អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយរដ្ឋប្រហាររយៈពេល ៣ខែ មីយ៉ាន់ម៉ា កាន់តែផុងជ្រៅទៅក្នុងវិបត្តិនយោបាយ
01, May 2021 , 11:05 am        
រូបភាព
រូបភាព៖ EPA-EFE
រូបភាព៖ EPA-EFE
 
រយៈពេល ៣ខែហើយ ដែលក្រុមយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិល និងរំលាយសភាចោល។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈមក មីយ៉ាន់ម៉ា ត្រូវក្រុមយោធាប្រកាសដាក់ក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ។ ចាប់ពីពេលនោះមក មីយ៉ាន់ម៉ា បានជួបបញ្ហាជាច្រើនដូចជា​ បាតុកម្ម ការបាញ់សម្លាប់ក្រុមបាតុករ វិបត្តិមនុស្សធម៌ និងការប៉ះទង្គិចគ្នារវាងក្រុមយោធា និងក្រុមជនជាតិភាគតិចជាដើម។ មិនតែប៉ុណ្ណោះ មីយ៉ាន់ម៉ា ជាបណ្តើរៗកំពុងធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយផងដែរ។



គិតត្រឹមថ្ងៃទី១ ខែឧសភានេះ មនុស្សយ៉ាងហោចណាស់ ៧៣០នាក់ ត្រូវបានក្រុមប៉ូលិសមីយ៉ាន់ម៉ា បាញ់សម្លាប់ ក្នុងអំឡុងពេលធ្វើបាតុកម្ម និងមនុស្សជាច្រើនពាន់នាក់ ក្នុងនោះរួមទាំងអ្នកនយោបាយ អ្នកកាសែត តារាសម្តែង និងមនុស្សផ្សេងទៀតដែលប្រឆាំងនឹងក្រុមយោធា នៅតែបន្តជាប់ឃុំ ទោះរងទណ្ឌកម្ម និងការរិះគន់ពីរសហគមន៍អន្តរជាតិក៏ដោយ។

ក្រុមបាតុករជាច្រើនពាន់នាក់ នៅតែបន្តតវ៉ានៅមីយ៉ាន់ម៉ា ទោះក្រុមយោធាបានរឹតបន្តឹងសន្តិសុខនៅក្នុងប្រទេស។ តំបន់មួយចំនួន ដូចជានៅក្នុងទីក្រុងយ៉ាំងហ្គោនជាដើម នៅតែបន្តដាក់ក្រោមច្បាប់អាជ្ញាសឹក។ មិនតែប៉ុណ្ណោះ ក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ១០ក្រុម ក៏បានប្រកាសគាំទ្រប្រជាជនមីយ៉ាន់ម៉ាផងដែរ។ នៅពាក់កណ្តាលខែមេសា គណៈកម្មាធិការតំណាងសភាសហភាព បានបង្កើត​រដ្ឋាភិបាលបង្រួមបង្រួមជាតិមីយ៉ាន់ម៉ាថែមទៀត ដើម្បីតំណាងឱ្យប្រជាជន និងរដ្ឋាភិបាលស៊ិវិល ដែលក្រុមយោធាបានធ្វើរដ្ឋប្រហារនៅពេលកន្លងមក។

ស្របពេលប្រទេសកំពុងស្ថិតក្នុងស្ថានភាពស្មុគស្មាញ តួអង្គនយោបាយជាច្រើនក៏លេចឡើង។​ បញ្ហានេះ កំពុងធ្វើឱ្យមីយ៉ាន់ម៉ា ស្ថិតលើមាត់ជ្រោះនៃសង្គ្រាមស៊ីវិល។ នៅដើមខែមេសាកន្លងទៅ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការជាបន្ទាន់ ព្រោះបារម្ភថាមីយ៉ាន់ម៉ា អាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។

