COVID-19
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ៖ វីរុស​កូរ៉ូណា​រកឃើញ​នៅ​កម្ពុជា​១០​ឆ្នាំ​មុន ​ផ្តល់​គន្លឹះ​ដល់​ការតាម​រក​ប្រភព​វីរុស​កូវីដ១៩
01, May 2021 , 9:59 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន — វា​គឺជា​ការស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើឡើង​លើ​សត្វ​ប្រជៀវ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ជាង​ ១០ ​ឆ្នាំ​មុន ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ បាន​ក្លាយ​ជាទី​ចំណាប់​អារម្មណ៍នៃ​មជ្ឈដ្ឋាន​អន្តរជាតិ ​និង​ក៏​ទំនង​ជា​នឹង​ជួយ​ផ្តល់​ពន្លឺ​ដ៏​សំខាន់​មួយ ​ដល់​ការស្វែងរក​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​ផងដែរ។



ការណ៍​នេះ​ដោយសារ​តែ​វីរុស​កូរ៉ូណា ​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​នៅ​ប្រទេស​កម្ពុជា​ មាន​លក្ខណៈ​ស្រដៀង​គ្នារហូត​ដល់​ ៩២,៦%​ ទៅ​នឹង​វីរុស​ SARS-CoV-2 ​ឬ​កូវីដ​១៩ ​ដែល​បាន​សម្លាប់​ពលរដ្ឋ​ពិភពលោក​ជាង ​៣,១​ លាន​នាក់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នោះ។​

ការសិក្សា​ដែល​បាន​ធ្វើ​រួមគ្នា​នៅ​ប្រទេស​កម្ពុជា​និង​ឡាវ ​នៅ​ចុងឆ្នាំ ​២០១០ ​បាន​រកឃើញ​វីរុស​កូរ៉ូណា​ចំនួន​ពីរ​ប្រភេទ​ក្នុង​សត្វ​ប្រជៀវ។ វីរុស​ប្រភេទ​ទី ១ ​គឺ​ បេតា​កូរ៉ូណា​វីរុស​ និង​ទី ២ ​គឺ ​អាល់ហ្វា​កូរ៉ូណា​វីរុស។ នេះ​បើ​យោង​តាម​ឯកសារ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន ​Elsevier​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូល្លង់ ​និង​មាន​ជំនាញ​ខាង​វេជ្ជសាស្ត្រ​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ ដែល​វីអូអេ​ខេមរភាសា​ បាន​ពិនិត្យ​មើល។​

ឯកសារ​នេះ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​តែ​អ្នកវិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កូវីដ១៩​ ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ SARS CoV-2 បាន​វាយ​ប្រហារ​ពិភពលោក​យ៉ាងខ្លាំង​ ទើប​ក្រុមហ៊ុន​នេះបាន​ដាក់​ឲ្យ​សាធារណជន​អាច​ចូលមើល​បាន​ ដោយ​មិនគិត​ថ្លៃ ​តាំង​ពីខែ​មករា​ឆ្នាំ ​២០២០ ​មក។ តំណ​ទៅ​ឯកសារ​នេះ​ក៏​ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

នោះ​គឺ​ជា​ការសិក្សា​លើក​ដំបូង​បំផុត​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ៣ ឆ្នាំ​គឺ​ចន្លោះ​ពីខែវិច្ឆិកាឆ្នាំ ២០១០​ ដល់​ខែ​ធ្នូ​ ឆ្នាំ ២០១៣។ ការសិក្សាដំណាក់​កាល​ទី ១ ​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០១០​ ដឹកនាំ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​សារៈមន្ទីរជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​របស់​បារាំង ​ដោយ​មាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​តាម​រយៈ​រដ្ឋបាល​ព្រៃឈើ​ក្រសួង​កសិកម្ម​និង​ក្រសួង​សុខាភិបាល។​ពេលនោះ​ ក្រុម​អ្នកស្រាវជ្រាវ​បានយក​សំណាក​ពី​សត្វ​ប្រជៀវ​រស់​ចំនួន​ ១.៩៦៥ ​ក្បាល ​ដែល​ពួកគេ​រកបាន​នៅ​ខេត្ត​រតនៈគីរី​ ស្ទឹងត្រែង​ និង​ព្រះវិហារ​ និង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ឡាវ។ ក្នុងនោះ​ប្រជៀវ​នៅ​កម្ពុជា​មាន​ចំនួន ​១.០៥៩ ក្បាល។

