ជាតិ
សេដ្ឋកិច្ច
លោក តៃ សុង សម្រេចចិត្តភ្ជួរសាលាដចោល ១ហិកតា ព្រោះគ្មានអ្នកទិញ
28, Apr 2021 , 8:29 pm        
រូបភាព
ដោយ:
កសិករ តៃ សុង ដែលដាំដុះសាលាដនៅស្រុកស្អាង ខេត្តកណ្ដាល បានសម្រេចចិត្តភ្ជួរសាលាដចោល ព្រោះគ្មានទីផ្សារ។ លោក សុង ប្រាប់សារព័ត៌មាន ThmeyThmey25 នៅថ្ងៃទី២៧ ខែមេសាថា កន្លងទៅលោកបានភ្ជួរចោលកន្លះហិកតាហើយ ២ទៅ៣ថ្ងៃខាងមុខ គ្រោងភ្ជួរចោល បន្ថែមកន្លះហិកតាទៀត។

 
លោក តៃ សុង ជាកសិករដាំសាលាដ១៥ឆ្នាំមកហើយ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។ ការដាំបន្លែចម្រុះ និងបន្លែសាលាដ ជាមុខរបរដ៏ពេញនិយមសម្រាប់កសិករ ស្ថិតក្នុងឃុំទឹកវិល ស្រុកស្អាង។ លោក តៃ សុង បានចំណាយដើមទុនចំនួន ៨លានរៀល ដើម្បីដាំសាលាដ ១ហិកតា ប៉ុន្តែដល់រដូវប្រមូលផលនេះ មិន មានឈ្មួញចុះទៅទិញសាលាដ និងបន្លែផ្សេងៗនោះទេ ព្រោះឈ្មួញមិនអាចដឹកជញ្ជូនទៅទីផ្សារបាន។
 
 កសិករវ័យ៣៥ឆ្នាំរូបនេះ ក៏មានបំណងចែកសាលាដទាំងនេះ ឲ្យអ្នកដែលខ្វះខាតដែរ ប៉ុន្តែអ្នកជិតខាងសុទ្ធតែដាំបន្លែដូចគ្នា ហើយបើអ្នកឆ្ងាយវិញ ពិបាកក្នុងការធ្វើដំណើរ។ លោក សុង រៀបរាប់ប្រាប់ ThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ទាំងសាលាដ និងបន្លែផ្សេងៗគ្មានអ្នកទិញនោះទេ។ ខ្ញុំបានភ្ជួរសាលាដចោលអស់កន្លះហិកតាហើយ ២ ទៅ៣ថ្ងៃទៀត ខ្ញុំនឹងភ្ជួរចោលកន្លះហិកតាទៀត។ បើមានបងប្អូនណាត្រូវការសាលាដ អាចមកកាត់យកបានមិនគិតប្រាក់នោះទេ»។


រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង 
 បញ្ហាបន្លែគ្មានទីផ្សារមិនមែនជារឿងថ្មីនោះទេ សម្រាប់កសិករគ្រប់រូបដែលបានជួបប្រទះ រួមទាំងលោក តៃ សុងផងដែរ។ លោកបានអះអាងបែបនេះ៖«វាមិនមែនជារឿងថ្មីនោះទេ សម្រាប់ខ្ញុំដែលត្រូវភ្ជួរសាលាដចោល។ កាលមិនទាន់មានបញ្ហាកូវីដ-១៩ ខ្ញុំក៏ធ្លាប់ភ្ជួរចោលដែរ នៅពេលសាលាដគ្មានទីផ្សារ ឆ្នាំខ្លះខ្ញុំភ្ជួរចោល៣ដងក៏មាន»។
 
សម្រាប់ទីផ្សារសាលាដរបស់កសិករ ក្នុងស្រុកស្អាង ខេត្តកណ្ដាល អាចលក់បានតម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ កន្លងមកតម្លៃសាលាដ ដែលទាបបំផុត អាចលក់បានត្រឹម ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
ដ្បិតបញ្ហាទីផ្សារនៅតែជាក្ដីព្រួយបារម្ភសម្រាប់កសិករ តែលោក សុង មិនគិតចង់បោះបង់របរកសិកម្មនោះឡើយ ព្រោះតែរបរនេះបានផ្គត់ផ្គង់គ្រួសារលោក អស់ជាច្រើនឆ្នាំមកហើយ។ ការរាលត្បាតនៃជំងឺកូវីដ-១៩ សព្វថ្ងៃមិនត្រឹមតែសាលាដនោះទេ ដែលគ្មានទីផ្សារ បន្លែស្ទើរគ្រប់មុខរបស់កសិករក្នុងឃុំទឹកវិល មិនមានទីផ្សារនោះទេ រួមទាំងដំណាំអំពៅរបស់លោក តៃ សុង ចំនួន ៧៥អា និងស្លឹកខ្ទឹមចំនួន ៣ហិកតាទៀត។


រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង 
 
បើតាមលោក តៃ សុង ក្រោយសាលាដ១ហិកតា គ្មានទីផ្សារត្រូវភ្ជួរចោល អំពៅចំនួន ៧៥អា របស់លោកនឹងត្រូវភ្ជួរចោលដែរ ដើម្បីហាលដីសម្រាប់ដាំបន្លែក្នុងរដូវវស្សានេះ។ លោក សុង បានបន្ថែមថា ស្លឹកខ្ទឹមនៅមានទីផ្សារគ្រាន់បើ ដែលអាចលក់បានតម្លៃ ១ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
រដ្ឋាភិបាល បានសម្រេចបន្ថែមថ្ងៃបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលរហូតដល់ថ្ងៃទី៥ ខែឧសភា ដោយសារស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅភូមិសាស្ត្រិនេះ មិនទាន់ថមថយនៅឡើយ។ ការចរាចរណ៍ចេញ-ចូលភ្នំពេញ ត្រូវបានរឹតបន្តឹង ហើយផ្សារចែកចាយបន្លែធំៗ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានផ្អាកបណ្ដោះអាសន្នដែរ៕


រូបភាពទាំងអស់ផ្ដល់ដោយលោក តៃ សុង 
 
 

Tag:
 សាលាដ
 កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com