ជាតិ
កូវីដ-១៩៖ លោក នុត សវនា ហាមមន្រី្តពន្ធនាគារចល័តចេញក្រៅ បើគ្មានការចាំបាច់
30, Apr 2021 , 9:59 pm        
រូបភាព
រូបភាពពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
រូបភាពពីអគ្គនាយក​ដ្ឋាន​ពន្ធ​នាគារ​នៃ​ក្រសួង​មហាផ្ទៃ
ភ្នំពេញ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា មន្រី្តក្នុងពន្ធនាគារនិងមណ្ឌលអប់រំកែប្រែនៅតាមបណ្ដាលរាធានី-ខេត្ត មិនចេញក្រៅឡើយ នៅអំឡុងពេលបិទខ្ទប់នេះ ដើម្បីបង្ការជំងឺកូវីដ-១៩។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារ គ្រោងស្នើសុំឧបករណ៍ធ្វើតេស្តកូវីដ-១៩ ដើម្បីងាយស្រួលពិនិត្យរកករណីសង្ស័យណាមួយ ដែលកើតឡើងជាយថាហេតុក្នុងពន្ធនាគារ។


លោក នុត សវនា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អគ្គនាយកពន្ធនាគារបានបង្កើនការរឹតបន្តឹង ការចេញចូលពន្ធនាគារ ដើម្បីធានាសុវត្ថិភាពទណ្ឌិត និងមន្ត្រីពាក់ព័ន្ធ ពីការរាលដាលកូវីដ-១៩។ លោក សវនា បានបញ្ជាក់ថា វិធានការពង្រឹងខាងក្រៅ គឺការគ្រប់គ្រងមន្រី្តពន្ធនាគារ ដោយតម្រូវឲ្យរាយការណ៍ពីប្រវត្តិធ្វើដំណើររបស់ខ្លួន មុននឹងឲ្យចូលកន្លែងធ្វើការ។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងអំឡុងពេលបិទខ្ទប់នេះ យើងប្រមូលកម្លាំងនៅក្នុងអង្គភាពទាំងមូល យើងអត់ឲ្យគាត់ចល័តទៅណានោះទេ ឲ្យពួកគាត់ស្នាក់នៅអង្គភាពសិន ប្រសិនបើការចាំបាច់ទើបអនុញ្ញាត។ ព្រោះប្រសិនបើពួកគាត់ពាក់ព័ន្ធដោយផ្ទាល់ឬប្រយោជាអ្នកឆ្លងកូវីដ-១៩ នឹងបង្កហានិភ័យគ្រោះដល់ខាងក្នុង។ ហើយការសួរសុខទុកអ្នកជាប់ពន្ធនាគារក៏យើងផ្អាកដែរ»។ 
 
រីឯការនាំអីវ៉ាន់ផ្សេងៗចេញចូលពន្ធនាគារ គឺមានមន្រី្តពន្ធនាគារ ពិនិត្យនិងបាត់ថ្នាំសម្លាប់មេរោគយ៉ាងល្អិតល្អន់ មុននឹងអនុញ្ញាតឲ្យនាំចូល។ នេះបើតាមលោក នុត សវនា។ 
ចំណែក វិធានការរឹតបន្តឹងខាងក្នុងពន្ធនាគារវិញ លោក សវនា បានឲ្យដឹងថា ក្នុងមួយសប្ដាហ៍បាញ់សាធាតុសម្លាប់មេរោគ២ដង ហើយបន្តផ្សព្វផ្សាយឲ្យអ្នកក្នុងពន្ធនាគារទាំងរក្សាអនាម័យជាប្រចាំ។ ចំពោះអ្នកទោសចូលពន្ធនាគារថ្មី មន្រី្តជំនាញនឹងរៀបចំដាក់នៅដោយឡែក ដើម្បីតាមដានសុខភាព១៤ថ្ងៃ។ 
 
លោក សវនា បានសង្កត់ធ្ងន់ថា ខាងពន្ធនាគារមានគ្រោងស្នើសុំឧបករណ៍ធ្វើតេស្តកូវីដ-១៩ ពីក្រសួងនិងអង្គការពាក់ព័ន្ធ សម្រាប់គ្រប់គ្រងសភាពការណ៍ ដែលកើតឡើងជាយថាហេតុណាមួយ។ ក្នុងន័យនេះ លោកពន្យល់ថា ប្រសិនមានអ្នកណាមួយ ទាំងមន្រី្តនិងអ្នកជាប់ពន្ធនាគារ មានករណីរោគសញ្ញាឬសង្ស័យឆ្លងកូវីដ-១៩ ក្រុមជំនាញនឹងអាចពិនិត្យឃើញភ្លាមៗ ដើម្បីចាត់វិធានទប់ស្កាត់៕ 
 

Tag:
 ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com