រីឯ​ការសិក្សា​ដំណាក់កាល​ទី ២ ​ធ្វើឡើង​នៅឆ្នាំ​ ២០១១ ​ដល់​ ២០១៣ ​ដឹកនាំ​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​(Wildlife Conservative Society)​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ PREDICT ​របស់​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក។ ដំណាក់​កាល​នេះ ​គឺ​ផ្តោត​លើ​ការប៉ះពាល់​គ្នា​រវាង​មនុស្ស​និង​សត្វ​ប្រជៀវ។ សម្រាប់​ដំណាក់​កាល​នេះ​ក្រុមអ្នកស្រាវជ្រាវ​បាន​ផ្តោត​លើ​ប្រជៀវ​ចំនួន ​១.៩៩៧ ក្បាល ​ដែល​ពួកគេ​រក​បាន​នៅ​ផ្សារ​លក់​សាច់សត្វ​ស្រស់​សត្វ​ ដែល​ពលរដ្ឋ​ទើប​ប្រម៉ាញ់​បាន​ត្រៀម​លក់​ទៅ​ទីផ្សារ​ ឬ​ទុក​បរិភោគ​ភោជនីយដ្ឋាន​លក់​សត្វ​ព្រៃ​ និង​កសិដ្ឋាន​ដែល​ប្រើ​លាមក​សត្វ​ប្រជៀវ។ ប្រជៀវ​យក​ពី​កម្ពុជា​មាន​ចំនួន ១.១២៨ ក្បាល។
រូបឯកសារ៖ អាជីវករលក់បបរម្នាក់បង្ហាញសត្វប្រជៀវដ៏ធំមួយក្បាលទៅកាន់អតិថិជនរបស់លោកនៅមុខហាងរបស់លោកនៅសង្កាត់ជ្រោយអំពិល ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៩៦។
រូបឯកសារ៖ អាជីវករលក់បបរម្នាក់បង្ហាញសត្វប្រជៀវដ៏ធំមួយក្បាលទៅកាន់អតិថិជនរបស់លោកនៅមុខហាងរបស់លោកនៅសង្កាត់ជ្រោយអំពិល ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩៩៦។

ឯកសារ​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា៖​

«នៅក្នុង​ការសិក្សា​នេះ​យើង​រាយការណ៍​ជាលើក​ដំបូង​នូវ​ការរកឃើញ​ និង​ការពណ៌នា​ពី​វីរុស​កូរ៉ូណា​នៅ​លើ​សត្វ​ប្រជៀវ​ដែល​មកពី​កម្ពុជា​និង​ឡាវ។ របាយការណ៍​នេះ​មាន​សារៈ​សំខាន់​សម្រាប់​សុខភាព​សាធារណៈ ​ពីព្រោះ​ប្រទេស​ទាំងពីរ​នេះ​មាន​សត្វ​ប្រជៀវ​ជាច្រើន ​ហើយ​ការទំនាក់​ទំនង​គ្នា​រវាង​មនុស្ស​និង​សត្វ​ប្រជៀវ​នៅ​កៀកគ្នា។ ប្រជៀវ​ត្រូវ​បាន​គេ​យក​ធ្វើ​ម្ហូប​ និង​យក​លាមក​ធ្វើ​ជី»។

