ជាតិ
សង្គមជាតិ
ខេត្តសៀមរាបរកឃើញវិជ្ជមានថ្មីម្នាក់ និងជាសះស្បើយពីរនាក់បន្ថែមទៀត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទីដែលអ្នកវិជ្ជមានកូវីដ១៩កំពុងសម្រាកព្យាបាល។ រូបភាព៖ អ៉ីសា រ៉ហានី
× សៀមរាប៖ នៅថ្ងៃទី១ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត និងជាសះស្បើយចំនួនពីរនាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត អ្នកវិជ្ជមានថ្មីនេះ មានឈ្មោះ ចេង គិមនូវ អាយុ៤០ឆ្នាំ ត្រូវជាភរិយាឈ្មោះ ស៊ាង គឹមសាន មានទីលំនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរកឃើញវិជ្ជមាននៅថ្ងៃទី២៨ ខែមេសា អំឡុងពេលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អ្នកជំងឺថ្មីនេះ គឺបញ្ជាក់ថាមានវិជ្ជមានក្នុងពេលយកសំណាកតេស្ដលើកទី២។
ចំណែកអ្នកជាសះស្បើយចំនួន២នាក់ រួមមានឈ្មោះ ពៅ ឧស្សាហ៍ អាយុ១៧ឆ្នាំ បុគ្គលិកហាងកាហ្វេ លិង្គ១០០០ ដែលពាក់ព័ន្ធនឹងបុរសអ្នករត់តាក់ស៊ី និងឈ្មោះ ជឿម ផល្លា អាយុ ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់ស្វាតដង្គំ ក្រុងសៀមរាប។
គិតត្រឹមថ្ងៃទី១ ឧសភា ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ ចំនួន៣៧នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក្នុងនោះជាសះស្បើយ១៤នាក់ នៅសល់២៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com