ជាតិ
CYN រកឃើញបទល្មើសព្រៃឈើជាង១០០ករណីនៅព្រះវិហារ ប៉ុន្តែក្រសួងថា ក្រុមនេះ ប្រើយុទ្ធសាស្ត្រសុំជំនួយ
29, Apr 2021 , 6:59 pm        
រូបភាព
ទីតាំងកាប់បំផ្លាញព្រៃឈើដែល CYN រកឃើញនៅព្រៃព្រះរការ (រូបពី CYN)
ទីតាំងកាប់បំផ្លាញព្រៃឈើដែល CYN រកឃើញនៅព្រៃព្រះរការ (រូបពី CYN)
ភ្នំពេញ៖ សមាគមបណ្ដាញយុវជនកម្ពុជា (CYN) រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាង១០០ករណីបន្ថែមទៀត នៅដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេ្តព្រះវិហារ។ ប៉ុន្តែក្រសួងបរិស្ថានចាត់ទុកការរកឃើញនេះ គ្រាន់តែជាការដើររាប់គល់ឈើ ដើម្បីធ្វើរបាយការណ៍ ទទួលលុយពីម្ចាស់ជំនួយ។

 
CYN បានសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៧មេសា  ពីការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ១១៣ករណីទៀត ក្នុងដែនជម្រកសត្វព្រៃព្រះរការ ។ CYN បានសង្កត់ធ្ងន់ថា ដើមឈើដែលកាប់បំផ្លាញ ភាគច្រើនជាដើមសុក្រំ កកោះ ឈើទាល ជាដើម។ ការរកឃើញនេះ គឺប្រើពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី២៩និង៣០មីនាកន្លងមក។ 
 
តាមរយៈទិន្នន័យរកឃើញនេះ លោក សាន់ ម៉ាឡា មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃCYN បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការកាប់បំផ្លាញព្រៃឈើជាង២០០ករណីនេះ បង្ហាញឱ្យឃើញពីកើនឡើងជាបន្តបន្ទាប់នៃបទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ ក៏ដូចជាតំបន់ផ្សេងៗ ខណៈដែលកម្ពុជាកំពុងរាតត្បាតកូវីដ-១៩។ លោក ម៉ាឡា បញ្ជាក់ថា បទល្មើសព្រៃឈើកើនឡើង ចាប់តាំងពីក្រសួងបរិស្ថានរារាំងអង្គការសង្គមស៊ីវិល សមាគមក្នុងស្រុក និងសហគមន៍មូលដ្ឋាន មិនឱ្យចូលរួមល្បាតតំបន់ខាងលើនេះ។ បើតាមលោក ម៉ាឡា ការកើនឡើងករណីកាប់ឈើនេះ គឺឆ្លុះបញ្ចាំងពីការអសមត្ថភាពរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ។ 


 
ជុំវិញការណីរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើនេះ លោក នេត្រា ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានចាត់ទុកថា ជាការរាប់គល់ឈើដើម្បីធ្វើរបាយការណ៍ស្វែងរកជំនួយ និងបំពេញចិត្តម្ចាស់ជំនួយប៉ុណ្ណោះ។ 
 
អ្នកនាំពាក្យរូបនេះបញ្ជាក់ប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៨មេសានេះថា៖ «អង្គការសង្គមស៊ីវិលមួយចំនួនកំពុងប្រើប្រាស់ពលរដ្ឋនៅក្នុងសហគមន៍ដើម្បីដើររាប់គល់ឈើធ្វើរបាយការណ៍ស្វែងរកប្រាក់ជំនួយ។ ពួកគេចាំបាច់ត្រូវធ្វើសកម្មភាពផ្សេងៗដើម្បីបំពេញចិត្តម្ចាស់ជំនួយ បើពុំនោះទេ គេនឹងដកប្រាក់យកទៅវិញ ហើយពួកគេនឹងគ្មានថវិកាបើកប្រាក់ខែឱ្យបុគ្គលិក គ្មានថវិកាដំណើរការអង្គការរបស់ពួកគេ»។ 
 
បើតាមលោក នេត្រ ភក្ត្រា គល់ឈើដែលCYNរាប់ធ្វើជារបាយការណ៍ មានខ្លះជាគល់ឈើចាស់ៗដែលនៅសល់ពីមុន និងមួយចំនួនទៀត ជាដើមច្បោះជ័ររបស់ពលរដ្ឋ ដែលបានស្នើសុំដកហូត ដើម្បីប្រើប្រាស់ស្របតាមច្បាប់។ ចំណែកគល់ឈើមួយចំនួនទៀត គឺមន្ត្រីអនុវត្តច្បាប់ក្រសួងបរិស្ថាន បានចាប់ពីជនល្មើស និងបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចហើយ។ លោក  នេត្រា ភក្រ្តា ចាត់ទុករបាយការណ៍របស់ CYN គ្មានតម្លៃសម្រាប់ក្រសួងបរិស្ថានពិចារណាទៀតឡើយ វាគ្រាន់តែជារបាយការណ៍រកជំនួយប៉ុណ្ណោះ។ 
 
