ជ្រើសរើស​គូជីវិត​មាន​លក្ខណសម្បត្តិ​បែបណា ទើប​ប្រសើរ ? ​
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជ្រើសរើស​គូជីវិត​មាន​លក្ខណសម្បត្តិ​បែបណា ទើប​ប្រសើរ ? ​
30, Apr 2021 , 6:59 am        
រូបភាព
ការ​ជ្រើសរើស​គូស្រករ​ជា​បញ្ហា​សំខាន់ ដែល​គ្រប់​គ្នា​តែង​ពិនិត្យ​ហ្មត់ចត់ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ទទួលយក​នរណា​ម្នាក់​។ មាន​កត្តារួម​ផ្សំ និង​លក្ខណសម្បត្តិ​ជា​ច្រើន​ជួយ​ឲ្យ​ស្នេហា​មួយ​អាច​ដំណើរការ​ដោយរ​លួ​ន​ទៅ​បាន ។ ជា​ការ​ពិត ពេល​ដែល​ត្រូវ​សម្លឹង​រក​អ្នក​ណា​ម្នាក់​ជា​គូ ការ​ពិនិត្យ​តែ​រូបរាង​ខាងក្រៅ មិន​គ្រប់គ្រាន់​ទេ ។

 
ភាព​ទាក់ទាញ​នៃ​រូប​សម្រស់ ជា​កត្តា​ដំបូង មុន​នឹង​ឈាន​ដល់​ស្វែង​យល់ចិត្ត​គ្នា តែ​ក៏​ត្រូវ​គិត​ទៀត​ថា ការ​យក​គ្នា​ជា​គូ​អនាគត មាន​ន័យ​ថា​អ្នក​នឹង​រួមរស់​ជាមួយ​គ្នា​តទៅ រូប​សម្រស់​មិន​បាន​ឋិតថេរ​ទេ មាន​តែ​ចិត្តគំនិត​ទេ ដែល​មិន​ចេះ​សឹក​រេច​ល​ទៅ​តាម​អាយុកាល ។
ដូចនេះ​តើ​មនុស្ស​មានចិត្ត​គំនិត និង​លក្ខណសម្បត្តិ​បែប​ណាខ្លះ ដែល​អ្នក​នឹង​អាច​យក​គ្នា​ជា​គូ​អ​នា​ត​បាន ?
 
១.​មានគំនិត​សុទិដ្ឋិនិយម​:
ការ​គិត និង​យល់​ឃើញ​ត្រូវ ឈាន​ដល់​ការ​ប្រព្រឹត្ត​ត្រូវ ។ ជា​ការ​ប្រពៃ​ណាស់​បើ​អ្នក​អាច​រកបាន​គូជីវិត​ដែល​បាន​គំនិត​បែប​នេះ ព្រោះថា​គ្រូ​សារ​មួយ​មាន​ក្តី​សុខ​បាន លុះត្រាតែ​អ្នក​ទាំង​ពីរ​យល់ចិត្ត​គ្នា ចេះ​យកអាសារ មិន​មើលបំណាំ​គ្នា និង​ទុកចិត្ត​គ្នា​ទៅ​មក ។  សកម្មភាព​បែប​នេះ បាន​បង្ហាញ​ថា អ្នក​ពិតជា​ស្រឡាញ់ និង​មាន​ឆន្ទ​:​ក្នុង​ដំណើរ​ជីវិត​រួម​គ្នា​ដោយ​ពិតប្រាកដ ។ 
 
២.​ទំនាក់ទំនង​ល្អ​:
ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងែ​តែង​មាន​ប្រាស្រ័យ​ទាក់ទង​គ្នា ទាំង​ក្នុង​គ្រួសារ ញាតិ​មិត្ត និង​ជាមួយ​មនុស្ស​ទូទៅ ហើយ​ការ​រក្សា​ទំនាក់ទំនង​ល្អ​នឹង​ជួយ​ឲ្យ​ជីវិត​បាន​ប្រសើរ រីករាយ ព្រោះ​អាច​បំពេញតម្រូវការ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​មាន​ហេតុការណ៍​ណា​មូ​យ ។ យ៉ាងណាមិញ​ភាព​ជា​ទាំង​ប្តី  ប្រពន្ធ ប្រៀប​បាន​ដូច​ជា​ចាន​នៅ​ក្នុង​រាវ តែង​ប៉ះទង្គិច​គ្នា​ជា​ធម្មតា ចៀស​ពុំ​រូ​ច​ឡើយ ហើយ​អ្នក​ដែល​ចេះ​អធ្យាស្រ័យ គេ​មិន​ងាយ​ប្រកាន់​រឿង​បន្តិចបន្តួច​នោះ​ឡើយ ព្រោះ​គេ​យល់​ច្បាស់​ពីសារ​:​សំខាន់​នៃ​ទំនាក់ទំនង​ល្អ ។ ដូចនេះ​បើ​បាន​ជូ​ប​បុគ្គល​ដែល​ចេះ​អត់អោន និង​អធ្យាស្រ័យ​បែ​នេះ​ហើយ ចូរ​កុំ​រំលង ។ 
 
