អន្តរជាតិ
ចិន អនុម័តច្បាប់ប្រឆាំងការខ្ជះខ្ជាយអាហារ
29, Apr 2021 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
សភាចិន នៅថ្ងៃទី២៩ ខែមេសា បានបោះឆ្នោតអនុម័តច្បាប់ប្រឆាំងនឹងការខ្ជះខ្ជាយអាហារនៅក្នុងប្រទេសដែលជាគោលនយោបាយមួយរបស់ប្រធានាធិបតី ស៊ី ជិនភីង ។ ការអនុម័តច្បាប់នេះ នឹងជួយឱ្យចិនសន្សំបានអាហារជាច្រើនពាន់គីឡូក្រាមក្នុងមួយៗឆ្នាំ។

 
នៅក្នុងការស្រាវជ្រាវទូទាំងប្រទេសរបស់សភាប្រជាជនចិន ក្នុងមួយឆ្នាំៗ ចិនតែងតែចោលអាហារប្រមាណ ១៨ពាន់លានគីឡូក្រាម។ មិនតែប៉ុណ្ណោះ ៣៥ពាន់លានគីឡូក្រាមនៃគ្រាប់ធញ្ញជាតិ បានជ្រុះ ឬបាត់បង់ ក្នុងអំឡុងពេលស្តុកទុក ដឹកជញ្ជូន និងដំណើរការកែឆ្នៃជាដើម។ 
 
ដើម្បីសន្សំអាហារ ឬគ្រាប់ធញ្ញជាតិទាំងនោះ មិនឱ្យបោះចោល ឬបាត់បង់ ចិនបានបោះឆ្នោតអនុម័តច្បាប់ប្រឆាំងការខ្ជះខ្ជាយអាហារ ក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍សភាប្រជាជនចិននៅថ្ងៃទី២៩ ខែមេសានេះ។ ច្បាប់នេះ នឹងចូលជាធរមាននៅពេលប្រកាសឱ្យប្រើប្រាស់ដោយប្រធានាធិបតី ស៊ី ជិនភីង ។ 
 
តាមការចុះផ្សាយទីភ្នាក់ងារព័ត៌មានចិន Xinhua ក្រោមច្បាប់ថ្មី ហាងលក់អាហារ អាចគិតថ្លៃបន្ថែមពីភ្ញៀវដែលបរិភោគអាហារសល់ក្នុងបរិមាណដ៏ច្រើន ប៉ុន្តែតម្លៃពិន័យលើអាហារ ដែលសល់នោះ ត្រូវបានកំណត់ឱ្យបានច្បាស់លាស់ និងបង្ហាញឱ្យភ្ញៀវបានដឹង។ ការបញ្ជាទិញអាហារលើសលប់ ឬសកម្មភាពដែលនាំឱ្យមានការខ្ជះខ្ជាយ សុទ្ធតែប្រឈមមុខនឹងទោស។
 
ការអនុម័តច្បាប់នេះ នឹងជួយឱ្យចិនអាចសន្សំបរិមាណអាហារ រួមទាំងគ្រាប់ធញ្ញជាតិបានជាច្រើន ស្របពេលបណ្តាប្រទេសមួយចំនួន កំពុងប្រឈមនឹងវិបត្តិសន្តិសុខស្បៀង។ ម្យ៉ាងវិញទៀត ការសន្សំអាហារ និងគ្រាប់ធញ្ញជាតិទាំងនោះ ក៏ជួយសន្សំថវិកាចិន និងការនាំចូលពីបរទេសផងដែរ។ ក្នុងបរិបទកូវីដ-១៩ បែបនេះ ចិនត្រូវការពារសុវត្ថិភាពស្បៀងអាហារសម្រាប់ប្រជាជនខ្លួន ជាជាងនាំចូលអាហារក្លាសេ ដែលអាចជាប់កូរ៉ូណាវីរុសមកជាមួយ។ 
 
គួររំលឹកថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី  បានប្រកាសង្រ្គាមប្រឆាំងនឹងការខ្ជះខ្ជាយអាហារ។ បើតាមលោក ស៊ី សុវត្ថិភាពនៃស្បៀងអាហារ ជាមូលដ្ឋានដ៏សំខាន់សម្រាប់សន្តិសុខជាតិ។ ក្នុងន័យនេះ ចិនត្រូវតែការពារ និងកែច្នៃផលិតកម្មម្ហូបអាហារ ការពារកសិករ និងអនុវត្តគោលនយោបាយគាំទ្រកសិកម្មចិនជាដើម។ 
 
លើសពីនេះ ប្រមុខរដ្ឋចិន ក៏បានអំពាវនាវឱ្យប្រជាជនចិន ត្រូវចាប់ផ្តើមយុទ្ធនាការបរិភាគអាហារឱ្យអស់ពីចាន និងលើកទឹកចិត្តឱ្យប្រជាជន កុំចោលអាហារដែលអាចបរិភោគបាន ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀង៕ 
 

Tag:
 ចិន
  ច្បាប់ប្រឆាំងការខ្ជះខ្ជាយអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com