អន្តរជាតិ
យោធាមីយ៉ាន់ម៉ា វាយប្រហារតាមផ្លូវអាកាសលើក្រុមប្រដាប់អាវុធជនជាតិភាគតិច
29, Apr 2021 , 12:10 pm        
រូបភាព
ទាហានរបស់ជនជាតិភាគតិចKaren មានវត្តមាននៅក្បែរកន្លែងមួយដែលឆាបឆេះ។ រូបភាព៖ Reuters
ទាហានរបស់ជនជាតិភាគតិចKaren មានវត្តមាននៅក្បែរកន្លែងមួយដែលឆាបឆេះ។ រូបភាព៖ Reuters
យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមេសា បានវាយប្រហារតាមផ្លូវអាកាសនៅក្នុងថ្ងៃទីពីរ លើដែនដីរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េន និងជនជាតិភាគតិចមួយចំនួន។ ការវាយប្រហាររបស់ក្រុមយោធានេះ ជាការឆ្លើយតបនឹងក្រុមប្រដាប់អាវុធ ដែលបានបំផ្លាញមូលដ្ឋានយោធាមីយ៉ាន់ម៉ាមួយកន្លែងនៅក្បែរតំបន់ព្រំដែនមីយ៉ាន់ម៉ាថៃ។

 
 
នៅថ្ងៃទី២៧ ខែមេសា ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen បានគ្រប់គ្រងបន្ទាយទាហានមួយកន្លែង នៅលើជ្រោយទន្លេ Salween ហើយថែមទាំងដុតបន្ទាយនោះចោលថែមទៀត។ ជាការសងសឹក ក្រុមយោធាមីយ៉ាន់ម៉ា បានវាយប្រហារតាមផ្លូវអាកាសលើក្រុមការ៉េនវិញ។ 
 
នៅថ្ងៃទី២៨ ខែមេសា សំឡេងបាញ់គ្រាប់កាំភ្លើង និងគ្រាប់បែកផ្ទុះ ត្រូវបានបន្លឺឡើងនៅភាគខាងជើងនៃតំបន់ប៉ះទង្គិចគ្នាលើជ្រោយទន្លេ Salween ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២៨ ខែមេសា លោក Sithichai Jindaluang អភិបាលខេត្ត Mae Hong Son របស់ថៃដែលនៅជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា បានលើកឡើងថា ទាហានមីយ៉ាន់ម៉ា បានបើកការវាយប្រហារ ដើម្បីការពារមូលដ្ឋានទ័ពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមមន្ត្រីថៃរូបនេះ យន្តហោះយោធាមីយ៉ាន់ម៉ាចំនួនពីរគ្រឿង បានបើកការវាយប្រហារលើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េនតាមផ្លូវអាកាស ដោយបាញ់គ្រាប់កាំភ្លើងពីលើអាកាស និងគ្រាប់រ៉ុក្កែតផងដែរនៅក្នុងអំឡុងពេលថ្ងៃត្រង់។ 
 
ចំណែកក្រុមប្រដាប់អាវុធការ៉េន ក៏បានបញ្ជាក់ពីការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ាលើតំបន់ខ្លួនគ្រប់គ្រងដែរ។ បើតាមមន្រ្តីកិច្ចការបរទេសរបស់ជនជាតិភាគតិចការ៉េន លោក Padoh Saw Taw Nee លើកឡើងថា ការវាយប្រហារតាមផ្លូវអាកាសមិនមែនជាវិធីដ៏ល្អក្នុងការសងសឹកឡើយ។ លោកក៏បានរិះគន់លើក្រុមយោធាមីយ៉ាន់ម៉ាចំពោះការវាយប្រហារលើតំបន់ ដែលមានប្រជាជនរស់នៅ។ 
 
«ពួកគេត្រូវដាក់គោលដៅលើយោធា ប៉ុន្តែឥឡូវនេះ យើងឃើញប្រជាជនស៊ីវិល ក៏រងគ្រោះផងដែរ»។ លោក Padoh Saw Taw Nee បានលើកឡើងបែបនេះ។ 
 
ស្របគ្នានេះ ក្រុមយោធាមីយ៉ាន់ម៉ា ក៏បានវាយប្រហារតាមផ្លូវអាកាសលើក្រុមកងទ័ពឯករាជ្យកាឈិន (KIA) នៅក្នុងរដ្ឋកាឈិន ផងដែរ។ លោក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈិនអះអាងថា ការវាយប្រហារនោះ បានបង្កឱ្យមានអ្នកស្លាប់ទាហានទាំងសងខាង។ 
 
រីឯនៅក្នុងរដ្ឋឈិនឯណោះវិញ  ក្រុមយោធា បានប៉ះទង្គិចជាមួយក្រុម កងកម្លាំងការពារ Chinland (CDF) ផងដែរ។ ការប៉ះទង្គិចនេះ បានធ្វើឱ្យទាហានមីយ៉ាន់ម៉ាចំនួន ១៥នាក់ បានបាត់បង់ជីវិត។ 
 
សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងក្រុមយោធា និងជនជាតិភាគតិច បានធ្វើឱ្យប្រជាជនជាច្រើនម៉ឺននាក់ ធ្វើចំណាកស្រុក ដើម្បីរកកន្លែងសុវត្ថិភាព។ គ្រាន់តែ ការវាយប្រហារតាមផ្លូវអាកាសលើក្រុមជនជាតិភាគតិចការ៉េន នៅខែមីនាកន្លងទៅ ប្រជាជនប្រមាណ ២៤០០០នាក់បានភៀសខ្លួនចូលទៅក្នុងព្រៃ ឬទៅព្រំដែនថៃ ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេស៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  ក្រុមប្រដាប់អាវុធជនជាតិភាគតិចv
© រក្សាសិទ្ធិដោយ thmeythmey.com