អន្តរជាតិ
UNDP ថា ប្រជាជនមីយ៉ាន់ម៉ាពាក់កណ្ដាល ប្រឈមមុខធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២
30, Apr 2021 , 5:38 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ ឈួ ស៊ាវយីងជាវ

ការរីករាលដាលជំងឺកូវីដ-១៩ និងវិបត្តិនយោបាយក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នឹងនាំឱ្យប្រជាជនជាងពាក់កណ្ដាល ប្រឈមមុខធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលបានចេញផ្សាយនៅថ្ងៃទី៣០ខែមេសា។
 
«ជំងឺកូវីដ-១៩ និងវិបត្តិនយោបាយដ៏វឹកវរ កំពុងរុញច្រានប្រជាជនដែលងាយរងគ្រោះធ្លាក់កាន់តែជ្រៅក្នុងភាពក្រីក្រ»។ លោកស្រី Kanni Wignarajia អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងជានាយក UNDP ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបញ្ជាក់បែបនេះក្នុងរបាយការណ៍របស់ UNDP ដែលព្រមានថា ប្រជាជនប្រមាណ២៥លាននាក់ ប្រឈមមុខធ្លាក់ចូលក្នុងភាពក្រីក្រ។
 
លោកស្រីបន្ថែមថា ការរីកចម្រើនដែលទទួលបានអំឡុងពេលមួយទសវត្សនៃការវិលទៅរកប្រជាធិបតេយ្យ ដ្បិតទាន់បានល្អឥតខ្ចោះក្ដី ត្រូវបានបំផ្លាញទៅវិញក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះ។ វិបត្តិកូវីដ-១៩ គួបផ្សំនឹងវិបត្តិនយោបាយ ទំនងធ្វើឱ្យការរីកចម្រើននៅមីយ៉ាន់ម៉ា វិលទៅរកស្ថានភាពដូចពេលរបបយោធាដឹកនាំប្រទេសនៅឆ្នាំ២០០៥។
 
បើតាមរបាយការណ៍របស់ UNDP គិតត្រឹមចុងឆ្នាំ២០២០ គ្រួសារប្រមាណ៨៣ភាគរយ បានរាយការណ៍ពីការធ្លាក់ចុះចំណូលពាក់កណ្ដាលដោយសារវិបត្តកូវីដ-១៩ ។ តួលេខប្រជាជនដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ត្រូវទស្សទាយថា កើនឡើង១១ភាគរយផងដែរ។ ជាមួយគ្នានេះ ស្ថានភាពសន្តិសុខ ក៏អាចរុញច្រានប្រជាជនអត្រាភាពក្រីក្រឱ្យកើន១២ភាគរយថែមទៀត។ 
ស្រ្តី និងកុមារ ទំនងជាត្រូវរងគ្រោះខ្លាំងជាងគេដោយសារវិបត្តិទ្វេគ្រោះនេះ។ លោកស្រី Wignarajia លើកឡើងថា ពាក់កណ្ដាលនៃកុមារសរុបនៅមីយ៉ាន់ម៉ា អាចនឹងរស់នៅក្នុងភាពក្រីក្រក្នុងពេលមួយឆ្នាំទៀត។ ជាមួយគ្នានេះ អ្នកគ្មានទីលំនៅ ក៏នឹងរងសម្ពាធកាន់តែខ្លាំងផងដែរ។
 
លើសពីនោះ ស្ថានភាពក្រីក្រនៅតំបន់ទីក្រុង នឹងកើនឡើងបីដង ស្របពេលបញ្ហាសន្តិសុខធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ចរាចរណ៍ទំនិញរាប់ទាំងផលិតផលកសិកម្ម មនុស្ស និងសេវាកម្មជាដើម។ការប្រែប្រួលតម្លៃលុយក្យាត ក៏រុញឱ្យតម្លៃទំនិញនាំចូល និងអគ្គិសនីឡើងខ្ពស់ ខណៈដែលប្រព័ន្ធធនាគារក៏ជួបបញ្ហាដោយសារការតវ៉ាផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com