អន្តរជាតិ
អង់គ្លេស នឹងបញ្ជូនម៉ាស៊ីនជំនួយការដកដង្ហើម១ពាន់គ្រឿងទៀតទៅឱ្យឥណ្ឌា
03, May 2021 , 5:29 pm        
រូបភាព
អង់គ្លេស នឹងបញ្ជូនម៉ាស៊ីនជំនួយការដកដង្ហើមចំនួន១ពាន់គ្រឿងទៀតទៅឥណ្ឌា។ រដ្ឋាភិបាល អង់គ្លេស បញ្ជាក់បែបនេះនាថ្ងៃទី២ ខែឧសភា។ អង់គ្លេសដែលជាអតីតម្ចាស់អាណានិគមរបស់ឥណ្ឌា កំពុងបង្កើនការគាំទ្ររបស់ខ្លួនចំពោះប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈប្រព័ន្ធសុខាភិបាលឥណ្ឌា កំពុងជួបបញ្ហាក្នុងការទប់ទល់ការរីករាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ។


 
កន្លងមករដ្ឋាភិបាលអង់គ្លេសបានបញ្ជូនឧបករណ៍វេជ្ជសាស្ត្រចំនួន ៦០០ គ្រឿងរួចមកហើយ ក្នុងនោះមានម៉ាស៊ីនជំនួយដង្ហើម និងម៉ាស៊ីនផលិតអុកស៊ីសែនផងដែរ ។ ជំនួយរបស់អង់គ្លេសដែល ជាជំនួយបរទេសដំបូងគេ បានទៅដល់ឥណ្ឌា នៅថ្ងៃទី២៧ ខែមេសា។ ដូច្នេះការផ្តល់ម៉ាស៊ីនជំនួយ ការដកដង្ហើម ១ពាន់គ្រឿងនេះ គឺជាជំនួយលើកទី២ហើយ ដែលអង់គ្លេសបញ្ជូនទៅឥណ្ឌា។ 
 
«ការគាំទ្រនេះនឹងជួយបំពេញតម្រូវការបន្ទាន់មួយចំនួនរបស់ឥណ្ឌា ជាពិសេសអុកស៊ីសែនសម្រាប់ អ្នកជំងឺ។ យើងប្តេជ្ញាជួយមិត្តឥណ្ឌារបស់យើងក្នុងគ្រាដែលពួកគេត្រូវការ»។ រដ្ឋមន្រ្តីការបរទេស អង់គ្លេស Dominic Raab បាននិយាយដូចនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២ ខែឧសភា។ 
 
ជាមួយគ្នានេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់អង់គ្លេស ក៏បានពិភាក្សា និងផ្តល់ជាយោបល់ទៅឱ្យ ឥណ្ឌាដើម្បីរួមគ្នាដោះស្រាយបញ្ហាកូវីដ-១៩ នេះផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ ការផ្តល់ជំនួយបន្ថែមពីអង់គ្លេសន ប្រកាសឡើងមុនជំនួបរវាងនាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន និងនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែឧសភា ដើម្បីពិនិត្យមើល ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ 
 
ជំនួបតាមអនឡាញនេះ ធ្វើឡើងដើម្បីជំនួសទស្សនកិច្ចផ្ទាល់របស់ លោកចនសុន ដែលគ្រោងទៅ ឥណ្ឌាតាំងពីខែមេសាម្លេះ ប៉ុន្តែត្រូវលុបចោលវិញ ដោយសារកើនឡើងនៃករណីកូវីដ-១៩ ខ្លាំងពេក។
 
របាយការណ៍ពីករណីវិជ្ជមានកូវីដ-១៩ ប្រចាំថ្ងៃនៅឥណ្ឌាមានជាង ៣០ម៉ឺនករណី ក្នុងរយៈពេលជាង ១០ថ្ងៃជាប់គ្នាមកហើយ។ អាមេរិក អាល្លឺម៉ង់ សិង្ហបុរី រុស្ស៊ី ចិន ជប៉ុន រួមទាំងប៉ាគីស្ថាន និងប្រទេស ជាច្រើនផ្សេងទៀត ក៏បានផ្ដល់ និងប្រកាសផ្តល់ជំនួយជាសម្ភារវេជ្ជសាស្ត្រជាបន្តបន្ទាប់ដើម្បីជួយ ឥណ្ឌាឱ្យបានឆ្លងផុតគ្រាដ៏លំបាកមួយនេះ។
 
ទោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលឥណ្ឌា នៅមានការស្ទាក់ស្ទើរលើការដាក់ប្រទេសក្នុង វិធានការបិទខ្ទប់ទាំងស្រុង។ ប៉ុន្តែរដ្ឋជិត១០ និងតំបន់មួយចំនួនរបស់ឥណ្ឌា បានអនុវត្តវិធានការរឹត បន្តឹងរៀងៗខ្លួនដើម្បីទប់ស្កាត់ករណីឆ្លង៕
 
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com