លោក សាន់ ម៉ាឡា មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃCYN យល់ការការលើឡើងរបស់លោក នេត្រា ភក្រ្តា ជាការគេចវេះ មិនទទួលស្គាល់ការអសមត្ថភាពក្នុងការបំពេញការងាររបស់មន្ត្រី។ លើសពីនេះ លោកក៏ចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ជាការលាបពណ៌ និងធ្វើទុក្ខបុកម្នេញដល់សង្គមស៊ីវិលនិងសកម្មជនបរិស្ថាន។ 
 
«ការលើឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលថាក្រុមយើងរាប់គល់ឃើញឬធ្វើអ្វីមួយ ដើម្បីបានលុយជំនួយ គឺជាការដោះសារគេចវេះពីការទទួលខុសត្រូវ មិនទទួលស្គាល់ចំណុចខ្វះនៃការអនុវត្តការងារគ្មានប្រសិទ្ធភាពរបស់តែប៉ុណ្ណោះ...។អ្វីដែលយើងបានធ្វើគឺបម្រើដល់ប្រយោជន៍ជាតិនិងសង្គមទាំងមូល យើងក៏មានសិទ្ធិចូលរួមការពារព្រៃស្របតាមច្បាប់ដែរ»។ នេះបើតាមកាលើកឡើងរបស់លោក សាន់ ម៉ាឡា ដោយបន្ថែមថា បច្ចុប្បន្នក្រុមអ្នកការពារព្រៃឈើបរិស្ថាន កំពុងរងការរឹតត្បឹតសិទ្ធិសេរីភាព ចោទប្រកាន់ និងធ្វើទុក្ខបុកម្នេញ។ 


 
យ៉ាងណាក៏ដោយ លោក នេត្រា ភក្រ្តា អះអាងថា ក្រសួងនឹងគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅពីការអនុវត្តច្បាប់ចំពោះសកម្មជន ឬសមាគម និងអង្គការណាមួយ ដែលបន្តធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ដែលបំពានច្បាប់ក្នុងតំបន់ការពារធម្មជាតិ រាប់ទាំងជនល្មើសធនធានធម្មជាតិផងដែរ។ 
 
លោកសង្កត់ធ្ងន់ថា ស្ថានភាពនៃធនធានធម្មជាតិនៅកម្ពុជា មិនអាក្រក់ដូចក្រុមសកម្មជននយោបាយមួយក្តាប់តូច ដែលតែងតែលាបពណ៌ បំភ្លៃ តាមរយៈការរៀបចំធ្វើយុទ្ធនាការផ្សេងៗ ដែលជាការធ្វើអាជីវកម្ម រកលុយរបស់អង្គការសង្គមស៊ីវិលខ្លះ ដើម្បីបង្គ្រប់កិច្ចចាយប្រាក់នៃគម្រោងនីមួយៗ ដោយសារខ្លាចម្ចាស់ជំនួយដកប្រាក់ទៅវិញទេ។ «ដើម្បីបានថវិកាសម្រាប់អនុវត្តគម្រោងទៅឆ្នាំក្រោយទៀត សង្គមស៊ីវិលទាំងនេះត្រូវចេះធ្វើរបាយការណ៍បែបអវិជ្ជមានលើការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងធ្វើពុតជាជនរងគ្រោះនៃទង្វើបំពានច្បាប់ និងការមិនគោរពច្បាប់របស់ពួកគេខ្លួនឯង»។នេះជាការលើកឡើងរបស់លោក ភក្ត្រា។
 
CYN បានបង្ហាញក្តីបារម្ភអំពីវាសនារបស់ដែនជម្រកសត្វព្រៃព្រះរការម្ដងហើយម្ដងទៀត ដែលកំពុងដើរខិតទៅរកការវិនាសយ៉ាងសន្សឹមៗគួរឱ្យសង្វេគ ដោយប្រឈមទៅនឹងការផុតពូជប្រភេទឈើកម្រនិងមានតម្លៃ ដែលបណ្តាលមកពីរកាប់បំផ្លាញ និងការឆ្ការព្រៃឈើដោយខុសច្បាប់។ CYN ស្នើសុំឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យ និងពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព ព្រមទាំងបើកចំហ សម្រាប់សកម្មជនព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន អាចចូលរួមធ្វើកិច្ចការល្បាត អភិរក្ស និងថែរក្សាព្រៃឈើ ស្របទៅតាមបញ្ញត្តិនៃច្បាប់។ 
 
សូមជម្រាបថា អង្គការគ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) បានរកឃើញថា កម្ពុជាបានរងនូវការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ និងបាត់បង់ព្រៃឈើអស់ជាងកន្លះលានហិកតា ក្នុងមួយទស្សវត្សចុងក្រោយនេះ ។ ការរងគ្រោះនៃការកាប់បំផ្លាញព្រៃឈើនេះ ដោយសាររាជរដ្ឋាភិបាលវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនឯកជន ការផ្តល់ដីសម្បទាន សង្គមកិច្ច និងគម្រោងស្ដារព្រៃឈើឡើងវិញ បូករួមទាំងសកម្មភាព កាប់ឈើខុសច្បាប់ ដែលបានធ្វើឱ្យបាត់បង់ព្រៃឈើ រួមទាំងតំបន់ដែនជម្រកសត្វព្រៃព្រះរកានេះផងដែរ៕ 
 
 

Tag:
 ព្រៃឈើ
  ព្រៃព្រះរការ
  ខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com