កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកចូលរួមអូឡាំពិកតូក្យូ តម្រូវឱ្យធ្វើតេស្តរកកូវីដ-១៩ រាល់ថ្ងៃ
29, Apr 2021 , 9:29 pm        
រូបភាព
អត្តពលិកទាំងអស់ដែលទៅចូលរួមការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវទទួលការធ្វើតេស្តរកកូវីដ-១៩ រៀងរាល់ថ្ងៃជាប្រចាំ។ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូប្រកាសដូច្នេះនៅថ្ងៃទី២៨ ខែមេសា។ អ្នករៀបចំ មិនទាន់សម្រេចចិត្តនៅឡើយទេ ជុំវិញការអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡានេះ ដោយត្រូវរង់ចាំដល់ខែមិថុនា ស្របពេលកូវីដ-១៩ កើនឡើងកាន់តែខ្លាំង។



ដំបូងឡើយ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ តម្រូវឱ្យអត្តពលិកធ្វើតេស្ត រៀងរាល់ ៤ ថ្ងៃម្តងប៉ុណ្ណោះ ដោយមើលឃើញថាជំងឺរាតត្បាតហាក់ថមថយបន្តិចទៅហើយ។
ស្របពេលនៅសល់ត្រឹមរយៈពេលជិត៣ខែ នឹងដល់ពិធីបើកព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ ស្រាប់តែស្ថានភាពអាសន្នបានកើតឡើងជាថ្មីនៅទឹកដីជប៉ុន បន្ទាប់ពីមានការឆ្លងកូវីដ-១៩ រាលដាលយ៉ាងច្រើន។
 
ដោយមើលឃើញថាជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិជំងឺជាថ្មី អ្នករៀបចំក៏បានសម្រេចផ្លាស់ប្តូរទម្រង់ថ្មីវិញ ដោយធ្វើតេស្តអត្តពលិកពី៤ថ្ងៃម្តង មករៀងរាល់មួយថ្ងៃម្តងវិញ ដើម្បីធានាពីសុវត្ថិភាពកីឡាករ មន្ត្រី និងអ្នកពាក់ព័ន្ធអំឡុងការប្រកួត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ដោយឡែក សម្រាប់ការសម្រេចចុងក្រោយក្នុងការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ឬក៏អត់នោះ ត្រូវបានពន្យាពេលវិញផងដែរ។ ខណៈអ្នកគាំទ្រពីក្រៅប្រទេសត្រូវបានរារាំងរួចហើយ ពេលនេះជប៉ុនទំនងជាត្រូវកម្រិតចំនួនអ្នកគាំទ្រក្នុងស្រុកបន្ថែមទៀតទៅក្នុងកីឡដ្ឋាន។ ការសម្រេចចុងក្រោយអាចនឹងធ្វើឡើងមួយខែមុនពេលពិធីបើកអូឡាំពិកនៅថ្ងៃទី២៣ ខែកក្កដា។
 
លោកស្រី Seiko Hashimoto ប្រធានកីឡាអូឡាំពិកតូក្យូ បង្ហាញក្តីបារម្ភកាន់តែខ្លាំង ប្រសិនបើមានការអនុញ្ញាតឱ្យអ្នកគាំទ្រចូលពេញកីឡដ្ឋាន។ លោកស្រីប្រធានបានប្រាប់អ្នកយកព័ត៌មានថា៖ «សុវត្ថិភាព និងសន្តិសុខគឺជាអាទិភាព។ ដើម្បីបញ្ជៀសបញ្ហានេះ យើងត្រូវតាមមើលស្ថានការណ៍ និងពិចារណាឱ្យបានដិតដល់ ដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិកឱ្យដំណើរការដោយសុវត្ថិភាព»។ 
 
ជប៉ុន ដែលបានប្រកាសតំបន់មួយចំនួនមានទីក្រុងតូក្យូ និងអូសាកាស្ថិតក្នុងស្ថានភាពអាសជាថ្មី បានកើនចំនួនអ្នកឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ គិតត្រឹមថ្ងៃទី២៩ ខែមេសានេះ ជប៉ុនមានករណីឆ្លងកូវីដ-១៩សរុបជាង៥៧ម៉ឺននាក់ហើយ ក្នុងនោះស្លាប់ជាង១ម៉ឺននាក និងសះស្បើយជាង៥០ម៉ឺននាក់៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com