ជាតិ
សង្គមជាតិ
​បច្ចេកវិទ្យា
លោក ហ៊ន សុវណ្ណដា បង្កើតកម្មវិធីដើរលេងតាមអនឡាញ ដើម្បីផ្សព្វផ្សាយសហគមន៍ទេសចរណ៍
02, May 2021 , 9:30 am        
រូបភាព
ដោយ:
ដើរលេងតាមអនឡាញ ជាកម្មវិធីមួយដែលអ្នកចូលរួម អាចទទួលបានព័ត៌មានពីសហគមន៍ទេសចរណ៍ និងអាចទស្សនាវីដេអូ ព្រមទាំងរូបភាពសព្វព្រៃ។ លោក ហ៊ន សុវណ្ណដា បង្កើតកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយពីសហគមន៍ទេសចរណ៍ ក្នុងអំឡុងពេលគ្មានវត្តមានភ្ញៀវ ព្រោះការរីករាលនៃជំងឺកូវីដ-១៩។


ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យភ្ញៀវទេសចរ ខ្លាចរអានឹងការដើរកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍នានា ម្យ៉ាងវិញទៀតតំបន់មួយចំនួន ក៏ត្រូវបានបិទខ្ទប់។ លោក ហ៊ន សុវណ្ណដា យល់ថា ក្នុងដំណាក់កាលបិទខ្ទប់នេះ មនុស្សមួយចំនួនអាចនឹងមាន ភាពធុញទ្រាន់ច្រើន ទើបលោកបង្កើតកម្មវិធីដើរលេងតាមអនឡាញ ដើម្បីជាការកម្សាន្ត និងចែករំលែកព័ត៌មានពីសហគមន៍ទេសចរណ៍។

លោក ហ៊ន សុវណ្ណដា ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះថា៖ « ខ្ញុំឃើញថាអ្នកនៅភ្នំពេញ អត់បានទៅណា គាត់នៅតែផ្ទះ ស្ត្រេស អ៊ីចឹងខ្ញុំបង្កើតកម្មវិធីនេះឡើង។ មួយវិញទៀត យើងអាចផ្សព្វផ្សាយសហគមន៍មួយៗ ដល់ពេលទេសចរ អាចចេញដើរលេងបាន គាត់នឹងទៅលេងកន្លែងហ្នឹង ព្រោះអីគាត់បានដឹងថា កន្លែងហ្នឹងមានអីលេងខ្លះហើយ»។

អ្នកចង់ចូលរួមកម្មវិធីដើរលេងតាមអនឡាញ ក៏ត្រូវបង់លុយបន្តិចបន្តួចដែរ គឺប្រមាណពី ៨០០០រៀល ទៅ១២០០០រៀល។ បើតាមលោក សុវណ្ណដា ថវិកានេះ គឺប្រគល់ជូនប្រជាសហគមន៍ដែលបានមកធ្វើបទបង្ហាញ ពីសហគមន៍របស់ខ្លួន តាមរយៈ Zoom ដល់អ្នកចូលរួម។

ចំពោះផលលំបាកវិញ សម្រាប់ការបង្កើតកម្មវិធីនេះ លោក សុវណ្ណដា រៀបរាប់ថា អ្វីដែលលំបាកខ្លាំងបំផុត គឺបញ្ហាអ៊ីនធឺណិត និងអគ្គិសនី
ព្រោះសហគមន៍មួយចំនួនគឺនៅក្នុងព្រៃ និងដាច់ស្រយាល។ ដោយឡែកសម្រាប់ឯកសារពីសហគមន៍នីមួយៗ យុវជនរូបនេះមិនសូវជួបការលំបាកទេ ព្រោះខ្លួនទាក់ទង ជាមួយប្រជាសហគមន៍ផ្ទាល់តែម្ដង។

កម្មវិធីដើរលេងតាមអនឡាញ របស់លោកសុវណ្ណដា ទទួលបាន ការគាំទ្រជាបន្តបន្ទាប់ ដែលមកដល់បច្ចុប្បន្នលោករៀបចំកម្មវិធីនេះបានចំនួន ៤លើកមកហើយ។ លោក សុវណ្ណដា ក៏មានគម្រោងរៀបចំកម្មវិធីដើរលេងតាមអនឡាញជាបន្តបន្ទាប់ នៅសហគមន៍ផ្សេងៗទៀតដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com