COVID-19
ជាតិ
សង្គមជាតិ
សប្បុរសជនច្រើននាក់ បានឧបត្ថម្ភស្បៀងទៅរដ្ឋបាលខណ្ឌ ដើម្បីចែកជូនពលរដ្ឋនៅតាមតំបន់បិទខ្ទប់
01, May 2021 , 9:30 am        
រូបភាព
 
ភ្នំពេញ៖ ប្រជាជនខ្មែរជាច្រើននាក់ ដែលមានជីវភាពធូរធារ បានចូលរួមចំណែកឧបត្ថម្ភស្បៀង និងថវិកាមួយចំនួន ទៅរដ្ឋបាលខណ្ឌនានានៅរាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋនៅតាមតំបន់បិទខ្ទប់ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។



ការងារសប្បុរសធម៌របស់ប្រជាជនខ្មែរ ក្នុងគ្រាដែលប្រទេសកំពុងជួបនូវបញ្ហាបែបនេះ គឺជារឿងដែលល្អបំផុត។ អ្នកមានជីវភាពធូរធារមួយចំនួន បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ ទៅតាមសាលាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋដែលកំពុងជួបការលំបាក ហើយត្រូវការជំនួយពីអាជ្ញាធរ។

ក្នុងនោះរដ្ឋបាលខណ្ឌបឹងកេងកង ទទួលបានអង្ករចំនួន១តោន មីចំនួន១០០កេស ទឹកស៊ីអ៊ីវចំនួន១០០យួរ ពីលោក ជា មិន និងទទួលបានអង្ករចំនួន២តោន ពីលោក តេង គីមហេង និងអ្នកស្រី តេង មុយលី ដើម្បីចែកជូនពលរដ្ឋនៅតំបន់ខ្ទប់បន្តផងដែរ។

ចំពោះសាលាខណ្ឌដង្កោ ទទួលបានអង្ករចំនួន២តោន មីចំនួន៥០កេស ត្រីខចំនួន១០កេស និងថវិកាចំនួន១ពាន់ដុល្លារ ពីក្រុមហ៊ុន បុរីភ្នំមាស ដើម្បីចែកជូនដល់ពលរដ្ឋតំបន់បិទខ្ទប់ក្នុងខណ្ឌដង្កោផងដែរ។ ក្នុងនោះ អ្នកស្រី ស ស៊ីណា ក៏បានឧបត្ថម្ភបាយចំនួន៣១០កញ្ចប់ និងភេសជ្ជៈ សម្រាប់កងកម្លាំងនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងខណ្ឌដង្កោផងដែរ។

ចំណែកឯសាលាខណ្ឌច្បារអំពៅវិញ ក៏ទទួលការឧបត្ថម្ភ អាហារថ្ងៃត្រង់ចំនួន១០០កញ្ចប់ ពីម្ចាស់ភោជនីយដ្ឋានដឹស្តេកឃីតឆេន សម្រាប់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់ ក្នុងខណ្ឌច្បារអំពៅផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com