ជាតិ
សង្គមជាតិ
ពលរដ្ឋមួយចំនួននៅតំបន់បិទខ្ទប់នាំគ្នាដាំបន្លែនៅផ្ទះ
02, May 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋមួយចំនួននៅតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងរាជធានីភ្នំពេញ កំពុងបង្កើនការដាំបន្លែនៅផ្ទះបន្ថែមទៀត ដើម្បីដោះស្រាយជីវភាព។ ក្រៅពីនេះ ពលរដ្ឋខ្លះទៀត ដែលរស់នៅតំបន់បិទខ្ទប់នោះ ក៏ចាប់ផ្តើមយល់ពីអត្ថប្រយោជន៍នៃការដាំបន្លែនៅជុំវិញផ្ទះ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។  


បន្លែដែលពលរដ្ឋកំពុងដាំក្នុងរាជធានីភ្នំពេញនេះ ភាគច្រើនដាំដោយប្រើធុងស្នោ បាវឬដបបាស្ទិក ជាដើម ហើយខ្លះទៀតដាំនៅលើទឹក។ បន្លែខ្លះ កំពុងហុចផល និងខ្លះទៀតលូតលាស់ជាបណ្តើរៗហើយ។ ពួកគេយល់ថា ការដាំបន្លែ ក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ អាចជួយឲ្យពួកគេអាចកាត់បន្ថយការចំណាយ និងមិនព្រួយបារម្ភចេញទៅក្រៅ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនេះ។

នៅជាន់ខាងលើផ្ទះរបស់ លោក ហ៊ាប សេរីវុធ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានបន្លែដូចជា ស្ពៃបូកគោ ផ្កាខាត់ណា ដើមខាត់ណា ស្ពៃតឿ ស្ពៃហាង ស្ពៃក្តោប ស្ពៃក្រញាញ់ ផ្ទី ពោតបារាំង ម្ទេស ជីរណារ ននោង ឃ្លោក និងត្រឡាច។ បន្លែស្ពៃក្រញាញ់ ស្ពៃតឿ ដើមខាត់ណា និងននោង គឺលោក សេរីវុធ ទើបតែដាំនៅអំឡុងការរាតត្បាតជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកនេះ។

បន្លែទាំងនេះគឺលោក សេរីវុធ បានដាំក្នុងធុងស្នោ និងបាវស៊ីម៉ង់ត៍ ដោយប្រើជីធម្មជាតិ ។ លោកដាំបន្លែប្រភេទនេះ អស់រយៈពេល៥ឆ្នាំមកហើយ។ បើតាមស្ថាបនិកអង្គការមូលនិធិគាំទ្រកុមាររូបនេះ បន្លែក្នុងទំហំដីទទឹង៤ម៉ែត្រ និងបណ្តោយ៥ម៉ែត្រនេះ បានជួយឲ្យលោកកាត់បន្ថយការចំណាយថវិកា និងមិនព្រួយបារម្ភពីការចេញទៅផ្សារញឹកញាប់ ដើម្បីទិញបន្លែឡើយ ក្នុងវិបត្តិកូវីដ-១៩នេះ។

«ខ្ញុំនៅតំបន់ក្រហម អ៊ីចឹងខ្ញុំដាំបន្លែណាដែលងាយបានហូប។ ការបិទខ្ទប់នេះ ខ្ញុំបង្កើនការដាំ។ ពីព្រោះខ្ញុំពិបាកទៅទិញបន្លែ។ ខ្ញុំគ្រាន់តែទៅផ្សារម្តងម្កាលទៅទិញតែសាច់ទុកក្នុងទូរទឹកកកទៅ។ យើងមានបន្លែនៅលើផ្ទះ។ បន្លែទាំងនេះមានសុវត្ថិភាព ហើយខ្ញុំក៏អាចចែកទៅបងប្អូន និងមិត្តភក្តិហូបបានដែរ។» នេះជាការរៀបរាប់របស់ បុរសអាយុ៤១ឆ្នាំ ដែលបន្តថា ការដាំបន្លែនេះ ក៏ជាផ្នែកមួយជួយឲ្យអារម្មណ៍រីករាយដែរ ទោះជីវិតកំពុងប្រឈមដោយការរាតត្បាតនៃជំងឺកូវីដ-១៩ក្តី។

ងាកទៅខាងលើផ្ទះអ្នកស្រី អ៊ុក ភារិទ្ធ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ឯណោះវិញ ក៏គេឃើញមានស្ពៃក្រញាញ់ ស្ពៃហាង ស្ពៃចង្កឹះ ស្ពៃក្តោប ជី ម្រះព្រៅ គល់ស្លឹកគ្រៃ ម្ទេស ពោតបារាំង ត្រកួន ផ្កាខាត់ណា សាលាដ និងសណ្តែកបណ្តុះ កំពុងផ្ដល់ផលយ៉ាងល្អដែរ។
ស្ត្រីរូបនេះ យល់ឃើញថា ការដាំបន្លែនៅផ្ទះ រយៈពេល៥ឆ្នាំមកនេះ មិនត្រឹមតែជួយឲ្យអ្នកស្រីចំណេញថវិកាទេ ប៉ុន្តែវាក៏ជួយដល់សុខភាពអ្នកស្រីផងដែរ។
 
