COVID-19
ជាតិ
បិទ​ភូមិ​ឆ្នុកទ្រូ និង​កំពង់ព្រះ ក្នុងស្រុក​បរិបូណ៌ ២​សប្តាហ៍ ក្រោយ​មនុស្ស​៧​នាក់​ឆ្លង​កូ​វីដ​-១៩
27, Apr 2021 , 9:29 pm        
រូបភាព
កម្លាំងនគរបាលយាមកាមការធ្វើដំណើរចេញចូលរបស់ពលរដ្ឋនៅក្នុងភូមិស្ត្រឃុំឆ្នុកទ្រូ កាលពីយប់ថ្ងៃទី២៦មេសា។ រូបភាព៖ ហ្វេសប៊ុកលោក សេង ឌី នាយប៉ុស្ដ៍នគបាលឃុំឆ្នុកទ្រូ
កម្លាំងនគរបាលយាមកាមការធ្វើដំណើរចេញចូលរបស់ពលរដ្ឋនៅក្នុងភូមិស្ត្រឃុំឆ្នុកទ្រូ កាលពីយប់ថ្ងៃទី២៦មេសា។ រូបភាព៖ ហ្វេសប៊ុកលោក សេង ឌី នាយប៉ុស្ដ៍នគបាលឃុំឆ្នុកទ្រូ
 
 ​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានសម្រេច​បិទ​ខ្ទប់​ភូមិ​ឆ្នុកទ្រូ និង​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង រយៈពេល​២​សប្តាហ៍ បន្ទាប់ពី​រកឃើញ​មនុស្ស ៧​នាក់ ឆ្លង​កូ​វី​-១៩​។ ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បញ្ជាក់ថា ការបិទ​ខ្ទប់​នេះ គឺ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។ ហើយ​ការបិទ​ខ្ទប់ បណ្តោះអាសន្ន​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​។


​ក្នុង​វិធាន​ការបិទ​ខ្ទប់​នេះ ពលរដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ចេញ និង​ចូល ក្នុងភូមិ​ឆ្នុក និង​ភូមិ​កំពង់ព្រះ​នោះទេ លើកលែងតែ​ក្នុងករណី​ចាំបាច់ ដូចជា​ការធ្វើដំណើរ​ទៅ​ទិញ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ មូលហេតុ​សុខភាព​ជាបន្ទាន់ ការ​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ផ្តល់​សំណាក ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​ពេទ្យ​រដ្ឋ និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ ក្រុម​កម្លាំងប្រដាប់អាវុធ រួមទាំង​មូលហេតុ​ចាំបាច់​ផ្សេងៗ នឹងត្រូវ​បានអនុញ្ញាត​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ នេះ​បើតាម​តាម​សេចក្តី​ប្រាស​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​។ 

​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ក៏ត្រូវ​បាន​ហាមឃាត់​ដែរ លើកលែងតែ​ករណី​ជួបជុំ​ចំណោម​សមាជិកគ្រួសារ ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល ក្រុម​សមត្ថកិច្ច និង​មនុស្ស​ដែលមាន​ការចាំបាច់​ក្នុង​ការបម្រើ​ផលប្រយោជន៍​សាធារណៈជន​។ ចំណែក​ការរៀបចំ​ពិធី​បុណ្យសព ត្រូវគោរព​តាម​ការកំណត់​អាជ្ញារ​ធរមាន​សមត្ថកិច្ច​។ 

​សូមបញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន ១១០៦៣​នាក់ ក្នុងនោះ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ចំនួន​១០៥១៣ នាក់​។ អ្នក​សះស្បើយ​សរុប​មាន​៣ ៧០៤​នាក់ ក្នុងនោះ​អ្នកស្លាប់​សរុប​ឡើងដល់​៨២​នាក់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧២៧០​នាក់ ក្នុងនោះ អ្នកជំងឺ ៣២៥៤​នាក់ កំពុង​រង់ចាំ​ការ​បញ្ជូនទៅ​សម្រាក​ព្យាបាល​, អ្នកជំងឺ​១៤​នាក់ សម្រាក​ព្យាបាល​នៅផ្ទះ​។ អ្នកជំងឺ​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​នានា​៕


Tag:
 Thmeythmey
  កូ​វីដ​-១៩
  ឆ្នុកទ្រូ
  កំពង់ព្រះ
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com