COVID-19
ជាតិ
អភិបាលខេត្តប៉ៃលិន សម្រេចផ្អាកអាជីវកម្មក្រុមហ៊ុន វីរៈប៊ុនថាំ ក្រោយរកឃើញអ្នកបើកបរម្នាក់ឆ្លងកូវីដ-១៩
03, May 2021 , 4:59 pm        
រូបភាព
ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនចុះបាញ់ថ្នាក់សម្លាប់មេរោគ។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី បាន ស្រីមុំ)
ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនចុះបាញ់ថ្នាក់សម្លាប់មេរោគ។ (រូបពីទំព័រហ្វេសប៊ុករបស់លោកស្រី បាន ស្រីមុំ)
ភ្នំពេញ៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចផ្អាកដំណើរការអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខា ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកបើកបរម្នាក់ឆ្លងកូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងដើម្បីស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

 
 
លោក ទិន ប៊ុនលី នាយករដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា លោកស្រី បាន ស្រីមុំ បានសម្រេចផ្អាកអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម សហការ និងអនុវត្តតាមវិធានការណែនាំរបស់រដ្ឋបាលខេត្តជាចាំបាច់។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទលោក ប៊ុនលី បានបន្ថែមថា ក្នុងអំឡុងពេលនៃការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ  បុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន វីរៈប៊ុនថាំទាំង៣សាខា ត្រូវហាមឃាត់ការធ្វើដំណើរចេញ-ចូលទីតាំងអាជីវកម្មក្រុមហ៊ុន និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមវិធានការសុខាភិបាល។ 
 
បើតាមលោក ប៊ុនលី រាល់អ្នកធ្វើដំណើរចូលខេត្តប៉ៃលិន ដែលមានប្រវត្តិឆ្លងកាត់បណ្ដារាជធានី-ខេត្ត ឬតំបន់ណា ដែលកំពុងឆ្លងរាលដាលកូវីដ-១៩ គឺអាជ្ញាធរតម្រូវឲ្យធ្វើតេស្តទាំងអស់ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរាលដាល។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដជាង១,៤ម៉ឺននាក់ ខណៈអ្នកជាសះស្បើយជាង៥ពាន់នាក់ និងមានអ្នកស្លាប់ជាង១០៦នាក់៕ 
 
 
 

Tag:
 កូវីដ-១៩
  ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com