COVID-19
ជាតិ
នយោបាយជាតិ
តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី មួយទៀត ពីបទរារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ របស់រដ្ឋ រូបពី AFP
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស ពីបទរារាំងដល់ការអនុវត្តវិធានការ និងញុះញង់បង្កឱ្យមានភាពវឹកវរបង្កអសន្តិសុខក្នុងសង្គម ។ នេះបើតាមដីការបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ មេសា។
តាមរយៈដីកាចាប់ខ្លួននេះ លោក ពេជ្រ វិជ្ជាធរ បានបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិឱ្យផ្ដន្ទាទោស តាមមាត្រា១១នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ និងតាមមាត្រ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
«បទល្មើសដែលចោទប្រកាន់ ជាបទដែលតម្រូវឱ្យជាប់ពន្ធនាគារ»។ នេះបើតាមចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាឱ្យកងកម្លាំងចាប់ខ្លួនលោក សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់។
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ មាត្រា១១នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។ បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀល ប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ។
ការចោទប្រកាន់របស់តុលាការ និងចេញដីកាចាប់ខ្លួននេះ ធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេស កាកបាទក្រហមអន្តរជាតិ និង កម្មវិធីចំណីអាហារពិភពលោក ផ្តល់ជំនួយបន្ទាន់ ជាស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ មេសា។ លោក សម រង្ស៊ី បានពន្យល់ថា ការបិទខ្ទប់ទីក្រុងទាំង៣ ដ៏តឹងរឹងជ្រុលហួសហេតុនេះ បាននាំមកនូវទុក្ខលំបាកយ៉ាងខ្លាំង រហូតដល់ទុរ្ភិក្ស សម្រាប់ប្រជាពលរដ្ឋរងគ្រោះ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង រងបទចោទជាបន្តបន្ទាប់ មិនក្រោម១០ករណីនោះទេ ហើយបើបូកសរុបពីទោសនីមួយៗនោះ មេដឹកនាំប្រឆាំងរដ្ឋាភិបាលរូបនេះ អាចជាប់ពន្ធនាគាររហូតដល់រាប់សិបឆ្នាំទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com