ការព្រមានរបស់ប្រេសិតពិសេសរូបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីក្រុមយោធា បានវាយប្រហារតាមផ្លូវអាកាសលើសហភាពជាតិការ៉េន (KNU) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ មានវត្តមានក្នុងរដ្ឋ Kayin ជាប់ព្រំដែនជាមួយថៃ។ កាលនោះ ប្រជាជនស៊ីវិលមួយចំនួន បានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរត់ភៀសខ្លួន។ ការវាយប្រហារនោះ គឺជាការសងសឹករបស់ក្រុមយោធាមីយ៉ាន់ម៉ា លើក្រុមជនជាតិការ៉េន ដែលបានបាញ់សម្លាប់យោធាមីយ៉ាន់ម៉ាចំនួន ១០នាក់ និងគ្រប់គ្រងមូលដ្ឋានយោធា។ មួយរយៈចុងក្រោយនេះ ក្រុមយោធាមីយ៉ាន់ម៉ា ក៏នៅតែបន្តវាយប្រហារលើក្រុមជនជាតិភាគតិចទាំងនោះដដែល ដោយសារក្រុមយោធា និងក្រុមជនជាតិភាគតិច បានប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។
ប្រជាជនតវ៉ា មិនចង់ឱ្យមានការបោះឆ្នោតឡើងវិញ។ រូបភាព៖ AFP ‬

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា គឺជាប្រទេសមួយ ដែលមានជាតិសាសន៍ជាច្រើន ដែលបង្កឱ្យមានការប្រកាន់ពូជសាសន៍ និងការរើសអើងជាប្រព័ន្ធ។ សូម្បីតែនៅក្នុងច្បាប់ មីយ៉ាន់ម៉ា មិនបានដាក់បញ្ញ្ចូលជនជាតិរ៉ូហ៊ីងយ៉ាជាប្រជាជនរបស់ខ្លួនឡើយ ដ្បិតក្រុមជនជាតិមួយនេះ រស់នៅមកជាយូរក៏ដោយ។ បញ្ហាបែបនេះហើយ ក្រុមយោធាតែងតែប៉ះទង្គិចគ្នា ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចជាញឹកញាប់នៅក្នុងអតីតកាល។ តួយ៉ាងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉េន តែងតែប្រយុទ្ធគ្នាជាមួយក្រុមយោធាមីយ៉ាន់ម៉ា ក្នុងរយៈពេលប្រមាណ ៧០ឆ្នាំមកនេះ។

នៅក្នុងឆ្នាំ២០១៥ ក្រុមជនជាតិភាគតិចចំនួន​ ៨ក្រុម បានចុះកិច្ចព្រមព្រៀងឈប់បាញ់ ហើយនៅក្នុងឆ្នាំ២០១៨ ក្រុមជនជាតិភាគតិចចំនួន ២ក្រុមទៀត បានចុះកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ពេលនេះការប៉ះទង្គិចរវាងក្រុមជនជាតិភាគតិច និងរដ្ឋាភិបាលយោធានៅតែបន្តកើតឡើង។

បញ្ហានយោបាយនៅមីយ៉ាន់ម៉ា កាន់តែស្មុគស្មាញថែមទៀត នៅពេលរដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង។ រដ្ឋាភិបាលបង្រួមបង្រួមជាតិនេះ បានទទួលការគាំទ្រខ្លាំងណាស់ពីសំណាក់ក្រុមបាតុករមីយ៉ាន់ម៉ា ព្រោះក្រុមបាតុករជឿថា រដ្ឋាភិបាលស្រមោលនេះហើយ ទើបជាអ្នកតំណាងឱ្យពួកគេ។

ដោយសារតែបញ្ហាប្រយុទ្ធគ្នាជាមួយក្រុមជនជាតិភាគតិចផង បាតុកម្មផងដែរ បូករួមទាំងរដ្ឋាភិបាលបង្រួបង្រួមជាតិថែមទៀត របបសឹកមីយ៉ាន់ម៉ា ទំនងជាមិនអាចគ្រប់គ្រងស្ថានការណ៍ ឬរៀបចំស្ថិរភាពនៅក្នុងប្រទេសឱ្យបានឆាប់រហ័សឡើយ។ ការបោះឆ្នោតថ្មីក្រោយការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ក៏អាចពន្យាពេលយូរផងដែរ។