លទ្ធផល​បង្ហាញ​ថា ​ក្នុង​ចំណោម​សត្វ​ប្រជៀវ​ដែល​ស្រាវជ្រាវ​នៅ​វគ្គទី ​១ ​ចំនួន ​១.៩៦៥​ ក្បាល ​គឺមាន​សត្វ​ប្រជៀវ​ចំនួន ​៩៣ ​ក្បាល​ដែល​ត្រូវ​ជា ​៤,៧%​ ត្រូវ​បាន​រកឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ពីរ​ប្រភេទ​គឺ​ អាល់ហ្វា​កូរ៉ូណា​វីរុស​ និង​បេតា​កូរ៉ូណា​វីរុស។ ក្នុងនេះ​គឺ​ប្រជៀវ​ពី​កម្ពុជាចំនួន​ ៦១​ ក្បាល​ មាន​ផ្ទុក​វីរុស ​និង​ឡាវ​មាន​ ៣២ ​ក្បាល។ ប្រជៀវ​ដែល​ផ្ទុក​បេតា​កូរ៉ូណា​វីរុស ​គឺ​មាន​ចំនួន ​៥៦ ក្បាល​ខណៈ​ប្រជៀវ​ដែល​មាន​អាល់ហ្វាកូរ៉ូណា​វីរុស ​គឺ​មាន​តែ ​៣៧ ​ក្បាលទេ។

ការសិក្សា​នេះ​បន្ថែម​ថាគឺ​ ក្រុម​បេតា​កូរ៉ូណា​វីរុស​នេះ​ឯង ​ដែល​ជា​វីរុស​បង្ក​ជំងឺ​ជាខ្លាំង​ដល់​មនុស្ស​ដែល​មាន​ដូច​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ហៅ​ថា​សារ (SARS)​ និង​ជំងឺ​រលាក​ផ្លូវដង្ហើម​នៅ​មជ្ឈិម​បូព៌ា​ហៅថា​មឺស ​(MERS)​ ដែល​បាន​វាយ​ប្រហារ​ប្រទេស​មួយ​ចំនួន​ក្នុង​ចន្លោះ​ឆ្នាំ ២០០៣ ​និង​ ២០១២។

សំណាក​ដែល​យក​បាន​ពី​សត្វ​ប្រជៀវ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទូរក្លាស្សេ​ កម្រិត ​៨០​ អង្សា​សេ​ក្រោម​សូន្យ​ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​អស់​រយៈពេល​ ១ ទសវត្សរ៍​មក​ហើយ ​និង​ត្រូវ​បាន​ពិនិត្យ​មើល​ឡើង​វិញ​ជាថ្មី​ នៅ​ពេល​ដែល​អ្នកវិទ្យាសាស្ត្រ​តាម​ដាន​រក​ប្រភព​នៃ​វីរុស​នេះ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី ​១៦ ​ខែមីនា ​ឆ្នាំ​២០២១ ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

អ្នកស្រី ​ឡូរ៉ង់​ បារីល​ (Laurence Baril)​ ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ចុងខែ​កុម្ភៈ​ ថា៖

«ដោយ​ពិនិត្យ​មើល​លក្ខណៈ​របស់​វា ​ក្នុង​ចំណោម​សំណាក​ចំនួន​ ៤៣០ ​យើង​ឃើញ​មាន​វិជ្ជមាន​វីរុស​កូរ៉ូណា​ចំនួន​ ២ ​ដែល​មាន​ពូជកៀក​នឹង​វីរុស​បច្ចុប្បន្ន។ ប៉ុន្តែវា​ខុសគ្នា​ពី​វីរុស​បច្ចុប្បន្ន​នេះ​លើ​វិធី​ចម្លង»។

ចំណុច​ខុស​គ្នា​លើ​វិធី​ចម្លង ​គឺ​លើ​ខ្នែង​ប្រូតេអ៊ីន​របស់​វីរុស​នេះ។ នេះ​បើតាម​ការពន្យល់​របស់​អ្នក​ជំនាញ​សុខាភិបាល។

លោក​វេជ្ជបណ្ឌិត ​ដួង វាសនា ​ប្រធាន​ផ្នែក​វីរុសសាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​ពន្យល់​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ​ថា៖

