COVID-19
ជាតិ
អបអរសាទរ! អ្នកជំងឺជាង៨០០នាក់ ដែលសម្រាកព្យាបាលនៅកោះពេជ្រ បានជាសះស្បើយ
28, Apr 2021 , 12:29 pm        
រូបភាព
អ្នកជំងឺ២នាក់ ដែលជាសះស្បើយ ថតរូបជាមួយគ្រូពេទ្យ មុនចេញពីមណ្ឌលព្យាបាលកោះពេជ្រយ។ រូបភាព៖ ហ្វេសប៊ុកឈ្មោះ Panha Hong
អ្នកជំងឺ២នាក់ ដែលជាសះស្បើយ ថតរូបជាមួយគ្រូពេទ្យ មុនចេញពីមណ្ឌលព្យាបាលកោះពេជ្រយ។ រូបភាព៖ ហ្វេសប៊ុកឈ្មោះ Panha Hong
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៨៣៤នាក់ ដែលបានព្យាបាលនៅមណ្ឌលព្យាបាលកោះពេជ្រ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះហើយ កាលពីយប់ថ្ងៃទី ២៧ មេសា។ អ្នកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្ដេចតេជោ (TYDA)  បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនដូច្នេះ។


នេះជាតួលេខអ្នកជាសះស្បើយ ដ៏ខ្ពស់មួយ និងក៏ជាសញ្ញាល្អ សម្រាប់ការទទួលអ្នកជំងឺកូវីដ-១៩ ជាង៣ពាន់នាក់ទៀត  ដែលនៅរង់ចាំការបញ្ជូនទៅកន្លែងព្យាបាល គិតត្រឹមថ្ងៃទី២៧មេសានោះ។
 
តាមអ្នកស្រី ពេជ ចន្ទមុន្នី អ្នកដែលជាសះស្បើយទាំងនេះ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃបន្ថែមទៀត ជាមួយនឹងការអនុវត្តន៍តាមដំបូន្មានរបស់គ្រូពេទ្យ និងត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ខ្លួន។
 
គិតត្រឹមថ្ងៃទី២៧មេសា កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុប ១១,០៦៣នាក់ ក្នុងនោះចំនួន ១០,៥១៣នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើងដល់ ៨២នាក់ ៕
 
 
 

Tag:
 ThmeyThmey25
  កូវីដ-១៩
  កោះពេជ្រ
  ភ្នំពេញ
  ពេជ ចន្ទមុន្នី
© រក្សាសិទ្ធិដោយ thmeythmey.com