អន្តរជាតិ
ក្រុមប្រដាប់អាវុធកាឈិន បាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ាមួយគ្រឿង
03, May 2021 , 4:37 pm        
រូបភាព
កងទ័ពឯករាជ្យកាឈិន (KIA)។ រូបភាព៖ AFP
កងទ័ពឯករាជ្យកាឈិន (KIA)។ រូបភាព៖ AFP
កងទ័ពឯករាជ្យកាឈិន (KIA) បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ាមួយគ្រឿង ស្របពេលឧទ្ធម្ភាគចក្រមួយគ្រឿងនេះ កំពុងដឹកនាំការវាយប្រហារក្នុងក្រុង Momauk រដ្ឋកាឈិន ប្រមាណម៉ោង ១០ព្រឹក ក្នុងថ្ងៃទី៣ ខែឧសភា។

 
 
មន្រ្តីព័ត៌មាននៃកងទ័ពឯករាជ្យកាឈិន Naw Bu ប្រាប់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី៣ ខែមេសា ថា ការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមីយ៉ាន់ម៉ា កើតឡើងប្រមាណម៉ោង ១០ និង២០នាទីព្រឹក។ ការបាញ់ប្រហារនេះ បានធ្វើឱ្យយន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ាចំនួនពីរគ្រឿងផ្សេងទៀត ហោះភៀសខ្លួនផងដែរ។ 
 
ចំណែក អ្នកស្រុកម្នាក់ ដែលរស់នៅក្នុងរដ្ឋកាឈិន បានអះអាងថា ឧទ្ធម្ភាគចក្រមួយ បានធ្លាក់មកលើដី បន្ទាប់ពីស្លាបចក្រផ្នែកខាងក្រោយត្រូវបានបំផ្លាញ។ យន្តហោះនោះ បានធ្លាក់នៅក្នុងភូមិKonglaw។ ការវាយប្រយុទ្ធរវាងភាគីទាំងពីរ កើតឡើងតាំងពីព្រឹកមកម្លេះ ហើយស្ថានភាព មិនអំណោយផលល្អឡើយ។
 
គួរបញ្ជាក់ថា ភាពតានតឹងរវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចកាឈិន បានកើតឡើងតាំងពីថ្ងៃទី១១ ខែមេសាមកម្លេះ ដែលកាលនោះក្រុមយោធាបានប្រើយន្តហោះ ដើម្បីទម្លាក់គ្រាប់បែកលើមូលដ្ឋានរបស់ក្រុមកាឈិន។ 
 
ប្រតិបត្តិការរបស់យោធាមីយ៉ាន់ម៉ាលើក្រុមជនជាតិភាគតិចនេះ ធ្វើឡើងទំនងជាចង់ដណ្តើមយកតំបន់យុទ្ធសាស្រ្តមួយ ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមកាឈិន តាំងពីថ្ងៃទី២៥ ខែមីនាមក។ តំបន់យុទ្ធសាស្រ្តនោះ មានទីតាំងនៅលើកូនភ្នំមួយ ក្នុងក្រុង Momauk និងក្បែរតំបន់ព្រំដែនចិន។ 
 
ចាប់តាំងពីមានការវាយប្រហាររវាងក្រុមយោធាមីយ៉ាន់ម៉ា និងជនជាតិកាឈិននៅថ្ងៃទី១១ ខែមេសាមក ប្រជាជនមីយ៉ាន់ម៉ា ចំនួន ៥ពាន់នាក់បានភ្លៀសខ្លួនទៅតំបន់ផ្សេង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ 
 
ក្រៅពីក្រុមជនជាតិកាឈិន ក្រុមយោធាមីយ៉ាន់ម៉ា ក៏មានការប៉ះទង្គិចគ្នាជាមួយក្រុមជនជាតិភាគតិច ការ៉ែននៅតាមព្រំដែនថៃ និងជនជាតិផ្សេងទៀតផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
  ក្រុមប្រដាប់អាវុធជនជាតិភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com