«ចង្វាក់ ​RDN Spikes របស់​វីរុស ​SARS​ នៅ​លើ​ប្រជៀវ​នៅ​ប្រទេស​ខ្មែរ​ហ្នឹង ​គឺ​វា​មាន​លក្ខណៈ​ខុសគ្នា​ខ្លាំង​ទៅ​នឹង​លក្ខណៈ ​SARS​CoV-2 ដែល​បង្ក​នៅលើ​មនុស្ស​ ហើយ​អ្វី​ដែល​ដឹង​ទៀត​គឺ​ Spikes ប្រូតេអ៊ីន​របស់​ SARS CoV-2 នៅ​លើ​ប្រជៀវ ​គឺ​មិន​មាន​លទ្ធភាព​អនុញ្ញាត​ឲ្យ​វីរុស​នោះ​ឆ្លង​ចូល​ទៅ​ក្នុង​កោសិកា​របស់​មនុស្ស​បាន​ទេ»។

របាយការណ៍​ស្រាវជ្រាវ​ដែល​លោក ​ដួង វាសនា ​ចូលរួម​បាន​សន្និដ្ឋាន​ថា៖ «ការស្វែងរក​វីរុស​ដែល​កើត​ពី​សត្វ​ប្រជៀវ​ ដែល​គេ​ដឹង​ថា​អាច​ជា​ប្រភព​មេរោគ​សម្រាប់​មនុស្ស​ជាតិ ​ដែល​មាន​ដូច​ជា​វីរុស​កូរ៉ូណា​ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​បំផុត» ​ដោយសារ​តែ​កម្រិត​គ្រោះ​ថ្នាក់​ដែល​វា​បង្ក។

ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក​វេជ្ជបណ្ឌិត ​ដួង វាសនា ​បាន​បកស្រាយ​ដោយ​បន្ធូរ​បន្ថយ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការចម្លង​នេះ៖

«វីរុស​គឺ​មាន​វត្តមាន​នៅ​លើ​សត្វ​នៅ​លើ​មនុស្សហើយ​នៅ​លើ​ប្រជៀវ​ផ្ទុកវីរុស​ជាច្រើន​ប្រភេទ​ផ្សេង​គ្នា។ វីរុស​នៅ​លើ​សត្វ​ផ្សេងៗ​ជា​លក្ខណៈ​កម្រ​មិន​អាច​ចម្លង​ទៅ​លើ​មនុស្ស​បាន​ទេ ​គឺ​វា​មាន​វត្តមាន​នៅ​លើ​សត្វវាអាច​បង្ក​ជំងឺ​លើ​សត្វ​ ឬ​អត់​បង្ក​ជំងឺ​លើ​សត្វ​ ប៉ុន្តែ​មិនមែន​ជាទូទៅ​វីរុស​ដែល​មាន​វត្តមាន​នៅ​លើ​សត្វ​បង្ក​ជំងឺ​នៅ​លើ​មនុស្ស​រហូត​ទេ»។

ទោះបី​ជា​យ៉ាង​ណាក៏ដោយ ​អត្រា​កម្រិត​វីរុស​កូរ៉ូណា​ដែល​រកឃើញ​នៅ​លើ​សត្វ​ប្រជៀវ​នៅ​កម្ពុជា​មាន​តែ​ ៤,៨៥%​ ប៉ុណ្ណោះ ​គឺ​ទាប​ជាង​នៅ​ឡាវ​ដែល​មាន ​៦,៥% ​និង​នៅថៃ​ដែល​មាន​រហូតដល់ ​៧%។ នេះ​បើតាមការ​អះអាង​នៅ​ក្នុង​របាយការណ៍​នេះ។

