ជាតិ
សង្គមជាតិ
វិជ្ជមានកូវីដម្នាក់ទៀតនៅសៀមរាប ជាអ្នកបើករថយន្តបញ្ញើទំនិញពីភ្នំពេញ អគារព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រូបភាព៖ អ៉ីសា រ៉ហានី
× សៀមរាប៖ បុរសអ្នកបើករថយន្តបញ្ជើទំនិញម្នាក់ តេស្ដឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១ ឧសភា នេះ ក្រោយបុរសរូបនេះ ដឹកទំនិញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ គោលដៅមកខេត្តសៀមរាប។
យោងតាមសេចក្ដីជូនប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បុរសខាងលើមានឈ្មោះ ម៉ង់ ប៊ុនថែន អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិខ្នារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាអ្នកបើករថយន្តបញ្ញើទំនិញឱ្យក្រុមហ៊ុនឯកជន ក្នុងគោលដៅពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានបញ្ជាក់ពីករណីនេះថា នៅថ្ងៃទី១ ឧសភា បុរសខាងលើបានបើករថយន្តឆ្លងកាត់គោលដៅត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់សៀមរាប-កំពង់ធំ និងត្រូវបានមន្ត្រីនៅទីនោះបញ្ជូនឱ្យមកពិនិត្យសំណាកនៅសាលាគុរុកោសល្យខេត្ត ហើយចុងក្រោយបានតេស្ដឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃដដែល។ លោក ក្រុស សារ៉ាត់ បន្ថែមថា ករណីនេះមិនទាន់មានការប៉ះពាល់ដល់អ្នកឯទៀត ដែលរស់នៅក្នុងខេត្តសៀមរាបនោះទេ។
រដ្ឋបាលខេត្តសៀមរាប បានស្នើឱ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ហើយប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរសព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
គិតត្រឹមថ្ងៃទី១ ឧសភា ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣៨នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះបានជាសះស្បើយ១៤នាក់ និង២៤នាក់ទៀត កំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com