៣.​គិតគូ និង​យកចិត្តទុកដាក់​:
មិន​ថា​កាល​:​ទេស​:​ណា អ្នក​ដែល​ស្រឡាញ់​គ្នា​ពិត តែង​រួមសុខទុក្ខ យកចិត្តទុកដាក់​ថែរក្សា និង​ពួតដៃគ្នា ដើម្បី​ជំនះ​ឧបសគ្គ​ចំពោះ​មុខ ។ ទោះជា​មាន​បញ្ហា​តូច ឬ​ធំ​តែង​ព្រួយបារម្ភ និង​គិតគូរ​ពី​គ្នា​ជា​និច្ច ។ អ្នក​ដែល​មាន​ទឹកចិត្ត​បែប​នេះ​កម្រ​រកបាន​ណាស់ លក្ខណ​:​បែប​នេះ​ទើប​ហៅ​ថា​ជា​ក្តី​ស្រឡាញ់​ពិតប្រាកដ និង​អាច​រួមរស់​ជាមួយ​គ្នា​បាន ។
 
៤.​មាន​ភាព​ចាស់ទុំ និង​ទំនួល​ខុស​ត្រូវ​:    
បុគ្គល​ដែល​ចេះ​ដឹង​ខុស​ត្រូវ ធ្វើ​អ្វីមួយ​ដោយ​ភាព​ជាក់ច្បាស់ មាន​ទំនួល​ខុស​ត្រូវ​រាល់​ការងារ នោះ​ចាត់ទុកជា​ឲ​បុគ្គល​ប្រសើរ ។ គេ​ជា​មនុស្ស​ចេះ​ដឹង​ការ​រាក់​ជ្រៅ  យល់​ដឹង​កិច្ចការ​បាន​ច្រើន និង​មាន​ភាព​នឹងធឹង មានគំនិត​ចាស់ទុំ ។
 
៥.​ស្មោះត្រង់ និង​សុចរិត​:
ភាព​សុចរិត ទៀងត្រង់ ស្តែង​ចេញ​ឲ្យ​ឃើញ​ពី​ភាព​ថ្លៃ​ថ្នួ​រ​របស់​មនុស្ស ។  ចំពោះ​ស្នេហា​វិញ ភាព​ស្មោះត្រង់​ចំពោះ​គ្នា​ពិតជា​មាន​ន័យ​យ៉ាង​លើសលប់​ក្នុង​ការ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​បាន​ស្ថិតស្ថេរ ហើយ​សេចក្តីសុខ​ពិតប្រាកដ​ក្នុង​គ្រូ​សារ នឹង​កើត​មាន ។ ពេល​ចង់​បង្កើត​គ្រូ​សារ​មួយ អ្នក​ណា​ក៏​ប្រាថ្នា​បាន​គូជីវិត​ដែល​ស្មោះត្រង់​បែប​នេះ​ដែរ តែ​មិនមែន​ឲ្យ​គេ​ស្មោះត្រង់​តែ​ម្ខាង ហើយ​ខ្លួនឯង​វៀចវេរ​នោះ​ទេ ត្រូវ​មាន​ភក្តីភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ។
 
៦.​ចុះសម្រុង​គ្នា​:
មិន​ទាមទារ​ឲ្យ​មានចិត្ត​គំនិត​ដូច​គ្នា​ពេក​ទេ ត្រឹមតែ​ចេះ​សម្រប​គ្នា​នោះ​ជា​ការ​ប្រសើរ ។ មាន​បញ្ហា​ខ្លះ​ទោះ​មិន​យល់​ស្របគ្នា មាន​ទស្សន​:​ផ្សេង​គ្នា​ក៏​ពិតមែន តែ​ត្រូវ​ចេះ​សម្រប​គ្នា ស្វែងរក​ចំណុច​ត្រូវ​គ្នា​មួយ ដែល​អាច​ទទួលយក​បាន​ទាំង​សងខាង​។ បុគ្គល​ដែល​មិន​យក​ការ​ឈ្នះ​ចាញ់ ជា​រឿង​សំខាន់ ហើយ​ចេះ​ស្វែងរក​ដំណោះស្រាយ​ដ៏​សមរម្យ​ចំពោះ​គ្នា នោះ​ទើប​ជា​គូ​ដែល​អាច​រួមរស់​ជាមួយ​គ្នា​រហូត​ទៅ​បាន​។ 
 
ដូចនេះ​ហើយ ប្រសិនបើ​អ្នក​ដាក់ចិត្ត​ថា​នឹង​ចាប់ផ្តើម​ក​សារ​គ្រួសារ​មួយ ហើយ​ស្វែងរក​គូជីវិត​ដ៏​ប្រសើរ មាន​ន័យ អាច​រស់នៅ​ជា​មូ​យ​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មាន​ក្តី​សុខ ត្រូវ​សម្លឹង​មើលចិត្ត​គំនិត​របស់​គេ​ជា​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com