ដោយឡែក​បរិមាណ​វីរុស​កូរ៉ូណា​ដែល​មាន​លើ​សត្វ​ប្រជៀវ ​គឺ​មាន​កម្រិត​ខ្ពស់​នៅ​ប្រទេស​ហ្វីលីពីន​ ដែល​មាន​រហូតដល់​ ២៩,៦%​ និង​ហុងកុង​មាន​ចំនួន ​១២%។ នេះ​បើ​ផ្អែកតាម​របាយការណ៍​ស្រាវជ្រាវ​នៅឆ្នាំ ​២០០៦​ និង​ ២០១២ ​ដោយ​អ្នកស្រាវជ្រាវ​បរទេស​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ដកស្រង់​មក​បញ្ចូល​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ការប្រទាក់​ក្រឡាគ្នា​រវាង​មនុស្ស​និង​សត្វ​ប្រជៀវ​កាន់តែ​កៀក​នឹង​គ្នា​ ដោយសារតែ​ការបំផ្លាញ​ព្រៃឈើ​ ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ការពង្រីក​ដី​កសិកម្ម។ រីឯ​ការផ្លាស់ប្តូរ​បរិយាកាស​សេដ្ឋកិច្ច​-សង្គមកិច្ច​ ក៏មាន​ផល​ប៉ះពាល់​ដល់​សត្វ​ប្រជៀវ ​និង​ឈាន​ទៅ​ប៉ះពាល់​ដល់​ជីវចម្រុះ​នៃ​វីរុស​ផងដែរ។ នេះ​បើ​តាម​ការសន្និដ្ឋាន​របស់​ក្រុមអ្នកស្រាវជ្រាវ។

​របាយការណ៍​បាន​បន្ត​ថា៖

«ការផ្លាស់ប្តូរ​ផ្នែក​បរិស្ថាន​នេះ​មាន​ផល​ប៉ះពាល់​ដល់​ជីវចម្រុះ​របស់​សត្វ​ប្រជៀវ​ និង​ដល់​វីរុសកូរ៉ូណា​ដែល​មាន​នៅលើ​ខ្លួន​ពួកវា។ ការបន្ត​បំផ្លាញ​ព្រៃឈើ ការពង្រីក​ដី​កសិកម្ម​និង​ការអភិវឌ្ឍ​ទីក្រុង ​អាច​កាន់តែ​ធ្វើ​ឲ្យ​មាន​ការប៉ះ​គ្នា​រវាង​មនុស្ស និង​វីរុស​កូរ៉ូណា​ដែល​កើត​ចេញ​ពី​សត្វ​ប្រជៀវ​ដែល​រស់នៅ​ក្បែរមនុស្ស​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជាតិ»។

របាយការណ៍​នេះ​បញ្ចប់​ដោយ​ស្នើ​ឲ្យ​មាន​ការសិក្សា​បន្ថែម​ដោយផ្តោត​លើ​ការចម្លង​គ្នា​រវាង​មនុស្ស​និង​សត្វ​នេះ។ ប៉ុន្តែ​មុន​លទ្ធផល​នៃ​ការសិក្សា​ថ្មី​ត្រូវ​បាន​បញ្ចេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក៏​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ដែលត្រូវ​បាន​គេ​រកឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង​វ៉ូហាន ​ប្រទេស​ចិន​ នៅ​ចុង​ឆ្នាំ​ ២០១៩ ​និង​បច្ចុប្បន្ន​បាន​បន្ត​ឆ្លងដល់​ពលរដ្ឋ​ជាង ​១៥០​ លាន​នាក់​នៅទូទាំង​ពិភពលោក។

