អន្តរជាតិ
លោក បៃឌិន៖ អាមេរិកស្វាគមន៍ការប្រកួតប្រជែងជាមួយចិន
29, Apr 2021 , 7:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
អាមេរិក ស្វាគមន៍ការប្រកួតប្រជែងជាមួយចិនជាជាងការបង្កជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី២៨ ខែមេសា (ម៉ោងនៅអាមេរិក) បានសង្កត់ធ្ងន់បែបនេះ ដោយផ្តាំប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថា លោកនឹងការពារផលប្រយោជន៍អាមេរិក នៅគ្រប់កន្លែងទាំងអស់។

 
តាមរយៈសុន្ទកថាទៅកាន់សភាអាមេរិក លោកប្រធានាធិបតីបានលើកឡើងពីបញ្ហាជាច្រើនដូចជា កូវីដ-១៩ ការងើបឡើងនៃសេដ្ឋកិច្ចអាមេរិក និងបញ្ហាផ្សេងទៀត។ ក្នុងនោះ លោក បៃឌិន ក៏បានលើកឡើងពីការប្រកួតប្រជែងរវាងចិន និងអាមេរិកផងដែរ។ 
 
«អាមេរិក ស្វាគមន៍ការប្រកួតប្រជែងជាមួយចិន»។ ប្រធានាធិបតីអាមេរិក បានលើកឡើងច្បាស់ៗបែបនេះទៅកាន់សមាជិកសភាអាមេរិក។ ក្នុងន័យនេះ ក្រុងវ៉ាស៊ីនតោនមិនមែនចង់រករឿង ឬចង់បង្ករឿងជាមួយក្រុងប៉េកាំងឡើយ។ ជាមួយគ្នានេះ លោក បៃឌិន បានបន្តថា អាមេរិក នឹងប្រឆាំងជាមួយការអនុវត្តប្រព័ន្ធពាណិជ្ជកម្មមិនយុត្តិធម៌ ដែលបន្ទាបតម្លៃពលកម្មកម្មករ និងឧស្សាហកម្មអាមេរិក  តាមរយៈការលួចបច្ចេកវិទ្យាអាមេរិក និងកម្មសិទ្ធិបញ្ញា។ 
 
ក្នុងសុន្ទរកថាដដែលនេះ លោក បៃឌិន ក៏បានផ្តាំទៅប្រធានាធិបតីចិន ស៊ី ជិនភីងផងដែរថា អាមេរិក នឹងបន្តរក្សាវត្តមានកងទ័ពដ៏ខ្លាំងរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក ដូចអ្វីដែលអាមេរិក បានធ្វើរៀបចំបក្សសម្ព័ន្ធណាតូ (NATO) នៅអឺរ៉ុប ដើម្បីទប់រុស្ស៊ីដែរ។ បើតាមប្រធានាធិបតីអាមេរិក ការរក្សាកម្លាំងទ័ពអាមេរិកបែបនេះ គឺជាការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នោះ។ 
 
លើសពីនេះ ប្រធានាធិបតីអាមេរិកវ័យ ៧៨ឆ្នាំរូបនេះ ក៏បានចង្អុលបង្ហាញពីគោលដៅរបស់លោក ស៊ី ដែលជាប្រធានាធិបតីចិនផងដែរ។ «គាត់ពិតជាចង់ក្លាយជាមនុស្សសំខាន់បំផុត និងប្រទេសដ៏ពិសេសមួយនៅលើពិភពលោក»។ លោកបៃឌិន បានបញ្ជាក់បែបនេះ។ 
 
ក្រៅពីបញ្ហាទំនាក់ទំនងជាមួយចិន លោកបៃឌិនថែមទាំងលើកឡើងពីលទ្ធិប្រជាធិបតេយ្យ និងការគ្រប់គ្រងបែបផ្តាច់ការផងដែរ។ បើតាមលោកប្រធានាធិបតី ការគ្រប់គ្រងបែបផ្តាច់ការនឹងមិនឈ្នះឡើយនៅពេលអានាគត ប៉ុន្តែអាមេរិក ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទៅវិញទេ ដែលជាអ្នកឈ្នះ។ ការលើកឡើងបែបនេះ ទំនងជាឌឺដងដាក់ចិន និងរុស្ស៊ី៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com