អន្តរជាតិ
ចិនតបទៅលោកបៃឌិន ៖ លទ្ធិប្រជាធិបតេយ្យ មិនមែនជាផលិតផលផ្តាច់មុខរបស់ប្រទេសណាឡើយ
30, Apr 2021 , 2:55 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin។ រូបភាពក្រសួងការបរទេសចិន
លទ្ធិប្រជាធិបតេយ្យ ជាតម្លៃសម្រាប់មនុស្សជាតិទាំងអស់ ប៉ុន្តែវាមិនមែនជារបស់ផ្តាច់មុខរបស់ប្រទេសតែមួយឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅប្រធានាធិបតីអាមេរិក ចូ បៃឌិន បែបនេះ នៅថ្ងៃទី២៩ ខែមេសា។ ជាមួយគ្នានេះ ក្រុងប៉េកាំង ក៏បានលើកឡើងថា ការប្រកួតប្រជែងតែងតែមានជាធម្មតារវាងប្រទេសទាំងពីរ ប៉ុន្តែ ត្រូវតែធ្វើឡើយដោយយុត្តិធម៌។


 
 
នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាក្នុងថ្ងៃទី២៨ ខែមេសា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងពីលទ្ធិប្រជាធិបតេយ្យ និងការដឹកនាំបែបផ្តាច់។ លោកនិយាយថា ការដឹកនាំបែបផ្តាច់ការ នឹងមិនអាចឈ្នះលទ្ធិប្រជាធិបតេយ្យនៅថ្ងៃអនាគតឡើយ។ 
 
បើតាមលោក បៃឌិន ប្រធានាធិបតីចិន និងជនផ្តាច់ការផ្សេងទៀត បានគិតថា លទ្ធិប្រជាធិបតេយ្យមិនអាចប្រជែងជាមួយរបបផ្តាច់ការបានទេ ហើយអាមេរិកនឹង បង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅតែអាចទៅមុខបានដដែល។ ឆ្លើយតបនឹងប្រធានាធិបតីអាមេរិក ក្រសួងការបរទេសចិន បានអះអាងថា លទ្ធិប្រជាធិបតេយ្យគួរតែកំណត់ដោយប្រជាជន និងមិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយទេ។ 
 
«លទ្ធិប្រជាធិបតេយ្យ ជាតម្លៃសម្រាប់មនុស្សជាតិទាំងអស់ ប៉ុន្តែវាមិនមែនជាផលិតផលផ្តាច់មុខរបស់ប្រទេសតែមួយឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា។ 
 
បើតាមអ្នកនាំពាក្យចិន ការព្យាយាមបំពាក់លទ្ធិប្រជាធិបតេយ្យលើប្រទេសដទៃ ឬព្យាយាមដឹកនាំពិភពលោក ដោយប្រើឈ្មោះ «លទ្ធិប្រជាធិបតេយ្យ» គឺមិនអស្ចារ្យឡើយ។ ផ្ទុយទៅវិញ វាជាការប្រមាថ និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ និងថែមទាំងនាំឱ្យពិភពលោកចែកចេញជាពីរថែមទៀត។
 
 
លោក Wang ក៏បានបន្ថែមពីការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទួលស្គាល់ថា ការប្រកួតប្រជែងគឺតែងតែកើតមានរវាងចិន-អាមេរិក និងជារឿងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែការប្រកួតប្រជែងនោះ គួរតែមានលើវិស័យមួយចំនួន និងត្រូវតែធ្វើឡើងដោយយុត្តិធម៌។ 
 
ក្នុងន័យនេះ ក្រសួងការបរទេសចិន សង្កត់ធ្ងន់ថា វាជាការប្រកួតប្រជែងដើម្បីភាពប្រសើឡើង ប៉ុន្តែមិនមែនជាការបំបាក់គ្នា ដូចសង្វៀនប្រដាល់ឡើយ។ ក្រៅពីការប្រកួតប្រជែង ចិន និងអាមេរិក ក៏គួរ ប្រកាន់យកកិច្ចសហប្រតិបត្តិការជាមួយគ្នាដែរ៕
 

Tag:
 អាមេរិក
  ចិន
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com