ក្រុមស៊ើបអង្កេត​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ កាលពីដើម​ឆ្នាំ​ ២០២១ ​គឺ​រយៈពេល​ជាង​ ១ ឆ្នាំ​ ក្រោយ​ពីវីរុស​នេះ​បាន​ផ្ទុះឡើង ​ដើម្បី​ស៊ើបអង្កេត​ពី​ប្រភព​ពិតប្រាកដ​នៃ​វីរុស​កូវីដ១៩។ ប៉ុន្តែ​ការស៊ើបអង្កេត​មិន​បាន​ឈាន​ដល់​រកឃើញ​ប្រភព​ពិតប្រាកដ​នៅ​ឡើយ​ទេ​ ដោយ​គ្រាន់តែ​មាន​ការសន្និដ្ឋាន​ថា ​វា​អាច​ចម្លង​ពី​សត្វប្រជៀវ​ទៅ​ថនិកសត្វ​ណា​មួយ​ មុន​នឹង​ចម្លង​ទៅ​មនុស្ស។ ពួកគេ​ក៏​ពិនិត្យមើល​លទ្ធភាព​ស្រាវជ្រាវ​នៅ​បណ្តា​ប្រទេស​ជិតខាង​របស់​ចិន​ផងដែរ ​ជាពិសេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​វាយ​តម្លៃ​ថា​ ការចម្លង​ពី​សត្វ​ទៅ​មនុស្ស​នៅតែ​ជាកត្តា​ចម្បង។​
រូបឯកសារ៖ ទិដ្ឋភាពផ្សារលក់គ្រឿងសមុទ្រនិងសត្វព្រៃនៅទីក្រុងវូហាន ដែលជាទីកន្លែងនៃការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេសចិន កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០។
រូបឯកសារ៖ ទិដ្ឋភាពផ្សារលក់គ្រឿងសមុទ្រនិងសត្វព្រៃនៅទីក្រុងវូហាន ដែលជាទីកន្លែងនៃការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេសចិន កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០។

រូបឯកសារ៖ សត្វប្រជ្រៀវរាប់រយក្បាលកំពុងហោះកាត់វត្តមួយនៅក្បែរទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី​ ១៤ ខែកញ្ញា ឆ្នាំ ២០០៩។

អ្នកស្រី​ លី អៃឡែន​ តំណាង​អង្គការ​ WHO​ ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ចុងខែ​កុម្ភៈ ដោយ​សង្កត់ធ្ងន់​ពី​ការឆ្លង​គ្នា​រវាង​សត្វ​និង​មនុស្ស​ថា​៖

«ជាង​ ៧៥% ​នៃ​ជំងឺ​ដែល​បាន​លេច​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ទាក់ទង​នឹង​ការឆ្លង​ពី​សត្វ​ទៅ​មនុស្ស។ នេះ​គឺ​ជា​ការពិត»។

ប៉ុន្តែ​អ្នកស្រី ​លី អៃឡែន ​បាន​ទទូច​ស្នើ​សុំ​កុំ​ឲ្យ​ទាញ​សេចក្តី​សន្និដ្ឋាន​ណា​មួយ​ពី​ប្រភព​នៃ​វីរុស​នេះ​នៅឡើយ ​ខណៈ​ការ​ស៊ើបអង្កេត​មិន​ទាន់​បាន​ចប់​សព្វគ្រប់ ​ដើម្បីទុក​ពេល​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ធ្វើការងារ។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ពន្យល់​ដោយ​សង្កត់​ធ្ងន់​លើ​ប្រភេទ​ខុស​គ្នា​នៃ​វីរុស​ ដែល​ត្រូវ​បាន​គេរកឃើញ​ដំបូង​នៅ​ទីក្រុង​វ៉ូហាន ប្រទេស​ចិន ​និង​វីរុស​កូរ៉ូណា​ដែល​រកឃើញ​នៅ​ប្រទេស​កម្ពុជា។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​ដែល​បាន​រៀបចំ​ឡើង​កាលពី​ចុង​ខែ​កុម្ភៈ​ គឺ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការសន្និដ្ឋាន​ណាមួយ ​ដែល​អាចភ្ជាប់​កម្ពុជា​ទៅ​នឹង​ប្រភព​ដើម​នៃ​វីរុស។

លោកស្រី ​ឱ វណ្ឌីន​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​ថ្លែងបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖

«និយាយ​ឲ្យ​ស្រួល​យល់​វា​ជា​បងប្អូន​ជីដូន​មួយ​នឹង ​SARS-CoV-2 តែ​វា​មិន​មែន​ជា​ Covid-19 ទេ។ ទីពីរ ​អ្វី​ដែល​គេរកឃើញ​ដែល​ខុសស្រឡះ​តែម្តង​ត្រង់​ Spikes ​ប្រូតេអ៊ីន​របស់​វា​ដែល​វា​មិន​មាន​លទ្ធភាព​ចម្លង​ទៅ​មនុស្ស​នោះ​ទេ»។

