អន្តរជាតិ
ពលរដ្ឋអាមេរិកដែលចាក់វ៉ាក់សាំងពេញលេញ មិនចាំបាច់ពាក់ម៉ាស់ពេលចេញក្រៅផ្ទះ
28, Apr 2021 , 10:07 am        
រូបភាព
ពលរដ្ឋអាមេរិកដែលទទួលបានវ៉ាក់សាំងពេញលេញ អាចធ្វើសកម្មភាពនៅខាងក្រៅផ្ទះដូចជាដើរហើរនិងជួបជុំមនុស្សតិចដោយមិនចាំបាច់ពាក់ម៉ាស់ឡើយ។ អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ដូចនេះក្នុងសេចក្ដីណែនាំថ្មីមួយនៅថ្ងៃទី២៧ ខែមេសា តែក៏លើកទឹកចិត្តឱ្យបន្តការពាក់ម៉ាស់ក្នុងស្ថានភាពដែលមានហានិភ័យជំងឺកូវីដ-១៩ ។ ប្រធានាធិបតី ចូ បៃឌិន ចាត់ទុកការណែនាំថ្មី ជាលទ្ធផលនៃវិធានការរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ។

 
ក្នុងសេចក្ដីណែនាំថ្មីរបស់ខ្លួន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) លើកឡើងថា បុគ្គលដែលត្រូវបានចាក់វ៉ាក់សាំងរួចរាល់ អាចដើរហើរនៅក្រៅផ្ទះ ចូលភោជនីយដ្ឋាន និងសកម្មភាពជួបជុំទ្រង់ទ្រាយតូចនៅក្រៅផ្ទះជាមួយអ្នកចាក់វ៉ាក់សាំងរួចរាល់ដូចគ្នា ឬមិនទាន់ចាក់ក៏បាន។ ប៉ុន្តែម៉ាស់គូរបន្តពាក់នៅទីសាធារណៈដែលមានមនុស្សច្រើនដូចជាកម្មវិធីកីឡា ឬក្នុងទីតាំងបិទជិតដូចជាហាងធ្វើសក់ រោងកុន និងកន្លែងបូជាសាសនាជាដើម។
 
នេះជាការកែប្រែចុងក្រោយទាក់ទងនឹងការពាក់ម៉ាស់នៅម៉ាស់នៅអាមេរិក។ កាលពីខែមីនា ប្រជាជនអាមេរិកដែលទទួលបានវ៉ាក់សាំងពេញលេញ អាចមិនពាក់ម៉ាស់ក្នុងទីតាំងបិទជិតណាមួយជាមួយអ្នកដែលទទួលវ៉ាក់សាំងដូចគ្នា។ ការបន្ធូរបន្ថយលើការពាក់ម៉ាស់នេះ ត្រូវបានមើលឃើញថា ជាលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ដែលមកទល់ពេលនេះ ប្រជាជនពេញវ័យច្រើនជាងពាក់កណ្ដាលទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។
 
លោក បៃឌិន ចាត់ទុកការវិវត្តនេះជាលទ្ធផលដែលបានមកពីការចូលរួមរបស់ពលរដ្ឋអាមេរិក។ លោកអះអាងថា ករណីឆ្លងជំងឺកូវីដ-១៩ ធ្លាក់ចុះជាលំដាប់ ហើយករណីស្លាប់ក្នុងចំណោមមនុស្សចាស់ក៏ថយចុះច្រើនដូចគ្នា ខណៈដែលការចាក់វ៉ាក់សាំងកើនឡើង។ 
 
«ប្រសិនបើអ្នកទទួលបានវ៉ាក់សាំងហើយ អ្នកអាចធ្វើសកម្មភាពច្រើនដោយសុវត្ថិភាពជាងមុនទាំងនៅក្រៅ និងនៅក្នុងទីតាំងណាមួយ។» លោក បៃឌិន បញ្ជាក់បែបនេះ មុនស្នើឱ្យប្រជាជនបន្តពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើនដូចជាកីឡដ្ឋាន និងកម្មវិធីជួបជុំទ្រង់ទ្រាយធំ។ លោកក៏នៅតែណែនាំឱ្យប្រជាជនទៅទទួលវ៉ាក់សាំងឱ្យបានច្រើនថែមទៀត។
 
អាមេរិក ប្រើវ៉ាក់សាំងបីប្រភេទក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ដែលចាក់ពីរដូស ក៏ដូចជាវ៉ាក់សាំង Johnson & Johnson ដែលចាក់តែមួយដូស។ បើតាម CDC ប្រជាជនអាមេរិកប្រមាណ២៩ភាគរយទទួលបានវ៉ាក់សាំងពេញលេញ ហើយក្នុងជិតពាក់កណ្ដាលនៃចំនួននេះ ទទួលវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលត្រូវចាក់ពីរដូស៕
 
 
 
 
 
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com