COVID-19
ជាតិ
លោក ហាក់ សីហា៖ ឆ្នាំនេះផ្លែគុយសម្បូរ តែតម្លៃថោក ហើយក៏ពិបាកលក់
02, May 2021 , 4:10 pm        
រូបភាព
រូបពី ហ្វេសបុក លោក ហាក់ សីហា
រូបពី ហ្វេសបុក លោក ហាក់ សីហា
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា


ផ្លែគុយ ជាផ្លែឈើព្រៃមួយប្រភេទ ដែលហុចផលនៅចន្លោះខែមីនា និងមេសា។ នៅក្នុងឆ្នាំនេះ ផ្លែឈើព្រៃដែលមានរសជាតិជូរលាយផ្អែមនេះ ផ្តល់ផលច្រើន ប៉ុន្តែតម្លៃទាបជាឆ្នាំកន្លងមកជាងពាក់កណ្តាល។ នេះបើតាមលោក ហាក់ សីហា ជាអ្នកលក់ផ្លែគុយ នៅឃុំនរគធំ ស្រុកសៀមរាប ខេត្តសៀមរាប។ ឈ្មួញរូបនេះ បញ្ជាក់ថាតម្លៃគុយធ្លាក់ចុះ គឺដោយសារតែបម្រាមធ្វើដំណើរឆ្លងខេត្តនាពេលកន្លងមក ការបិទតំបន់ទេសចរណ៍នៅក្នុងខេត្តសៀមរាបផងដែរ។


 
លោក ហាក់ សីហា ជាអ្នកលក់ផ្លែគុយ នៅភូមិអញ្ចាញ ឃុំនរគធំ ស្រុកសៀមរាប ខេត្តសៀមរាប។ រដូវប្រមូលផលផ្លែឈើព្រៃនេះ គឺចន្លោះខែមីនា និងមេសា។ នេះបើតាមលោក ហាក់ សីហា ដែលបានបន្តប្រាប់សារព័ត៌មាន Thmeythmeyថា នៅក្នុងឆ្នាំនេះ ផ្លែគុយផ្តល់ទិន្នផលច្រើន ប៉ុន្តែតម្លៃថោកជាងពេលកន្លងមក ព្រោះមិនសូវសម្បូរអ្នកទិញ។ បើតាម លោក សីហា ការថយចុះតម្រូវការរបស់អតិថិជន គឺដោយសារតែបម្រាមការធ្វើដំណើរកន្លងមក ដែលពិបាកដល់ការដឹកជញ្ជូនទំនិញនោះ។
 
តម្លៃគុយឆ្នាំនេះ ធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងតម្លៃនាឆ្នាំមុន។ នេះបើតាមលោក ហាក់ សីហា ដែលបានបន្តដូច្នេះ៖«កាលឆ្នាំមុន គុយ១គីឡូក្រាម តម្លៃលក់នៅក្នុងខេត្តសៀមរាប អាចលក់បានពីចន្លោះ ២ម៉ឺនរៀល ទៅ២ម៉ឺនប្រាំពាន់រៀល។ ប៉ុន្ដែក្នុងឆ្នាំនេះ ខ្ញុំលក់បានត្រឹមតម្លៃ ៨ពាន់រៀល ទៅ១ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រោម»។

ក្រៅពីបម្រាមការធ្វើការដំណើរ ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅក្នុងខេត្តសៀមរាប ដែលឈានដល់ការបិទខ្ទប់សង្កាត់មួយចំនួន និងបិទសកម្មភាពទេសចរណ៍នៅក្នុងខេត្ត ក៏ជាកត្តជះឥទ្ធិពលដល់តម្លៃគុយដែរ។ លោក ហាក់ សីហា បញ្ជាក់បន្ថែមថា ការបរិមាណលក់ចេញ ក៏បានតិចដែរ ព្រោះអ្នកទិញភាគច្រើនជាអ្នកទេសចរ។ «ដល់រដូវសម្បូរផ្លែគុយបែរជា អាជ្ញាធរបិទធ្វើចរាចរណ៍ពីខេត្តផ្សេងៗ មកកាន់ខេត្តសៀមរាប និងពីខេត្តមួយទៅមួយខេត្តទៀត ជាហេតុធ្វើឱ្យសៀមរាបខ្សត់ភ្ញៀវ។ បើអ្នកនៅទីនេះ(សៀមរាប) គេមិនសូវទិញទេ ព្រោះវាសម្បូរចូលតែព្រៃទៅ បេះហូបបានហើយ»។ នេះបើតាមការរៀបរាប់របស់លោក ហាក់ សីហា។

ឈ្មួញកណ្ដាល វ័យ៣៥ឆ្នាំខាងលើបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនេះ លោកបានផ្សព្វផ្សាយលក់តាម Online បន្ថែមទៀតដែរ។ តាមលោក សីហា អតិថិជន
ដែលបញ្ជាទិញផ្លែគុយពីខ្លួន ភាគច្រើនអ្នករស់នៅតាមបណ្ដាខេត្តផ្សេងៗ

ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញដូចជា នៅចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ និងតំបន់ស្ទឹងមានជ័យជាដើម។
ទោះជាការលក់ តាម Online មានអ្នកទិញហូរហែ ប៉ុន្តែឈ្មួញរូបនេះជួបការវិបាកក្នុងការផ្ញើទំនិញឱ្យអតិថិជនទៅតាមគោលដៅនីមួយៗ
ព្រោះស្ថានភាពនៃបិទខ្ទប់ពីតំបន់មួយទៅតំបន់មួយ ធ្វើឱ្យការងារដឹកជញ្ជូនចំណាយពេលយូរ។

«ពេលបិទខ្ទប់ខ្ញុំពិបាកផ្ញើណាស់ ព្រោះមានតំបន់ខ្លះត្រូវបានបិទ ហាមឃាត់ មិនឱ្យឆ្លងកាត់ ហើយទម្រាំទៅដល់ដៃអ្នកទិញ ២ទៅ៣ថ្ងៃក៏មានដែរ។ ភាគច្រើននៅក្នុងអំឡុងពេលហ្នឹង ផ្លែគុយនិងទំនិញផ្សេងទៀត ដែលខ្ញុំផ្ញើទៅច្រើនតែខូច នៅពេលប្រគល់ដល់ដៃភ្ញៀវ ហើយមានពេលខ្លះ ខ្ញុំមិនគិតលុយពីភ្ញៀវផង ដោយសារវាខូចអស់ទៅហើយ មិនដឹងជាយកលុយយ៉ាងម៉េច បើគេហូបមិនបានផង»។ បើលោក ហាក់ សីហាតាម។

 លោក បញ្ជាក់ថាសព្វថ្ងៃ លោកសីហាអាចលក់បានបានចន្លោះពី ១០ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ បើមានថ្ងៃណាដែលមានភ្ញៀវ បញ្ជាទិញតាមOnline ច្រើនអាចកើនជាងនេះ៕
 




 

 

Tag:
 ផ្លែឈើព្រៃ
  គុយ
  សៀមរាប
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com