កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Hazard ប្ដេជ្ញាជួយ Real យកឈ្នះ Chelsea នៅជើងទី២ ក្រោយស្មើ ១-១ នៅជើងទី១
28, Apr 2021 , 11:41 am        
រូបភាព
Eden Hazard រីករាយដែលបានលេងតទល់នឹងមិត្តភក្តិនៅពេលប៉ះក្រុមចាស់ Chelsea ក្នុងការប្រកួត Champions League ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលស្មើជាមួយ Real Madrid ១-១។ Hazard ដែលចូលលេងបានតែជាង២០នាទីចុងក្រោយ អះអាងថានឹងរកជ័យជម្នះឱ្យ Real Madrid នៅជើងទី២ឱ្យបាន។


នាជំនួបជើងទី១នៅទីលានហ្វឹកហាត់ Alfredo Di Stefano នៅរាត្រីថ្ងៃទី២៧ ខែមេសា ខ្សែបម្រើ Christian Pulisic បានជួយឱ្យ Chelsea រកគ្រាប់នាំមុខមុននៅនាទី១៤ មុនពេល Karim Benzema ស៊ុតតាមស្មើឱ្យក្រុម Real Madrid វិញនៅ១៥នាទីបន្ទាប់។
 
តោខៀវដែលជាក្រុមភ្ញៀវមានឱកាសរកគ្រាប់បាល់ជាច្រើនគ្រាប់បន្តបន្ទាប់ទៀត តែធ្វើមិនបានសម្រេច។ ខ្សែប្រយុទ្ធ Timo Werner ខកខានឱកាសនៅមុខទីដល់ទៅ២លើក ឯប្រធានក្រុម Cesar Azpilicueta ក៏មិនអាចសម្រេចទីសម្រាប់ឱកាសមាសរបស់ខ្លួនផងដែរ។ បញ្ចប់ការប្រកួតជើងទី១ក្រុមម្ចាស់ផ្ទះស្តេចស ស្មើជាមួយ Chelsea ១-១។
 
ក្នុងជំនួបនេះ Hazard អតីតខ្សែបម្រើឆ្នើមរបស់ Chelsea ក៏មានវត្តមានសម្រាប់ Real Madrid ផងដែរក្រោយញំាញីដោយសាររបួស ប៉ុន្តែជាកីឡាករបម្រុង។ កីឡាករអន្តរជាតិប៊ែលហ្ស៊ិកដែលផ្ទេរពីតោខៀវទៅក្លិបយក្សអេស្ប៉ាញ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃជាង១០០លានដុល្លារនេះបានប្តូរចូលជំនួស Vinicius Junior នៅនាទី៦៦។
 
បើទោះមិនអាចជួយអ្វីបាននៅជំនួនជើងទី១នេះ Hazard ដែលជឿជាក់ថានឹងសះស្បើយពេញលេញវិញ នឹងរកជ័យជម្នះឱ្យក្រុមលោក Zinedine Zidane ឱ្យបានសម្រាប់ជំនួបជើងទី២នៅ Stamford Bridge។
 
Hazard បានប្រាប់ទូរទស្សន៍ BT Sport ថា៖« យើងត្រូវទៅអង់គ្លេសដើម្បីព្យាយាមឈ្នះការប្រកួត។ វាល្អណាស់ក្នុងការលេងជាមួយមិត្តភក្តិនៅទីនោះ ប៉ុន្តែឥឡូវខ្ញុំជាកីឡាកររបស់ Real Madrid ខ្ញុំគ្រាន់តែចង់ឈ្នះប៉ុណ្ណោះ។ ប៉ះ Chelsea ឬក្រុមផ្សេងទៀតដូចតែគ្នាទេ គឺយើងត្រូវការឈ្នះ»។ 
 
តាមរយៈលទ្ធផល ១-១ នេះ មានន័យថាក្រុមលោក Thomas Tuchel មានប្រៀបជាងក្រុមគូប្រជែងនៅជើងទី២ ដែលត្រូវធ្វើនៅទឹកដីខ្លួន។ Chelsea ដែលមានទុនគ្រាប់បាល់ចំណេញក្រៅដីមួយគ្រាប់ ធ្វើយ៉ាងណាទប់ឱ្យត្រឹមលទ្ធផល ០-០ នៅជើងទី២ នឹងទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕
 

Tag:
 Eden Hazard
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com