ជាតិ
សង្គមជាតិ
លោក ណុប វី៖ សេរីភាពសារព័ត៌មាននៅកម្ពុជា មានទាំងល្អ និងអាក្រក់ ហើយអ្នករាយការណ៍រឿងរសើបប្រឈមខ្លាំងជាងគេ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា
× ភ្នំពេញ៖ ថ្ងៃទី៣ ឧសភា ជាថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលប្រទេសទាំងអស់ រួមទាំងកម្ពុជាបានប្រារព្វទិវានេះ ក្រោមប្រធានបទ «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន»។ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក៏ចេញសាលិខិត៤ទំព័រ សាទរទិវាសេរីភាពសារព័ត៌មានពិភពលោកនេះដែរ ដោយលើកពីគុណតម្លៃរបស់អ្នកសារព័ត៌មាន ដែលមិនខ្វះបាន ជាពិសេសអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩នេះ ។ ដ្បិតគុណតម្លៃសារព័ត៌មាន មិនអាចខ្វះបានមែន ប៉ុន្តែសេរីភាពអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន មិនទាន់ល្អប្រសើនៅឡើយទេ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា មើលឃើញថា វិស័យសារព័ត៌មាននៅកម្ពុជា មានទាំងល្អ និងអាក្រក់ ហើយអ្នករាយការណ៍រឿងរសើបប្រឈមខ្លាំងជាងគេ។ ចំណុចវិជ្ជមាននោះ លោក ណុប វី បានកត់សម្គាល់ឃើញថា វិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងទូលំទូលាយ តាមរយៈការផ្ដល់សិទ្ធិផ្ដល់អាជ្ញាបណ្ណ អនុញ្ញាតឱ្យបង្កើតស្ថាប័នព័ត៌មាន ពីក្រសួងព័ត៌មាន។
ប៉ុន្តែចំណុចអវិជ្ជមានវិញនោះ គឺអ្នកសារព័ត៌មាន តែងតែប្រឈមមុខផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ ជាពិសេសអ្នករាយការណ៍រឿងរសើប ដែលប៉ះពាល់ប្រយោជន៍អ្នកមានអំណាច និងមានទ្រព្យសម្បត្តិជាដើម។
សូមស្កាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ដូចតទៅ៖
តែយ៉ាងណាអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភណ្ឌ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ បានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជា នាពេលបច្ចុប្បន្នេះ មានភាពល្អប្រសើរជាប្រក្រតីធម្មតា ទោះបីជាមានវិបត្តិកូវីដ-១៩ក្តី ដោយសារអ្នកសារព័ត៌មានវិជ្ជាជីវៈភាគច្រើន បានបំពេញការងារយ៉ាងល្អ ក្នុងការប្រមូលប្រភពព័ត៌មាន ផ្សព្វផ្សាយជូនសាធារណជន ។ ប៉ុន្តែក៏មានសារព័ត៌មានមួយចំនួនតូច ដែលអនុវត្តវិជ្ជាជីវៈខ្វះមូលដ្ឋាន និងខ្វះប្រភពគ្រប់ជ្រុងជ្រោយ បង្កើតជាព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។
ត្រង់ចំណុចនេះលោក ណុប វី ក៏មិនប្រកែកដែរ។ នាយកប្រតិបត្តិខេមបូចារូបនេះ មើលឃើញថា មានក្រុមអ្នកសារព័ត៌មានខ្លះ ដែលមិនទាន់វិជ្ជាជីវៈគ្រប់គ្រាន់ កំពុងប្រើប្រាស់បណ្ដាញឌីជីថលផ្សព្វផ្សាយ នូវហេតុការណ៍អ្វីដែលគេបានឃើញតែប៉ុណ្ណោះ ដោយពុំមានប្រភព និងការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ ប៉ុន្តែពួកគេទាំងនោះ ក៏កំពុងប្រឹងអនុវត្តឱ្យតាមវិជ្ជាជីវៈដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភណ្ឌ បានពន្យល់ថា អ្នកប្រើប្រាស់បណ្ដាញសង្គម ផ្សព្វផ្សាយព័ត៌មាននោះ មិនត្រូវចាត់ទុកថា ជាអ្នកសារព័ត៌មានទេ ពោលគឺក្រសួងមិនទទួលស្គាល់ឡើយ។ បើតាមលោក សោភ័ណ្ឌ ក្រសួងទទួលស្គាល់តែអង្គភាព ស្ថាប័នផ្សព្វផ្សាយណា ដែលចុះបញ្ជិការត្រឹមត្រូវតាមក្រសួងប៉ុណ្ណោះ។
កាលពីថ្ងៃទី២៩ មីនា ខេមបូចា បានចេញរបាយការណ៍មួយស្តីពីស្ថានភាពអ្នកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ ដោយក្នុងរបាយការណ៍បានរកឃើញថា អ្នកសារព័ត៌មាន៧២នាក់ រងការធ្វើទុក្ខបុកម្នេញ ដោយក្នុងនោះមាន៣៥ករណីរងការយាយី។បើមើលតាមរបាយការណ៍ចុះផ្សាយនោះ អ្នកសារព័ត៌មានដែលត្រូវបានចាប់ឃុំខ្លួន ភាគច្រើនរងបទចោទពីបទញុះញង់ និងជំរិតទារប្រាក់៕
Tag:
ណុប វី
សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com