ជំនួយបន្ទាន់ជើងដំបូងរបស់អាមេរិក ត្រូវបានដឹកទៅដល់ឥណ្ឌាហើយ
អន្តរជាតិ
ជំនួយបន្ទាន់ជើងដំបូងរបស់អាមេរិក ត្រូវបានដឹកទៅដល់ឥណ្ឌាហើយ
30, Apr 2021 , 4:30 pm        
រូបភាព
រូបភាពស្ថានទូតអាមេរិកប្រចាំនៅឥណ្ឌា
រូបភាពស្ថានទូតអាមេរិកប្រចាំនៅឥណ្ឌា
ជំនួយបន្ទាន់ជើងដំបូងរបស់អាមេរិកដើម្បីជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងព្យាបាលអ្នកជំងឺ បានទៅដល់ឥណ្ឌាហើយ នៅថ្ងៃទី៣០ ខែមេសា។ ស្របគ្នាដែរ ជប៉ុន បានប្រកាសជួយប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ ដោយសារស្ថានភាពកូវីដ-១៩ កាន់តែស្មុគស្មាញ និងលំបាកក្នុងការដោះស្រាយ។


 
បំពង់អុកស៊ីសែនចំនួន៤០០ សម្ភារពេទ្យ និងឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ រហ័ស ចំនួនជិត១លាន ត្រូវបានដឹកទៅដល់ទឹកដីឥណ្ឌាហើយ។ យន្តហោះដឹកជញ្ជូនសម្ភារយោធា Super Galaxy របស់អាមេរិក បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងញូវដេលីនៅថ្ងៃទី៣០ ខែមេសា។ 
 
«អាមេរិក បានដឹកជញ្ជូនជំនួយផ្គត់ផ្គង់ ដែលមានទំហំទឹកប្រាក់ច្រើនជាង១០០លានដុល្លារអាមេរិក»។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងបែបនេះនៅថ្ងៃទី២៩ ខែមេសា ដោយបន្ថែមថា ជំនួយបន្ទាន់ទាំងនោះ គឺដើម្បីជួយសម្រាលបន្ទុករបស់ឥណ្ឌា ដែលរងគ្រោះដោយសារជំងឺឆ្លងសកល។ ជំនួយអាមេរិក នឹងទៅដល់ឥណ្ឌាជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ ដោយជំនួយនោះ បានមកពីការបរិច្ចាគរបស់ក្រុមហ៊ុន និងជនជាតិអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ 
 
មួយរយៈចុងក្រោយ ឥណ្ឌា ជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ ដោយសារមានអ្នកឆ្លងកូវីដ-១៩ ជាច្រើនម៉ឺនករណីក្នុងមួយថ្ងៃៗ។ ករណីឆ្លងដ៏ច្រើនលើសលុបបែបនេះ បានធ្វើឱ្យឥណ្ឌាប្រឈមបញ្ហាជាច្រើន ដូចជាខ្វះកន្លែងព្យាបាល និងគ្រែសម្រាប់អ្នកជំងឺ អុកស៊ីសែន និងសម្ភារវេជ្ជាសាស្រ្តផ្សេងទៀត។ សិង្ហបុរី អាល្លឺម៉ង់ ថៃ អង់គ្លេស រុស្ស៊ី ចិន និងបណ្តាប្រទេសផ្សេងទៀត សុទ្ធតែប្រកាសជួយផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រឱ្យឥណ្ឌាជាបន្តបន្ទាប់។ 
 
ប្រទេសចុងក្រោយ ប្រកាសជួយឥណ្ឌា គឺជប៉ុន។ ក្រុងតូក្យូ បានប្រកាសជួយរដ្ឋាភិបាលញូវដេលី តាមរយៈការផ្តល់ម៉ាស៊ីនបន្សុទ្ធអុកស៊ីសែនចំនួន៣០០គ្រឿង និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៣០០គ្រឿង។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២០ ខែមេសា ក្រសួងការបរទេសជប៉ុន បញ្ជាក់ថា ជប៉ុនឈរជាមួយឥណ្ឌា ដែលជាមិត្ត ជាដៃគូ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ តាមរយៈជំនួយបន្ទាន់បែបនេះ។
 
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា លោក  Harsh Vardhan Shringla លេខាធិការការបរទេសឥណ្ឌា បានអះអាងថា មកទល់ពេលនេះ ប្រទេសច្រើនជាង ៤០បានប្រកាសផ្គត់ផ្គង់ និងផ្តល់ជំនួយវេជ្ជសាស្រ្ត ការផ្គត់ផ្គង់អុកស៊ីសែន និងម៉ាសជាដើម។
 
មកទល់ពេលនេះ ឥណ្ឌា បានចាក់វ៉ាក់សាំងឱ្យប្រជាជនបានចំនួន ១៥០លានដូស ដោយប្រជាជនចំនួនជាង ២៥លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ ចំណែកអ្នកឆ្លងកូវីដ-១៩ សរុបនៅឥណ្ឌា បានកើនដល់ចំនួនជាង ១៨លាននាក់ និងអ្នកស្លាប់មានចំនួនជាង ២០ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួនជាង ១៥លាននាក់៕ 
 

Tag:
 អាមេរិក
  ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com