ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តកំពង់ធំ បិទផ្សារសេរីស្ទោង និងបិទខ្ទប់ភូមិលាបទង ក្រោយមានពលរដ្ឋឆ្លងកូវីដ-១៩
29, Apr 2021 , 2:26 pm        
រូបភាព
លោក សុខ លូ អភិបាលខេត្តកំពង់ធំ
លោក សុខ លូ អភិបាលខេត្តកំពង់ធំ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចបិទផ្សារសេរីស្ទោង ដែលស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង  ព្រមទាំងបិទខ្ទប់ភូមិលាបទង នៅក្នុងឃុំកំពង់ចិនត្បូងផងដែរ ជាបណ្តោះអាសន្ន ក្រោយអាជីវករម្នាក់នៅផ្សារនោះ និងពលរដ្ឋមួយចំនួនទៀត ក្នុងតំបន់នោះបានឆ្លងជំងឺកូវីដ-១៩។


រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ដើមឡើយមានបុរសម្នាក់ក្នុងភូមិលាបទង ស្រុកស្ទោងបានឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែមុនបុរសនោះឆ្លង គឺបុរសរូបនោះបានជូនម្តាយរបស់ខ្លួនជាមួយនឹងសមាជិកគ្រួសារចំនួន៣នាក់ទៀត ទៅព្យាបាលទៅមន្ទីរពេទ្យកេតុមាលា កាលពីថ្ងៃទី៨ ខែមេសា។  លុះដល់ថ្ងៃទី១៩ ខែមេសា ម្តាយរបស់ពួកគេក៏ទទួលមរណភាព។ ប៉ុន្តែម្តាយរបស់ពួកគេ ក៏បានធ្វើតេស្តជំងឺកូវីដ-១៩ ហើយលទ្ធផលគឺអវិជ្ជមានកូវីដ-១៩។ ដោយសារលទ្ធផលអវិជ្ជមានបែបនេះហើយ ទើបក្រុមគ្រួសាររបស់លោក បានរៀបចំពិធីបុណ្យសព។ 
 
នៅថ្ងៃទី២៣-២៦ ខែមេសា បុរសរូបនោះ បានទៅលាងឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាម។ ដោយមានអាការសង្ស័យ គ្រូពេទ្យខេត្តសៀមរាប បានយកសំណាកតេស្តរកកូវីដ-១៩   ហើយក៏មានលទ្ធផលវិជ្ជមានវីដ-១៩។ 
 
អាជ្ញាធរបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយនឹងបុរសរូបនោះចំនួន១០៤នាក់នៅក្នុងខេត្តកំពង់ធំ ហើយក្នុងចំណោមនោះ គឺមានមនុស្ស១៣នាក់វិជ្ជមានកូវីដ-១៩។
 
អាជ្ញាធរខេត្តកំពង់ធំ បានអំពាវនាវដល់ពលរដ្ឋដែលមានជាប់ពាក់ព័ន្ធ ទៅធ្វើតេស្តជំងឺកូវីដ-១៩នៅសាលាបឋមសិក្សាព្រះនាង និងធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍នៅផ្ទះ។
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួនជាង១,១ម៉ឺននាក់ហើយ អ្នកស្លាប់កើនដល់៨៨នាក់ និងអ្នកជាសះស្បើយមាន៤៦៩៨នាក់ហើយ៕ 
 
 

Tag:
 អាជីវករ
 បិទផ្សារស្ទោង
 បិទភូមិ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com