី១តោនទៅ២តោន។ 
 
ប៉ុន្តែចាប់តាំងពីជំងឺកូវីដ-១៩ផ្ទុះខ្លាំង ការលក់បន្លែក៏ថយចុះ ហើយតម្លៃនៅតែថោកដដែល។ អ្នកស្រីបានបញ្ជាក់ថា បន្លែដែលអ្នកស្រីកំពុងប្រមូលទិញពីអ្នកភូមិពេលនេះ តម្លៃស្ពៃចង្កឹះមួយគីឡូលក់បាន៧០០រៀល ស្ពៃក្រញាញ់ តម្លៃ១,៨០០រៀល ទៅ២,០០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្ពៃតឿតម្លៃ១,៥០០រៀលក្នុងមួយគីឡូក្រាម។ ឈ្មួញកណ្ដាលដែលបោះបន្លែឱ្យម៉ូយនៅផ្សារគគីរ រួមទាំងឈ្មួញមកពីខេត្តព្រៃវែង និងស្វាយរៀងរូបនេះ អះអាងថា ខ្លួនយកចំណេញតែ១,០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាមពីអ្នកដាំ។ 
 
ខុសពីឈ្មួញកណ្ដាលទាំងពីរនាក់ខាងលើ អ្នកស្រី សេន ឡា ដែលមានអាយុ៤៣ឆ្នាំ រស់ក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល បានអះអាងថា ក្នុងពេលនៃការផ្ទុះកូវីដ-១៩ខ្លាំងនេះ បន្លែរបស់អ្នកស្រី លក់ដាច់ជាងពេលមុន ប៉ុន្តែដោយសារតែការរឹតបន្តឹងខ្លាំង ទើបធ្វើឱ្យចំនួនលក់ចេញមានការថយចុះ។
 
អ្នកស្រី សេន ឡា បញ្ជាក់បន្ថែមដូច្នេះ៖«តាមពិតទៅពេលកូវីដ-១៩ផ្ទុះខ្លាំង ខ្ញុំលក់បន្លែដាច់ជាងមុន គ្រាន់តែថាកាលពីគេបិទមិនឱ្យឆ្លងខេត្ត ខ្ញុំពិបាកយកបន្លែឱ្យភ្ញៀវបន្តិច។ បន្តែពេលនេះ គេបើកឱ្យឆ្លងខេត្តវិញ ប្រហែលជាងាយស្រួលជាងមុន»។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយទៀតឡើងវិញហើយ ប៉ុន្តែភូមិសាស្រ្តក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅក្នុងខេត្តកណ្ដាល និងបណ្ដាខេត្តមួយចំនួនទៀត ដែលត្រូវបានបិទខ្ទប់ មិនត្រូវបានបើកឱ្យឆ្លងកាត់ឡើយ៕ 
 



Tag:
 កណ្ដាល
  បន្លែ
  ឈ្មួញ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com