កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នៅតែជឿជាក់នាំ PSG ទៅវគ្គបន្ទាប់ ទោះចាញ់ Man City
29, Apr 2021 , 10:33 am        
រូបភាព
Neymar នៅតែមានជំនឿចិត្តក្នុងការនាំ Paris Saint-Germain ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើង Manchester City ២-១ នៅជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


 
«យើងបានបាត់បង់សមរភូមិ ប៉ុន្តែសង្រ្គាមនៅតែបន្ត»។ នេះជាការអះអាងរបស់តារាឆ្នើម Neymar ដោយបង្ហាញពីការជឿជាក់លើកក្រុមយក្សបារាំង នឹងយកឈ្នះលើក្រុម Man City នៅជើងទី២ ដើម្បីបានកៅអីកាន់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ខណៈរដូវកាលមុនទទួលបានត្រឹមរងជើងឯក។
 

ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២៨ ខែមេសា នាកីឡដ្ឋាន  Parc des Princes ក្រុមភ្ញៀវ Man City រកបានជ័យជម្នះក្នុងលទ្ធផល ២-១។ ពីរគ្រាប់របស់ក្រុមលោក Pep Guardiola ធ្វើបានដោយការវាយបកពីសំណាក់ខ្សែបម្រើ Kevin De Bruyne នៅនាទី៦៤ និង Riyad Mahrez នាទី៧១ បន្ទាប់ពី Marquinhos រកបានគ្រាប់នាំមុខឱ្យ PSG នៅនាទី១៥។
ក្រោយចប់ការប្រកួត ហើយក្រុមទទួលបានត្រឹមខកចិត្តនៅផ្ទះខ្លួនឯង ខ្សែបម្រើសញ្ជាតិប្រេស៊ីល Neymar នៅតែបង្ហាញការជឿជាក់លើ PSG ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី Mauricio Pochettino។
 
កីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនថ្លៃជាងគេលោករូបនេះ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖« យើងបានចាញ់សមរភូមិ ប៉ុន្តែសង្គ្រាមជាមួយ Man City នៅតែបន្ត។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ។ ខ្ញុំជឿថាយើងនឹងអាចធ្វើបានល្អជាងនេះនៅជើងទី២»។
 
យ៉ាងណាក៏ដោយ តាមរយៈបរាជ័យនេះនឹងមិនមានភាពងាយស្រួលនោះទេសម្រាប់ PSG ដើម្បីត្រឡប់ទៅអង់គេ្លសវិញនោះ។ ក្រុមបារាំងបានរបូតគ្រាប់ចំណេញក្រៅដី២គ្រាប់ ដែលនេះមានន័យថាក្រុមមេឃខៀវធ្វើយ៉ាងណាទប់ឱ្យបានត្រឹមស្មើប៉ុណ្ណោះនៅជើងទី២ នោះពួកគេនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រមិនខាន។ ជំនួបជើងទី២ នឹងធ្វើឡើងនៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃទី៤ ខែឩសភា ឆ្នាំ២០២១៕
 

Tag:
 Neymar
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com