អស្ថិរភាពនៅមីយ៉ាន់ម៉ាមានរយៈពេលយូរបែបនេះ គឺដោយសារតែភាគីប្រឆាំងនឹងក្រុមយោធា និងរដ្ឋាភិបាលយោធា បានបង្ហាញជំហរខុសគ្នា។ ជាក់ស្តែងបន្ទាប់ពីរដ្ឋប្រហារ ក្រុមយោធាសន្យាថា នឹងរៀបចំការបោះឆ្នោត បន្ទាប់ពីស្ថានភាពអាសន្នត្រូវបញ្ចប់។ ផ្ទុយទៅវិញ ក្រុមបាតុករ មិនចង់ឱ្យមានការរៀបចំការបោះឆ្នោតថ្មីឡើយ ពោលគឺក្រុមយោធា ត្រូវរៀបចំរដ្ឋាភិបាលចាស់​ ដែលកើតចេញពីការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

បន្ថែមពីលើនេះ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានប្រាប់អាស៊ាន ដែលបានបើកកិច្ចប្រជុំមេដឹកនាំ នៅថ្ងៃទី២៤ ខែមេសាកន្លងមក ថា ខ្លួនស្វាគមន៍ចំពោះសេចក្តីស្នើរបស់អាស៊ាន ប៉ុន្តែក្នុងនាមជាភាគីសំខាន់មួយនៅមីយ៉ាន់ម៉ា ខ្លួននឹងមិនចូលអង្គុយតុចរចាឡើយ ប្រសិនបើយោធាមិនដោះលែងអ្នកជាប់ឃុំ រួមទាំងលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល។

ចំណែកជំហរក្រុមយោធាវិញ មីយ៉ាន់ម៉ា នឹងទទួលសំណើរបស់អាស៊ាន ទាល់តែប្រទេសអាស៊ីគ្នេយ៍មួយនេះ មានស្ថិរភាពជាមុនសិន។ ម្យ៉ាងវិញទៀត ការស្នើឱ្យដោះលែងលោកស្រីស៊ូជី​ និងអ្នកជាប់ឃុំ នឹងមិនត្រូវក្រុមយោធាមកពិចារណាឡើយ ព្រោះក្នុងកាលៈទេសៈបែបនេះ លោកស្រីស៊ូជី គឺជាគ្រាប់អុកដ៏សំខាន់។ ការមិនដោះលែងនេះ ក្រុមយោធាមីយ៉ាន់ម៉ា អាចនឹងប្រើហេតុផលថា លោកស្រីស៊ូជី កំពុងស្ថិតក្រោមការស៊ើបអង្កេត និងការចោទប្រកាន់មួយចំនួនជាដើម។

ពីអំណឹះតទៅដំណោះស្រាយសម្រាប់បញ្ហានយោបាយនៅមីយ៉ាន់ម៉ា មិនងាយនឹងរកឃើញឡើយ ព្រោះភាគីប្រឆាំងក្រុមយោធា និងរបបសឹកមានការយល់ខុសលើបញ្ហានៅមីយ៉ាន់ម៉ា។ ម្យ៉ាងភាគីទាំងសងខាងសុទ្ធរក្សាជំហរតឹងរឹងរៀងខ្លួន ដោយមិនបានបង្ហាញពីសញ្ញានៃការធ្វើសម្បទាននយោបាយឱ្យគ្នាឡើយ។ ភាគស្មុគស្មាញនេះ ក៏មានឥទ្ធិពលមកលើប្រទេស និងអង្គការក្នុងតំបន់ផងដែរ។

