ជាតិ
អាជីវករ និងបុគ្គលិករង្គសាល ១៨៧នាក់នៅខេត្តព្រះសីហនុ វិជ្ជមានកូវីដ-១៩
29, Apr 2021 , 5:39 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ រកឃើញករណីវិជ្ជមានចំនួន ១៨៧នាក់ ដែលជាការឆ្លងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ។ក្នុងនោះ អ្នកវិជ្ជកូវីដ-១៩ ចំនួន ៦២នាក់ ស្ថិតនៅក្នុងតំបន់ក្រហម។ គិតត្រឹមថ្ងៃទី២៨ ខែមេសា ខេត្តព្រះសីហនុ មានអ្នកជំងឺ១,៦៤០នាក់ ជាសះស្បើយចំនួន ៦៦៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៩៦៧នាក់។

 
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន១៨៧នាក់នេះ មាន១០៦នាក់ ជាបុគ្គលិកបម្រើការងារ នៅទីក្រុងរស្មីមង្គល ដែលមានទីតាំងនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រៅពីនេះ អ្នកវិជ្ជមានចំនួន ១៤នាក់ផ្សេងទៀត ជាអាជីវករផ្សារលើ រួមទាំងពលរដ្ឋផ្សេងទៀត ដែលរស់នៅក្នុងសង្កាត់ទី១ ទី២ ទី៣ និង៤។ 
 
បច្ចុប្បន្ន រដ្ឋបាលខេត្ត ក៏កំពុងយកសំណាកពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម សង្កាត់លេខ៤ ដែលមានភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ ក្រុងព្រះសីហនុ។ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានបញ្ជាក់ថា តំបន់ក្រហមនេះ កំពុងរីករាលដាលខ្លាំង។ លោក ភារម្យ មិនទាន់អាចបញ្ជាក់ពីទិន្នន័យអាចឆ្លងកូវីដ-១៩ នៅតំបន់ក្រហមខាងលើនេះឡើយ។
 
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មានThmeythmey តាមទូរសព្ទដូច្នេះថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម មានចំនួន ៣ម៉ឺននាក់
« ចំពោះការយកសំណាកបងប្អូនក្នុងតំបន់ក្រហមខ្ញុំមិនអាចដឹងថាចំនួនប៉ុន្មានថ្ងៃនោះឡើយ។ ដោយឡែកគឺផ្អែកទៅលើការអញ្ជើញមកផ្តល់សំណាករបស់ពលរដ្ឋផ្ទាល់ ព្រោះអ្នកខ្លះគាត់មានការភ័យខ្លាចមិនទាន់ហានមកផ្តល់សំណាក»។ នេះបើតាមលោក សុខឡេង។
 
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋ ដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩
ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រញាប់ទៅផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១២៦៤១ករណី ក្នុងនោះ ១២០៩០ ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ៤៩៨៦នាក់។ អ្នកជំងឺសរុប មានចំនួន ៨១១៥ នាក់ ក្នុងនោះមានអ្នកសម្រាកព្យាបាលនៅផ្ទះនៅសល់ ១២នាក់ ខណៈមានអ្នកជំងឺចំនួន ៤៦៧១នាក់ នៅរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល៕
 
 

Tag:
 កូវីដ-១៩
  រដ្ឋបាលខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com