អន្តរជាតិ
អ្នកសារព័ត៌មានមកពី៥០ប្រទេស ជជែកពីវិបត្តិកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ
03, May 2021 , 9:29 pm        
រូបភាព
រូបថត Yonhap
រូបថត Yonhap
អ្នកសារព័ត៌មានប្រមាណ៦០នាក់មកពីប្រទេស៥០ បានចូលរួមក្នុងសន្និសីទអ្នកសារព័ត៌មានពិភពលោកឆ្នាំ២០២១ (World Journalists Conference 2021) ដែលរៀបចំដោយសមាគមអ្នកកាសែតកូរ៉េ (JAK) និងខេត្ត Chungnam នៃសាធារណរដ្ឋកូរ៉េ។ តួនាទីអ្នកសារព័ត៌មានក្នុងវិបត្តិជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ ជាប្រធានបទដែលត្រូវបានពិភាក្សាយ៉ាងផុលផុសក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃ។   

 
សន្និសីទអ្នកសារព័ត៌មានពិភពលោកឆ្នាំ២០២១ ត្រូវរៀបចំតាមប្រព័ន្ធ Zoom ព្រោះជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅឆ្នាំ២០១៩ បន្តរាលដាលខ្លាំង។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២១ មូលបទចំនួនពីរត្រូវបានមើលឡើង គឺស្ថានភាពក្រោយជំងឺកូវីដ-១៩ ពេលដែលការចាក់វ៉ាក់សាំងកំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំនៅជុំវិញពិភពលោក និងបញ្ហាបម្រែបម្រួលអាកាសធាតុដែលត្រូវការការឆ្លើយតបពីគ្រប់ភាគីទាំងអស់។
 
ក្នុងសារវីដេអូនៅថ្ងៃទីមួយនៃសន្និសីទ លោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លើកឡើងថា សន្និសីទនេះ ជាឱកាសសម្រាប់សហគមន៍អន្តរជាតិដើម្បីស្វែងរកតួនាទីរបស់សារព័ត៌មានសម្រាប់ដោះស្រាយបញ្ហាក្នុងពេលមិនច្បាស់លាស់បែបនេះ។ ទាក់ទងវិបត្តិកូវីដ-១៩ លោក Chung និយាយថា ជំងឺនេះ បង្កជាការផ្លាស់ប្ដូរដ៏ធំនៅជុំវិញពិភពលោក ហើយល្បឿននៃការផ្លាស់ប្ដូរនេះ ក៏កាន់តែលឿនជាមួយទំហំកាន់តែធំ។
 
ចំពោះបម្រែបម្រួលអាកាសធាតុវិញ លោក Chung បញ្ជាក់ថា៖ «បញ្ហានេះ មិនអាចដោះស្រាយបានដោយប្រទេសមួយឡើយ។ ផ្អែកលើសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងអស់ ត្រូវរួមគ្នាហួសពីព្រំដែនរៀងៗខ្លួនដើម្បីស្វែងរកដំណោះស្រាយ។»
 
បន្ថែមពីលើនោះ លោកនាយករដ្ឋមន្រ្តីក៏លើកឡើងពីសារសំខាន់ក្នុងការផ្ដល់ព័ត៌មានពិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ដោយលោកសង្កត់ធ្ងន់ពីភាពរីកចម្រើននៃបច្ចេកវិទ្យាដែលបង្កលក្ខណៈងាយស្រួលដល់មនុស្សទាំងអស់ក្នុងការបង្កើត ផ្សព្វផ្សាយ និងប្រើប្រាស់ព័ត៌មាន។ លោកអះអាងថា ស្របពេលតម្រូវការព័ត៌មានកើនឡើង គុណតម្លៃរបស់សារព័ត៌មាន កាន់តែមានតម្លៃថែមទៀត។
 
នៅថ្ងៃទី១៩ ខែមេសា ដែលជាថ្ងៃទីមួយ អ្នកកាសែតជិត៣០នាក់ បានចែករំលែកពីការយល់ឃើញចំពោះស្ថានភាពក្រោយវិបត្តិកូវីដ-១៩ ក្នុងប្រទេសរបស់ពួកគេ និងតួនាទីរបស់សារព័ត៌មានក្នុងការផ្ដល់ព័ត៌មានពិត។ លោក Flemming Ytzen មកពីដាណឺម៉ាក និយាយថា ប្រព័ន្ធផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ មានកាតព្វកិច្ចផ្សាយពីមធ្យោបាយដែលមេដឹកនាំដោះស្រាយវិបត្តិកូវីដ-១៩ និងអនុសាសន៍របស់អ្នកវិទ្យាសាស្រ្ត។
 
នៅថ្ងៃបន្ទាប់ អ្នកសារព័ត៌មានជាច្រើនទៀត ក៏ជជែកគ្នាពីបញ្ហាអាកាសធាតុ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយដដែល។ សារព័ត៌មាន ពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីបញ្ហាប្រឈមមួយនេះទៅកាន់សាធារណជន បើទោះជាជួបការលំបាកក្ដី។
 
សូមបញ្ជាក់ថា ជំនួបប្រចាំឆ្នាំដែលចូលរួមដោយអ្នកសារព័ត៌មានមកពីប្រទេសនានានេះ ធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០១៣ ។ ឆ្នាំ២០២០ ជំនួបនេះ ត្រូវធ្វើតាមអនឡាញ ហើយឆ្នាំ២០២១ ជាការរៀបចំតាមអនឡាញលើកទីពីរ៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com