COVID-19
ជាតិ
អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ភូមិ​ពោធិ៍ ស្រុក​ជីក្រែង ក្រោយ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៣​នាក់​
02, May 2021 , 12:34 pm        
រូបភាព
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឈរថ្លែងពីការអនុវត្តវិធានការនានា ទៅកាន់មន្ត្រី និងពលរដ្ឋមូលដ្ឋាន កាលពីថ្ងៃទី២៩ មេសា ២០២១
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឈរថ្លែងពីការអនុវត្តវិធានការនានា ទៅកាន់មន្ត្រី និងពលរដ្ឋមូលដ្ឋាន កាលពីថ្ងៃទី២៩ មេសា ២០២១
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​ភូមិ​ពោធិ៍ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ក្រោយ​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន​៣​នាក់ នៅក្នុង​មូលដ្ឋាន​។

 
 
​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប បុគ្គល​វិជ្ជមាន​ទាំង​៣​នាក់​ខាងលើ គឺ​សមាជិកគ្រួសារ​តែមួយ ដែល​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមេសា ហើយ​បាន​កុហក​ក្រុមមន្ត្រី​ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ច្រក​ព្រំប្រទល់​សៀមរាប​-​កំពង់ធំ ថា​មកពី​ខេត្តកំពង់ស្ពឺ​។ 
 
​អ្នក​វិជ្ជមាន​ទាំង​៣​ខាងលើ​រួមមាន ទី​១ ឈ្មោះ សៀន សៅ​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ប្រពន្ធ​) ទី​២​ឈ្មោះ ក្ដិ​ប ថុល ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ (​ប្ដី​)​និង​ទី​៣ ឈ្មោះ ត្រេង បញ្ហា ភេទ​ប្រុស អាយុ ១​ឆ្នាំកន្លះ (​កូន​)​។ អាជ្ញាធរ​បានសម្រេច​បិទ​ខ្ទប់​ភូមិ​ពោធិ៍ រហូតដល់​មាន​សេចក្ដីជូនដំណឹង​ជាថ្មី ដើម្បី​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ ក៏ដូចជា​ទប់ស្កាត់​ការរីក​រាលដាល​ក្នុង​សហគមន៍​។​
 
​រដ្ឋបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ត្រូវ​ប្រញាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ដោយ​មិនត្រូវ​ពាក់ព័ន្ធ​នឹង​អ្នក​ឯទៀត​ជាដាច់ខាត​។ ហើយ​ករណី​សង្ស័យ​អាកា​រៈណា​មួយ ត្រូវ​ប្រញាប់​រាយការណ៍​តាម​លេខ​ទូរ​សព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​
 
​ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ពិសេស​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្ដា​ឡី​ស័ក ដើម្បី​បង្ការ​ពី​ការ​ប្រឈម​ការផ្តន្ទាទោស​តាមច្បាប់​។​
 
​គួរ​បញ្ជាក់ថា ក្នុង​ថ្ងៃទី​១ ខែឧសភា ខេត្តសៀមរាប​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​៤​នាក់ ក្នុងនោះ​មាន​បុគ្គល​វិជ្ជមាន​៣​នាក់​ខាងលើ និង​បុរស​អ្នកបើករថយន្ត​ប​ញ្ជើ​ទំនិញ​មកពី​រាជធានី​ភ្នំពេញ​។ សរុប​អ្នក​វិជ្ជមាន​ចំនួន ៤១​នាក់ ដែល​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​នោះបាន​ជាសះស្បើយ​១៥​នាក់ និង​២៦​នាក់​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com