អ្នកនាំពាក្យ​និង​ជារដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​បន្ថែម​ថា ​កម្ពុជា​គ្រាន់តែ​ជា​ទី​ដែល​ឆ្លង​ពី​គេ​តែ​ប៉ុណ្ណោះ៖

«អ្វី​ដែល​ជា​ការសំខាន់​នៃ​ការសិក្សា​នេះ​ដែរ​ គឺ​គេ​អត់​មាន​ភស្តុតាង​ណា​សោះ​ឡើយ​ថា ​កូវីដ​១៩​កើត​ឡើង​នៅ​កម្ពុជា។ ហើយ​អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា​ជាក់ស្តែង ​គឺ​ការនាំ​ចូល​នៃ​វីរុស​កូវីដ​១៩ ​ពី​ខាងក្រៅ​មកទេ»។

កម្ពុជា​បាន​រកឃើញ​កណី​ឆ្លង​វីរុស​កូវីដ១៩ ​ទី ១​ នៅ​ក្រុង​ព្រះសីហនុ​លើ​ជនជាតិ​ចិន​ កាលពី​ថ្ងៃទី ២៧ ​ខែមករា ​ឆ្នាំ​២ ០២០។ រហូត​មកដល់​ពេលនេះ​កម្ពុជា ​មាន​អ្នកឆ្លង​ជាង​ ១៣.០០០ ​នាក់​ និង​មាន​អ្នកស្លាប់​ ៩៣​ នាក់​ បើ​គិត​ត្រឹម​ថ្ងៃសុក្រ ​ទី​ ៣០ ​ខែ​មេសា​។

ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ទៀត​ ដែល​មាន​វីរុស​កូរ៉ូណា​ស្រដៀង​នឹង​វីរុស ​SARS-CoV-2 ដែរ ​គឺ​ប្រទេសថៃ​ ដែល​មាន​កម្រិត​ពី​ ៩១% ទៅ៩៣%។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក​ Chee Wah Tan អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ជាតិ ​DUKE នៃ​ប្រទេស​សិង្ហបុរី​ដែល​បាន​ថ្លែង​ប្រាប់​វីអូអេ។

លោក​បាន​បន្ថែម​ថាប្រភេទវីរុស​កូរ៉ូណា ​ដែល​រកឃើញ​នៅ​ខេត្ត​យូណាន ​ប្រទេស​ចិន ​កាលពី​ឆ្នាំ​មុន​ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​វីរុស​កូវីដ​១៩ ​រហូត​ដល់ ​៩៦%។

រហូត​មក​ដល់​ពេល​នេះ ​វីរុស​កូរ៉ូណា​បាន​ប្រែខ្លួន​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​បាន​គេរកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង អង់គ្លេស ប្រេស៊ីល ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក។ អត្រា​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី​នេះ​ កាន់តែ​គ្រោះថ្នាក់​ជាងមុន។ នេះ​បើតាមការ​បញ្ជាក់​របស់​អ្នកវិទ្យាសាស្ត្រ​នានា។

បើទោះ​បីជា​លទ្ធផល​ជ្រាវជ្រាវ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មិន​ឈាន​ដល់​ការរក​ឲ្យ​ឃើញ​ជាក់លាក់​លើ​ប្រភព​របស់​វីរុស​កូរ៉ូណា​ ក៏​វិទ្យាស្ថាន​នេះ​បញ្ជាក់​ថា​អ្វី​ដែល​ខ្លួន​បាន​បង្ហាញ​ «បន្ថែម​ព័ត៌មាន​ថ្មី​ដល់​ការស៊ើប​អង្កេត​ឲ្យ​ដឹង​ថា​ តើ​វីរុស​នេះ​ចេញ​ពី​ប្រភព​ណា​មក»៕


 

© រក្សាសិទ្ធិដោយ thmeythmey.com