អាស៊ាន និងសហគមន៍អន្តរជាតិ

បន្ទាប់ពីរដ្ឋប្រហារយោធាកើតឡើង ទណ្ឌកម្មមិនតិចទេ ដែលបានដាក់លើក្រុមយោធា និងក្រុមហ៊ុន ដែលយោធាគ្រប់គ្រង ដោយអាមេរិក អង់គ្លេស កាណាដា និងអឺរ៉ុបជាដើម។ យ៉ាងណាមិញ ទណ្ឌកម្មទាំងនោះ មិនអាចដាក់គំនាបលើរដ្ឋាភិបាលយោធា និងមិនអាចបញ្ឈប់ការបង្រ្កាបលើក្រុមបាតុករបានឡើយ។

ស្របពេលមានប្រទេសមួយចំនួនដាក់ទណ្ឌកម្ម ប្រទេសផ្សេងទៀតបានអះអាងថា ខ្លួននឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាឡើយ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះមានដូចជាចិន និងរុស្ស៊ីជាដើម។ វាមិនមែនចម្លែកទេ ព្រោះនេះគឺជាគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។

ដ្បិតថា ចិននិងរុស្ស៊ីបានអនុវត្តគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយមែន ប៉ុន្តែប្រទេសមហាអំណាចទាំងពីរនេះ គឺមានតួនាទីសំខាន់ ក្នុងការបញ្ចុះបញ្ជូលឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ឱ្យដោះលែងអ្នកជាប់ឃុំ រួមទាំងលោកស្រីស៊ូជី។ ការធ្វើបែបនេះ ដើម្បីឱ្យក្រុមយោធាធ្វើសម្បទាននយោបាយ ដែលអាចឱ្យភាគីរដ្ឋាភិបាលបង្រួបបង្រួមមីយ៉ាន់ម៉ា អាចចូលតុចរចាបាន។

ចំណែកប្រទេសលោកខាងលិច ក៏មានតួនាទីដូចគ្នា ក្នុងការបញ្ជុះបញ្ជូលឱ្យក្រុមប្រឆាំងយោធា ធ្វើសម្បទាននយោបាយដូចគ្នា ដើម្បីរៀបចំស្ថិរភាពនៅមីយ៉ាន់ម៉ាឡើងវិញ ដែលអាចឱ្យអ្នកតំណាងអាស៊ាន ចូលទៅទស្សនកិច្ចប្រទេសមួយនេះបាន។

ស្របគ្នាដែរ អាស៊ាន អាចដើរតួជាអ្នកសម្របសម្រួល ឬរៀបចំកិច្ចចារចារវាងក្រុមយោធា និងក្រុមប្រឆាំង។ ប៉ុន្តែបញ្ហានេះ មិនមែនជារឿងងាយស្រួលឡើយ ដែលអាចបញ្ចុះបញ្ជូលក្រុមប្រឆាំង និងរដ្ឋាភិបាលយោធា មកចូលតុចរចាបាន។

ដរាបណាភាគីនៅមីយ៉ាន់ម៉ា មិនធ្វើសម្បទាននយោបាយ និងការលូកដៃពីសំណាក់បរទេស កិច្ចចរចារវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងយោធា ទំនងជាមិនអាចកើតឡើងឡើយ។

សូមបញ្ជាក់ថា ប្រសិនបើបញ្ហានយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ វិបត្តិមនុស្សធម៌ដ៏ធំនឹងកើត ដោយសារការធ្វើចំណាកស្រុករបស់ប្រជាជន ដើម្បីរកកន្លែងសុវត្ថិភាព។ ចំណែកប្រទេសជិតខាងមីយ៉ាន់ម៉ា នឹងមានបន្ទុកកាន់តែធ្ងន់ ក្នុងការដោះស្រាយជនភៀសខ្លួន ខណៈពេលកូវីដ-១៩ កំពុងរីកសាយខ្លាំង៕


Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
  រដ្ឋប្រហារ
© រក្សាសិទ្ធិដោយ thmeythmey.com