អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក នឹង​អនុវត្ត «​វិធីសាស្ត្រ​ជាក់ស្តែង​» នៅ​ចំពោះមុខ​កូរ៉េខាងជើង​
01, May 2021 , 10:44 pm        
រូបភាព
អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រីJen Psaki។ រូបភាព៖ AP
អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រីJen Psaki។ រូបភាព៖ AP
សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​៣០ ខែមេសា បានប្រកាសថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​ស្វែងរក​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង ស្របពេល​អាមេរិក បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​ការបរទេស​ខ្លួន នៅ​ចំពោះមុខ​កូរ៉េខាងជើង​។ គោលនយោបាយ ដែល​អាមេរិក​គ្រោង​នឹង​ប្រើ​ជាមួយ​កូរ៉េខាងជើង​នេះ គឺជា​ការអនុវត្ត​វិធីសាស្ត្រ​បែប​ជាក់ស្តែង​។


 
​ភាពជាប់គាំង​នៃ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​លើ​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ គឺមាន​តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ​។ ប៉ុន្តែ​លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក​ថ្មី កន្លងមក ធ្លាប់បាន​អះអាងថា កូរ៉េខាងជើង គឺជា​របៀបវារៈ​អាទិភាព​មួយ​របស់​អាមេរិក​។ ពេលនេះ អាមេរិក​បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​ការបរទេស​ខ្លួន​នៅ​ចំពោះមុខ​កូរ៉េខាងជើង​ហើយ​។​
 
«​គោ​យ​នយោបាយ​ថ្មី​របស់​យើង មិន​ផ្តោតលើ​ការជោគជ័យ​ធំធេង​ឡើយ ហើយក៏​មិន​អនុវត្ត​យុទ្ធសាស្ត្រ​បែប​ស្ងៀមស្ងាត់​ផងដែរ​»​។ អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក លោកស្រី​Jen Psaki បានលើកឡើង​បែបនេះ ប្រាប់​អ្នកសារព័ត៌មាន ដោយ​បន្ថែមថា គោលនយោបាយ​ថ្មី​របស់​អាមេរិក គឺជា​ការអនុវត្ត​បែប​ជាក់ស្តែង ដើម្បី​ឈានទៅដល់​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ពង្រឹង​សន្តិសុខ​របស់​អាមេរិក​។ 
 
​ជាមួយគ្នានេះ អ្នកនាំពាក្យ​សេត​វិមាន​រូបនេះ ក៏បាន​បន្តទៀតថា អាមេរិក នឹង​សហការ​ជាមួយ​កូរ៉េខាងត្បូង ជប៉ុន និង​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ផងដែរ ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង​។​
 
​សូមបញ្ជាក់ថា កន្លងមក​កូរ៉េខាងជើង បានបញ្ជាក់​យ៉ាងច្បាស់ៗ​ថា ខ្លួន​នឹង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​វិញ រហូតទល់​តែ​រដ្ឋអំណាច​ក្រុង​វ៉ាស៊ីនតោន​បញ្ឈប់​គោលនយោបាយ​បែប​សត្រូវ​ដាក់​កូរ៉េខាងជើង​៕ 

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com