ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បារម្ភបញ្ហាអង្គែឡើងខ្លាំងពេញស្បែកក្បាល? កុំរំលងម្សៅ Baking soda
01, Jun 2021 , 10:29 pm        
រូបភាព
ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេម្សៅ Baking soda មានប្រសិទ្ធភាពដោះស្រាយបញ្ហាអង្គែបានយ៉ាងឆាប់រហ័ស។ ប្រើប្រាស់បែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីប្រើប្រាស់ម្សៅ Baking soda កម្ចាត់អង្គែ ៖

 
១. ទឹកខ្មេះផ្លែប៉ោម និងម្សៅ Baking soda
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាកាហ្វេជាមួយទឹកខ្មេះផ្លែប៉ោមចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេល ២ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
 
២. ម្សៅ Baking soda និងទឹក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ចំនួន ២ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ រួចកូរឱ្យសព្វ សឹមម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី និងទុកចោលសម្រាប់រយៈពេល ៥ នាទី ហើយលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ពេលងូតទឹក។
 
៣. ម្សៅ Baking soda និងទឹកក្រូចឆ្មារស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ លាងសម្អាតចេញតាមក្រោយជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។
 
៤. ម្សៅ Baking soda និងខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយទឹកខ្ញីស្រស់ ១ស្លាបព្រាកាហ្វេ។ អ្នកអាចបន្ថែមទឹកធម្មតាចូលបន្តិច ប្រសិនបើគិតថាខាប់ពេក។ កូរឱ្យសព្វចូលគ្នា បន្ទាប់មកសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៥. ម្សៅ baking soda និងប្រេងអូលីវ
 
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងអ្នកត្រូវកម្ដៅប្រេងអូលីវ​ឱ្យក្ដៅឧណ្ហៗបន្តិចសិន បន្ទាប់មកចាក់វាចូលលាយជាមួយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ រួចបន្ថែមម្សៅ Baking soda ១ស្លាបព្រាបាយចូល។ កូរឱ្យសព្វ រួចសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន រួចសឹមប្រើប្រាស់ទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com