ជាតិ
សង្គមជាតិ
រដ្ឋ បានចំណាយថវិកា៣៣ប៊ីលានរៀល ដល់ស្ត្រីសម្រាលកូន ជាង៨ម៉ឺននាក់ នៅឆ្នាំ២០២០ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ និងបានផ្ដិតរូបភាពជាមួយកម្មការិនីមានផ្ទៃពោះ កាលពីឆ្នាំ២០១៨ កន្លងមក
×
ភ្នំពេញ៖ រដ្ឋាភិបាល បានចំណាយថវិកា៣៣ប៊ីលានរៀល (ជាង៨លានដុល្លារអាមេរិក) ដល់ស្ត្រីសម្រាលកូន នៅឆ្នាំ២០២០កន្លងមក។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសារលិខិតនៅក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១៣៥។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្ត្រី ៨១, ៩៩០នាក់ ដែលបានសម្រាលកូនចំនួន ៨២,៥២៧ (មានកូនភ្លោះ) នូវទឹកប្រាក់៣៣ប៊ីលានរៀល។ បើតាមរដ្ឋាភិបាល តួលេខស្ត្រីសម្រាលកូន នៅឆ្នាំ២០២០ មានការកើនឡើង៧,៣ភាគរយ ខណៈទារកកើតមក ក៏កើនឡើង៧,៣ភាគរយដែរ។
រដ្ឋាភិបាល បានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ ដែលបានសម្រាលកូននេះ ចាប់តាំងពីឆ្នាំ២០១៨មក។ រយៈពេល៣ឆ្នាំមកនេះ រដ្ឋបានចំណាយទឹកប្រាកអស់៨៧,១ប៊ីលានរៀលហើយ (ជាង២១លានដុល្លារអាមេរិក)។
គោលនយោបាយឧបត្ថម្ភសាច់ប្រាក់នេះ គឺរដ្ឋ នឹងផ្ដល់ដល់កម្មការិនីរោងចក្រ និងមន្ត្រីសាធារណៈ ដែលសម្រាលកូន១នាក់ នឹងទទួលប្រាក់៤០ម៉ឺនរៀល, កូនភ្លោះទទួលប្រាក់៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបានទឹកប្រាក់១លាន ២សែនរៀល ។ សម្រាប់អ្នកសម្រាលកូនភ្លោះ៣នេះ និងទទួលបានប្រាក់ឧបត្ថម្ភ៥លានរៀលបន្ថែម ពីសម្ដេច ហ៊ុន សែន ផងដែរ។ ប៉ុន្តែក្នុងករណីកម្មការិនី និងមន្ត្រីសាធារណៈ ដែលសម្រាលកូនហើយ មិនទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះ ត្រូវប្រាប់សម្ដេច ហ៊ុន សែន តាមរយៈការផ្ញើសារចូលក្នុងហ្វេសប៊ុកសម្ដេច។
ចំពោះគោលនយោបាយនេះ រដ្ឋាភិបាល បានរៀបចំថវិកា១០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់លើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះនេះ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី កន្លងមក៕
Tag:
ហ៊ុន សែន
កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com