COVID-19
ជាតិ
សង្គមជាតិ
អាជីវករក្នុងផ្សារត្រាំខ្នារទាំងអស់ត្រូវយកសំណាក ធ្វើតេស្តរកកូវីដ-១៩
×
តាកែវ៖ រដ្ឋបាលខេត្តតាកែវសម្រេចបិទផ្សារត្រាំខ្នារ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រោយរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាអាជីវករក្នុងផ្សារ។ បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជីវករ ក្នុងផ្សារត្រាំខ្នារទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តរកជំងឺកូវីដ-១៩ ។
បើតាមសេចក្ដីសម្រេចដដែល មន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាក អាជីវករក្នុងផ្សារត្រាំខ្នារទាំងអស់ នៅថ្ងៃទី ១ ខែឱសភា នៅចំណតរថយន្តសហគមន៍ស្រះត្រាំខ្នារ ស្ថិតក្នុងឃុំសូរភី ស្រុកបាទី។ អាជីវករ ក៏អាចទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពរាល់ម៉ោងធ្វើការផងដែរ។
រដ្ឋបាលខេត្តតាកែវ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំ ប្រមូលផ្ដុំមនុស្សច្រើន នៅភូមិសាស្ត្រផ្សារត្រាំខ្នារលើកលែងសម្រាប់ពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរ។ ការយកសំណាករបស់ក្រុមគ្រូពេទ្យ។ ការជួបជុំរបស់សមាជិកគ្រួសារក្នុងលំនៅដ្ឋានរួម ក៏ត្រូវបានអនុញ្ញាតផងដែរ។
សូមជម្រាបថា នៅថ្ងៃទី៣០មេសានេះ ខេត្តតាកែវមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៧នាក់ ក្នុងនោះមានអាជីវករផ្សារត្រាំខ្នារ ១នាក់, កម្មការនី រោងចក្រ វូណាមី ៣នាក់និង ជនជាតិ ក្នុងរោងចក្រ ភីវី អ៊ិន ដាសស្រ្ទី(ខេមបូឌា) ឯ.ក ចំនួន៣នាក់។
គួរបញ្ជាក់ថា គិតមកពេលនេះកម្ពុជាមានករណីកូវីដ-១៩ សរុប១៣៤០២ករណី ក្នុងនោះ១២៨៥០ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៥១៥២នាក់ ស្លាប់មាន៩៣នាក់ និង៨១៥០នាក់កំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com