ប្រធានសម្របសម្រួលហិរញ្ញវត្ថុ និងរដ្ឋបាលនៅអង្គការបៃតងរូបនេះ បានរៀបរាប់ដូច្នេះថា៖«នៅពេលបិទខ្ទប់នេះខ្ញុំអាចសន្សំសំចៃបានប្រាក់ខ្លះដែរ។ យើងមិនចាំបាច់ចេញក្រៅ ឬទិញបន្លែពីខាងក្រៅ។ តែយើងមានបន្លែហូបប្រកបដោយសុវត្ថិភាពរាល់ថ្ងៃ ហើយយើងមិនប្រឈមការហូបបន្លែដែលគ្មានប្រភពច្បាស់លាស់។ បន្លែដាំនៅផ្ទះពិតជាមានរស់ជាតិឆ្ងាញ់ ផ្អែម សុវត្ថិភាព ហូបដោយទំនុកចិត្ត»។

សម្រាប់អ្នកស្រី គឹម កន្និដ្ឋា នៅខណ្ឌដង្កោវិញ ទើបតែចាប់ផ្ដើមដាំបន្លែបន្តិចបន្តួចនៅកៀនផ្ទះ រយៈពេល៣ខែប៉ុណ្ណោះ។ អំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ ប្រធានគណនេយ្យក្នុងក្រុមហ៊ុនឯកជន នៅរាជធានីភ្នំពេញរូបនេះ បានទទួលផលពីបន្លែទាំងនោះ សម្រាប់សម្រាលការចំណាយថ្លៃហូបចុកមួយកម្រិតដែរហើយ។

ការដាំបន្លែនៅផ្ទះនេះ មិនមែនទាល់តែមានទីធ្លីធំនោះទេ ។ ពលរដ្ឋអាចដាំបាននៅជាន់ខាងលើផ្ទះ កៀនផ្ទះ មុខនិងក្រោយផ្ទះ ក្នុងទំហំដីទទឹង៤ម៉ែត្រ និងបណ្តោយ៥ម៉ែត្រក៏បានដែរ។ មិនត្រឹមតែអាចដាំបន្លែលើក្នុងធុង ឡាំង ឬប្រអប់ស្នោ និងបាវស៊ីម៉ងនោះទេ ពលរដ្ឋក៏អាចរៀបចំបច្ចេកទេសដាំបន្លែលើទឹកទៀតផង។
ជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លោក ប៉ាវ គឹមយ៉េ បានដាំសាលាដ ស្ពៃក្រញាញ់ ស្ពៃតឿ ដើមខាត់ណា និងត្រកួន នៅលើទឹករយៈពេល១ខែប៉ុណ្ណោះ។
មានមុខរបរជាអ្នកលក់ទូរសព្ទដៃ លោក ប៉ាវ គឹមយ៉េ រំពឹងថា ពេលប្រមូលផលបន្លែទាំងនោះ រូបលោក នឹងយកទុកបរិភោគក្នុងក្រុមគ្រួសារខ្លះ ហើយខ្លះទៀត លោកនឹងយកលក់ឲ្យអ្នកភូមិ។

លោក ប៉ាវ គឹមយ៉េ ដែលមានអាយុ៥២ឆ្នាំមានប្រសាសន៍ដូច្នេះថា៖«ដំបូងឡើយទិញគេហូបខ្លះ ដាំខ្លួនឯងក្នុងធុងស្នោតិចៗខ្លះ ទើបងាកមកដាំបន្លែលើទឹកបានច្រើនគួរសមដែលអាចហូបខ្លួនឯងខ្លះ លក់ឲ្យអ្នកភូមិខ្លះ»។

ដោយឡែកអ្នកស្រី សុខ មុយ ដែលទើបតែដាំបន្លែលើទឹក នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យដែរនោះ ក៏មានការបញ្ជាទិញបន្លែពីអ្នកជិតខាងហើយ ក្រោយពីលទ្ធផលសាកល្បងដាំបន្លែទទួលបានផ្លែផ្កាល្អ។

«ខ្ញុំទើបចាប់ផ្ដើមដាំបន្លែលើទឹកនិងលក់រងបន្លែនេះទេ តែក៏មានអ្នកភ្នំពេញចាប់អារម្មណ៍ច្រើន។ រងបន្លែខ្ញុំធ្វើលក់ដាំបែបលក្ខណៈគ្រួសារ ដូច្នេះស្រួលក្នុងការដាំនៅតាមផ្ទះ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុខ មុយ ។

ពលរដ្ឋខាងលើនេះ សុទ្ធតែអះអាងដូចគ្នាថា ការដាំបន្លែនៅផ្ទះ មិនត្រឹមតែអាចសម្រួលដល់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែវាក៏ផ្តល់ភាពរីករាយ និងផ្តល់ចំណេះដឹងអំពីការដាំបន្លែផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com