អន្តរជាតិ
ណាតូ ចាប់ផ្ដើមដកទ័ពពីអាហ្វហ្គានីស្ថាននៅដើមខែឧសភា
30, Apr 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
សម្ពន្ធយោធាណាតូ នឹងចាប់ផ្ដើមដកបេសកកម្មខ្លួនពីអាហ្វហ្គានីស្ថាននៅដើមខែឧសភាខាងមុខ។ នេះបើតាមការអះអាងពីមន្រ្តីសម្ពន្ធមិត្តណាតូនៅថ្ងៃទី២៩ ខែមេសា។ ការដកទ័ពរបស់សម្ពន្ធយោធាមួយនេះ ធ្វើឡើងស្របគ្នាការដកទ័ពរបស់អាមេរិកពីប្រទេសមួយនេះ សំដៅបញ្ចប់សង្រ្គាមជាង២០ឆ្នាំ ហើយនាំទាហានអាមេរិកទៅផ្ទះវិញ។


រដ្ឋសមាជិកសម្ពន្ធយោណាតូ បានយល់ព្រមដកកងទ័ពប្រមាណ៩៦០០នាក់ចេញពីទឹកដីអាហ្វហ្គានីស្ថានក្រោយពេលប្រធានាធិបតីលោក ចូ បៃដិន បានអំពាវនាវឱ្យបញ្ចប់សង្រ្គាមដ៏យូរអង្វែងមួយនេះ។ លោក បៃឌិន សម្រេចដកទ័ពពីអាហ្វហ្កានីស្ថាន ក្រោយកិច្ចការនេះត្រូវបានពន្យារពេលអស់ជាច្រើនខែដោយរដ្ឋបាល  ដូណាល់ ស្របពេលមានក្ដីបារម្ភថា ពួកតាលីបង់អាចដណ្ដើមអំណាចក្នុងប្រទេសនេះឡើងវិញ។
 
បើតាមមន្រ្តីណាតូ សម្ពន្ធយោធានេះ សម្រេចចិត្តនៅពាក់កណ្ដាលខែមេសា លើការដកកម្លាំងទ័ពពីថ្ងៃទី១ ខែឧសភាតទៅ។ ការដកទ័ពនេះ នឹងធ្វើដោយសណ្ដាប់ធ្នាប់ មានការសម្របសម្រួល និងប្រុងប្រយ័ត្ន។ ទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្ដីណាតូថា បើមានការវាយប្រហារណាមួយពីពួកតាលីបង់អំឡុងពេលដកទ័ពនោះ នឹងមានការឆ្លើយតបដោយកម្លាំងទៅវិញ ហើយណាតូគ្រោងនឹងបញ្ចប់ការដកកងទ័ពក្នុងរយៈពេល២ទៅ៣ខែទៀត។
 
សម្រាប់អាមេរិក ការដកទ័ពដែលធ្វើឡើងជាដំណាក់ៗ នឹងបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា ដែលត្រូវនឹងខួបទី២០នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដែលឈានដល់ការដាក់ទ័ពនៅអាហ្វហ្គានីស្ថាន។ យ៉ាងណាមិញ អំឡុងពេលដកទ័ពនេះ អាមេរិក នឹងបានពង្រាយកម្លាំងទ័ពបន្ថែមបណ្តោះអាសន្នជាមួយនឹងវត្តមាននាវាផ្ទុកយន្តហោះក្នុងតំបន់ ដើម្បីការពារកងទ័ពអន្តរជាតិ ខណៈពេលពួកគេកំពុងដកថយ។ប៉ុន្តែការដកទ័ពនេះមិនមែនមានន័យថាបញ្ចប់ទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថានទេ។
 
គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលលោក ត្រាំ បានចុះកិច្ចព្រមព្រៀងសន្ធិភាពជាមួយតាលីបង់ ជាមួយនឹងការសន្យាថា អាមេរិកនឹងដកកងទ័ពចំនួន៨៦០០នាក់ចេញរយៈពេល១៣៥ថ្ងៃដំបូង។ អាមេរិក ក៏គ្រោងដកទ័ពចេញទាំងអស់ត្រឹមខែឧសភា ឆ្នាំ២០២១ បើសិនតាលីបង់ប្តេជ្ញាមិនផ្តល់ជម្រណាមួយឱ្យក្រុមភេរវករ និងគោរពគោលការណ៍កិច្ចព្រមព្រៀង។ យ៉ាងណា រដ្ឋបាលលោក បៃឌិន សម្រេចលើកពេលដកទ័ពចុងក្រោយដល់ខែកញ្ញាវិញ៕
 

Tag:
 ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com