ជាតិ
សង្គមជាតិ
ស្រីពៅ ដូរមកលក់ត្រីងៀតបណ្តោះអាសន្ន ក្រោយតូបគុយទាវខ្លួនត្រូវបិទដើម្បីបង្ការជំងឺកូវីដ-១៩ កញ្ញា ញ៉ុម ស្រីពៅ អាជីវករលក់ត្រីងៀត ផ្សារព្រៃខ្មែរ ខេត្តកំពង់ឆ្នាំង។
× ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ កញ្ញា ញ៉ុម ស្រីពៅ បានចាប់មុខរបរជាអ្នកធ្វើ និងលក់ត្រីងៀត ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ស្របពេលដែលតូបគុយទាវរបស់ខ្លួនត្រូវផ្អាកបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ កញ្ញាស្រីពៅ ដែលរស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អះអាងថា មុខរបរថ្មីបណ្តោះអាសន្នរបស់ខ្លួន ទទួលបានការគាំទ្រគួរសម ហើយអតិថិជនភាគច្រើនជាអ្នកភ្នំពេញ ដែលស្ថិតក្នុងការបិទខ្ទប់។ មួយសប្ដាហ៍ខ្លួន មានការបញ្ជាទិញត្រីងៀតពីអតិថិជន ពី២០គីឡូក្រាម ទៅ៣០គីឡូក្រាម។
កញ្ញា ញ៉ុម ស្រីពៅ ជាអ្នកលក់ត្រីងៀតមួយរូប នៅផ្សារព្រៃខ្មែរ ដែលស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យុវតីរូបនេះ ទើបចាប់ការលក់ត្រីងៀតនេះ បានប្រមាណកន្លះខែប៉ុណ្ណោះ បន្ទាប់ពីតូបលក់គុយទាវរបស់ត្រូវផ្អាកលក់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
កញ្ញា ញ៉ុម ស្រីពៅ បានប្រាប់សារព័ត៌មាន Thmeythmey25ថា អតិថិជនដែលបញ្ជាទិញត្រីងៀតរបស់ខ្លួន ភាគច្រើនជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលកំពុងអនុវត្តវិធានការបិទខ្ទប់។ ក្នុងមួយសប្តាហ៍ ត្រីងៀតរបស់អាជីវកររូបនេះ ទទួលបានបញ្ជាទិញពីអតិថិជនចន្លោះ ២០គីឡូក្រាម ទៅ៣០គីឡូក្រាម។ ត្រីងៀតលក់រាយ មួយគីឡូក្រាម ៤០,០០០រៀល។
នេះជាការបន្ថែមរបស់កញ្ញា ញ៉ុម ស្រីពៅ ដែលនាងបានបន្តដូច្នេះ៖«នៅក្នុងពេលកូវីដ(១៩)នេះ ពួកគាត់ត្រៀមស្បៀងទុក តែមិនមែនមានតែត្រីងៀតមួយមុខនោះទេ គាត់អាចទិញអ្វីផ្សេងទៀតបាន អ៊ីចឹងនេះ(ត្រីងៀត) វាគ្រាន់ជា(អាហារ)បន្ទាប់បន្សំ។ មួយគ្រួសារ ពួកគាត់អាចទិញប្រហែល មួយគីឡូក្រាម ពីរគីឡូក្រាមអីហ្នឹង»។
ការលក់ដូរត្រីងៀតត្រឹមរយៈពេលខ្លី ប៉ុន្តែទទួលបានការគាំទ្រច្រើនគួរសមពីអតិថិជន ហើយការណ៍នេះ បានធ្វើឱ្យអាជីវករស្រីពៅ រឹតតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងការធ្វើត្រីងៀត និងការវេចខ្ចប់ជូនអតិថិជន ដើម្បីធានាបាននូវរសជាតិ អនាម័យ និងគុណភាព។ កញ្ញា បញ្ជាក់ថ៖ «រឿងរសជាតិ និងអនាម័យជារឿងសំខាន់ កាលណាយើងរក្សារសជាតិឆ្ងាញ់ គិតគូរលើអនាម័យ ក៏ដូចជាសុខភាពអ្នកទិញ នោះគាត់មកទិញថ្ងៃហ្នឹងប្រាកដជាគាត់មកទិញលើកក្រោយទៀតហើយ»។
ថ្វីបើអាជីវកម្មរបស់ខ្លួនទទួលបានការគាំទ្រ ក្នុងអំឡុងពេលបិទខ្ទប់នេះ ប៉ុន្តែវាជារបរបណ្តោះអាសន្នប៉ុណ្ណោះសម្រាប់កញ្ញា ញ៉ុម ស្រីពៅ។ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាលវិញ នាងនឹងបើកតូបគុយទាវលក់ដូចពីមុនវិញ៕
Tag:
ញ៉ុម ស្រីពៅ
កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com