COVID-19
ជាតិ
អ្នក​ចូល​ខេត្តបាត់ដំបង ត្រូវធ្វើ​តេស្តរ​កកូ​វីដ​-១៩ បើ​សា្ន​ក់នៅ​យូរ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័កទៀត
27, Apr 2021 , 8:52 pm        
រូបភាព
អាជ្ញាធរខេត្តបាត់ដំបង់ បានដាក់ទីតាំងត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ចេញ ចូលក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចំនួន៨កន្លែង។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង ​
អាជ្ញាធរខេត្តបាត់ដំបង់ បានដាក់ទីតាំងត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ចេញ ចូលក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចំនួន៨កន្លែង។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង ​
ដោយ:
 
​អាជ្ញាធរខេត្ត​បាត់ដំបង នឹងធ្វើ​តេស្តរ​កកូ​វីដ​-១៩ និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក លើ​អ្នកដំណើរ​ដែល​វិលត្រឡប់​ទៅ​រស់នៅ ឬ​ស្នាក់នៅ​រយៈពេល​វែង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​។ ចំពោះ​អ្នកដំណើរ​ដែលមាន​លិខិត​បញ្ជា​បេសកកម្ម​របស់​ស្ថាប័ន​សាធារណៈ ឬ​អ្នកដំណើរ​ស្នាក់នៅ​តិចជាង​១​សប្តាហ៍ ក៏​នឹង​ត្រូវយក​សំណាក​ទៅ​វិភាគ​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩​ដែរ​។ នេះ​បើតាម​ខ្លឹមសារ​នៅក្នុង​សេចក្តីណែនាំ ស្តីពី​វិធានការ​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ របស់​រដ្ឋបាលខេត្ត​នៅ​យប់​ថ្ងៃទី​២៧ មេសា​នេះ​។​



​ក្រៅពី​ការ​រឹតបន្តឹង លើ​ការធ្វើដំណើរ​ចូលក្នុង​ភូមិសាស្ត្រ​ខេត្តហើយ រដ្ឋបាលខេត្ត​ក៏​ដាក់ចេញ​នូវ​បម្រាម និង​វិធាន​ការការពារ​មួយចំនួន​ផងដែរ សម្រាប់​ពលរដ្ឋ អាជីវករ អនុវត្ត នៅក្នុង​សេចក្តីណែនាំ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ រហូតដល់ ១៣​ឧសភា ឆ្នាំ​២០២១​។​
 
​រដ្ឋបាលខេត្ត​បាន​ណែ​នាំឱ្យ​ពលរដ្ឋ​ទាំងអស់ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ខណៈ​អាជីវករ ផ្សារ​ទំនើប នឹង​គ្រប់​ទីកន្លែង​លក់​ទូទាំង​អស់ មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​លក់​គ្រឿង​ស្រវឹង​ឡើយ​។ អាជ្ញាធរ ក៏​មិន​អនុ​ញ្ញា​ឱ្យមាន​ការជួបជុំ​សេព​គ្រឿង​ស្រវឹង​ផងដែរ​។ ចំពោះ​ការជួបជុំ​ការលេង​កីឡា និង​ការជួបជុំ​ផ្សេងៗ​ក៏ត្រូវ​បន្ត​ហាមឃាត់ រយៈពេល ២​សប្តាហ៍ ទៀត​ដូចគ្នា គឺ​ចាប់ពី​ថ្ងៃទី​២៩ មេសា ដល់​ថ្ងៃទី​១៣ ឧសភា​។​
 
​សម្រាប់​ការលក់​អាហារ​នៅតាម​ដងស្ទឹង​សង្កែ ចាប់ពី​ស្ពានថ្ម​ចាស់ ដល់​ស្ពាន​ថ្មី និង​ក្នុង​ផ្សារ​រាត្រី មិនត្រូវ​អនុញ្ញាតឱ្យ​ភ្ញៀវ​បរិភោគ​នៅ​កន្លែង​នោះទេ គឺអាច​លក់បាន​សម្រាប់​តែ​ការ វេច​ខ្ចប់​ប៉ុណ្ណោះ​។ ដោយឡែក​នៅតាម​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន កន្លែង​លក់​ភេសជ្ជៈ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​លក់ដូរ ត្រូវ​តម្រូវឱ្យ​អតិថិជន ឬ​អ្នក​ចូលទៅ​កាន់​ទីតាំង​របស់​ខ្លួន ត្រូវ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព​។ 
 
​សូមជម្រាបថា​ខេត្តបាត់ដំបង មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ២​នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ដ្បិត​តួលេខ​អ្នក​ឆ្លង​មិន​កម្រិត​ទាប ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​រា​ត​ដ្បា​ត​នៅក្នុង​ខេត្ត​របស់ខ្លួន កន្លងមក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានសម្រេច​បិទ​ផ្នែក​ខ្លះ​នៃ​ផ្សារ​នានា​នៅក្នុង​ទី​រួម​ខេត្ត រួមទាំង​បិទ​ផ្នែក​ខាងក្នុង​ផ្សារ មោង​ប្ញ​ស្សី​ចាស់ ក្នុងស្រុក​មោងឫស្សី  រួមទាំង​ការបិទ​ខ្ទប់​ភូមិ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ជា​បណ្ដោះអាសន្ន​ផងដែរ​។​
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ ចំនួន​១១០៦៣​នាក់ ក្នុងនោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ចំនួន​១០៥១៣ នាក់​។ អ្នក​សះស្បើយ​សរុប​មាន​៣ ៧០៤​នាក់ ក្នុងនោះ​អ្នកស្លាប់​សរុប​ឡើងដល់​៨២​នាក់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧២៧០​នាក់ ក្នុងនោះ អ្នកជំងឺ ៣២៥៤​នាក់ កំពុង​រង់ចាំ​ការ​បញ្ជូនទៅ​សម្រាក​ព្យាបាល​, អ្នកជំងឺ​១៤​នាក់ សម្រាក​ព្យាបាល​នៅផ្ទះ​។ អ្នកជំងឺ​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​នានា​៕

Tag:
 ធ្វើតេស្ត
 កូវីដ-១៩
  ងួន រតនៈ
  ចត្តាឡីស័ក
 បាត់ដំបង​
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com