ជាតិ
លទ្ធភាពទទួលទេសចរដែលចាក់វ៉ាក់សាំងកូវីដ-១៩ រួច ស្ថិតក្នុងគម្រោងនៅឡើយ
× ក្រសួងទេសចរណ៍ កំពុងសិក្សាពីលទ្ធភាពទទួលភ្ញៀវទេសចរ ដែលមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចមកដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ការសិក្សានេះធ្វើឡើង ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយមានភាពដុនដាបដោយសារជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍មិនទាន់អាចបញ្ជាក់បានទេថា គម្រោងនេះ នឹងមានលទ្ធភាពធ្វើបានកម្រិតណា។
ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចមកដើរកម្សាន្តនៅកកម្ពុជាបាននៅត្រីមាសទី៤ ក្នុងឆ្នាំ២០២១ ក្រសួងទេសចរណ៍ត្រូវសិក្សាពីការធ្វើចត្តាឡីស័ក ឬមិនធ្វើចត្តាឡីស័ករបស់ភ្ញៀវទេសចរ ជាមួយក្រសួងសុខាភិបាល។ បើតាមលោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ គម្រោងនេះមិនទាន់មានការអនុម័តជាផ្លូវការណាមួយនោះទេ ដោយស្ថិតក្នុងដំណាក់កាលពិភាក្សា ជាអន្តរក្រសួង។
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍
លោក តុប សុភ័ក្ត្រ ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ «យើងគ្រោងនឹងនាំយកទេសចរ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ រួចមកកម្ពុជា មិនមែនតែខេត្តសៀមរាបមួយនោះទេ គឺមានគោលដៅទេសចរណ៍ផ្សេងៗទៀត គ្រាន់ថា សៀមរាបជាគោលដៅធំបំផុត»។ គម្រោងនេះ ក៏នឹងជំរុញទេសចរឱ្យទៅកម្សាន្តនៅតំបន់ឆ្នេរ ភូមិភាគឦសាន និង សហគមន៍អេកូទេសចរណ៍ធម្មជាតិផងដែរ។
ក្រសួងទេសចរណ៍ នឹងសម្លឹងមើលទីផ្សារទេសចរអន្តរជាតិ មកពីប្រទេសដែលមានហានិភ័យនៃជំងឺកូវីដ-១៩ទាប។ ជុំវិញបញ្ហានេះ លោក តុប សុភ័ក្ត្រ លើកឡើងថា កម្ពុជាមិនទាន់អាចកំណត់ថាប្រទេសមួយណាដែលមានអតិភាពមកដើរកម្សាន្តនៅកម្ពុជានៅឡើយទេ ដោយត្រូវការកិច្ចសហការទ្វេភាគី ពីប្រទេសនីមួយៗជាមុនសិន។
ដើម្បីឱ្យកម្ពុជាក្លាយជាទិសដៅទេសចរណ៍ សម្រាប់ភ្ញៀវបរទេស កម្ពុជាត្រូវសាងទំនុកខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍។ ការពង្រឹងគុណភាព និងតម្លៃក៏ជាកត្តាសំខាន់សម្រាប់ទាក់ទាញទេសចរផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកតុប សុភ័ក្រ្ត។
សូមជាជម្រាបផងដែរថា ដើម្បីស្ដារវិស័យទេសចរណ៍ ដែលដុនដាបដោយសារជំងឺកូវីដ-១៩ រដ្ឋាភិបាលបានអនុម័យផែនទីចង្អុលផ្លូវ(Road map) ស្ដារទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តកូវីដ-១៩ និងផែនការមេអភិវឌ្ឍខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១លាននាក់ ធ្លាក់ចុះរហូតដល់ ៨០ ភាគរយ ខណៈទេសចរជាតិមានចំនួន ៩លាននាក់ ដែលទិន្នន័យនេះមានការធ្លាក់ចុះ ២០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com