ជាតិ
តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺបើកដំណើរការឡើងវិញ តែគ្មានទេសចរ
29, Apr 2021 , 7:59 pm        
រូបភាព
ដោយ:
តំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ ប្រវត្តិសាស្ត្រ និងផ្សងព្រេងទាំងអស់  ក្នុងខេត្តកំពង់ស្ពឺ បានបើកដំណើរការឡើងវិញ ក្រោយពីមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ។ ដ្បិតបើកដំណើរការពិតមាន ប៉ុន្តែគ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តនេះ នៅមានសភាពស្ងាត់ជ្រងំ គ្មានវត្តមានភ្ញៀវទេសចរនោះទេ។



ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុប១៥កន្លែង។ តំបន់ទេសចរណ៍ដែលមានភាពល្បីល្បាញមានដូចជាទឹកធ្លាក់ជ្រាវ, ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ, ភ្នំខ្នងផ្សារ និងភ្នំឱរ៉ាល់។ បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ទីតាំងទេសចរទាំងនោះ មិនទាន់មានភ្ញៀវទេសចរដើរកម្សាន្តនោះទេ។
 
លោក វ៉ី សំណាង បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « អត់ទាន់មានឃើញអ្នកហ៊ានដើរលេងទេ អ៊ីចឹងមានន័យថាបងប្អូនយើងគាត់បានជ្រួតជ្រាបពីបញ្ហាកូវីដ-១៩ ហើយតាមភោជនីយដ្ឋាន មានភ្ញៀវតែពេលព្រឹកនិងពេលថ្ងៃ ហើយពេលល្ងាចអត់មានភ្ញៀវទេ »។ 
 
សម្រាប់សណ្ឋាគារ និងកន្លែងស្នាក់នៅទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ក៏មិនទាន់មានភ្ញៀវស្នាក់នៅផងដែរ។ ចំណែករមណីយដ្ឋាន ក៏មិនសូវមានអាជីវករលក់ដូរ ដូចមុនឡើយ។ នេះបើតាមអភិបាលខេត្តកំពង់ស្ពឺ។


 
ទោះមិនទាន់មានភ្ញៀវទេសចរ ដើរកម្សាន្តក្នុងខេត្ត ប៉ុន្តែអភិបាលខេត្តកំពង់ស្ពឺ នៅបន្តផ្សព្វផ្សាយពីការការពារជំងឺកូវីដ-១៩ នៅតាមរមណីយដ្ឋានទាំងអស់។ មិនតែប៉ុណ្ណោះរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏នៅបន្តអនុវត្តបំរាមគោចរណ៍ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ៥ភ្លឺ ដូច្នេះការកម្សាន្ត និងការលក់ដូរពេលរាត្រី ក៏មិនមានសកម្មភាពផងដែរ ។
 
គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចពីការបើករមណីយដ្ឋាន នៅទូទាំងប្រទេស និងអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងខេត្ត លើកលែងតំបន់បិទខ្ទប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១៕ 
 



Tag:
 ThmeyThmey25
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com