COVID-19
ជាតិ
លោក ហេង សួរ៖ កម្មករនៅតំបន់ក្រហម កុំទាន់ទៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ បើមិនទាន់មានលេខរៀង
01, May 2021 , 3:39 pm        
រូបភាព
កម្មករនោយោជិតចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១ឧសភា ឆ្នាំ២០២១។ (រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
កម្មករនោយោជិតចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១ឧសភា ឆ្នាំ២០២១។ (រូបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ក្រហម ចាប់ផ្ដើមចាក់នៅថ្ងៃទី១ឧសភានេះ ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវឲ្យកម្មករទាំងអស់ ដែលមិនទាន់ទទួលបានលេខរៀងពីអាជ្ញាធរ កុំទាន់ទៅទីតាំងចាក់វ៉ាក់សាំង។ ការធ្វើបែបនេះ គឺដើម្បីបង្ការភាពចង្អៀតណែន ដែលជាការកាត់បន្ថយបញ្ហាប្រឈមនៃរីករាលដាលកូវីដ-១៩។


លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានណែនាំដល់កម្មករក្នុងតំបន់ក្រហម តាមរយៈសារជាសំឡេងក្នុងប្រព័ន្ធតេឡេក្រាមថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងតំបន់ក្រហម គឺចាក់ចូលដល់កម្មករទាំងអស់គ្នា ។ លោកបានបញ្ជាក់ប្រាប់កម្មករថា កុំភ័យខ្លាចអស់វ៉ាក់សាំង ព្រោះវ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់។ លោកសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺត្រូវធ្វើឡើងដោយមានរបៀបរៀបរយ ពោលគឺត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

«នីតិវិធីនៃការទៅចាក់ទាល់តែមានលិខិតអញ្ជើញពីភូមិឬសង្កាត់បានយើងអាចទៅចាក់បាន ដូច្នេះ សូមឲ្យបងប្អូនអត់ទាន់មានលេខរៀង មានលិខិតអញ្ចើញពីភូមិឬសង្កាត់ទេ សូមកុំអាលនាំគ្នាទៅកន្លែងចាក់វ៉ាក់សាំង...បើបងប្អូននាំគ្នាទៅច្រើននាំចាល់គ្នានៅកន្លែងចាក់វ៉ាក់សាំង»។ នេះបើតាមការលើកឡើងរបស់លោក ហេង សួង ដោយស្នើឲ្យមេសហជីពនិងអាជ្ញាធរណែនាំសារនេះ បន្តដល់កម្មករតាមមូលដ្ឋាន។

យុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការនេះ ក្រសួងការពារជាតិជាអ្នកបញ្ជូនក្រុមគ្រូពេទ្យជំនាញ ចូលទៅកាន់តំបន់គោលដៅ ដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់ពលរដ្ឋចាប់ពីថ្ងៃទី១ឧសភា។ ដំណើរការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់នេះ គ្រោងប្រើពេល១៥ថ្ងៃ ដល់ពលរដ្ឋនៅតំបន់ក្រហម។
 
អត្ថបទទាក់ទង

បើតាមរដ្ឋបាលរាជធានីភ្នំពេញ តំបន់ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានពលរដ្ឋក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមានសរុបចំនួន៣៣សង្កាត់ ហើយទីតាំងចាក់វ៉ាក់សាំង៤៤កន្លែង។ ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ទទួលបានជោគជ័យតាមការគ្រោងទុក ក្រសួងការពារជាតិ បានស្នើសុំការសហការ ពីក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលពលរដ្ឋតាមមូលដ្ឋាន។  
 
សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ដល់ប្រជាពលរដ្ ឋរស់នៅតំបន់ក្រហមនេះ នឹងចាប់បើកយុទ្ធនាការ ពីថ្ងៃទី១ឧសភា ដល់ថ្ងៃទី៣០ឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕


Tag:
 កម្មករ
  វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com