COVID-19
អន្តរជាតិ
ណូវែលសេឡង់ បញ្ឈប់មន្រ្តីព្រំដែន៩នាក់ដែលមិនព្រមចាក់វ៉ាក់សាំងកូវីដ-១៩
03, May 2021 , 6:29 pm        
រូបភាព
ដោយ ឈួ​​ ស៊ាវយីងជាវ

ទីភ្នាក់ងារគយណូវែលសេឡង់ បានបណ្ដេញមន្រ្តីព្រំដែនចំនួន៩នាក់ដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ពួកគេ អស់ការងារ ក៏ព្រោះគ្មានកន្លែងធ្វើការថ្មីជំនួសកន្លែងចាស់។ 
រដ្ឋាភិបាលនូវែលសេឡង់ តម្រូវឱ្យមន្រ្តីព្រំដែនជួរមុខទាំងអស់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅត្រឹមខែមេសា។ នេះបើតាមសារព័ត៌មាន Guardian នៅថ្ងៃទី៣ ខែឧសភា។ នាយករដ្ឋមន្រ្តី ចាស៊ីនដា អាឌើន ធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលមិនបង្ខំចំពោះការចាក់វ៉ាក់សាំងដល់មន្រ្តីព្រំដែនជួរមុខទេ ប៉ុន្តែបើមានបុគ្គលណាមិនព្រមទទួលចាក់វ៉ាក់សាំង នឹងត្រូវផ្លាស់ប្ដូរការងារទៅផ្នែកផ្សេង។


ទោះមានគោការណ៍បែបនេះ មន្រ្តីទីភ្នាក់ងារគយនៅព្រំដែនសមុទ្រចំនួន៩នាក់ ត្រូវបញ្ចប់តំណែង ដោយសារមិនព្រមទទួលវ៉ាក់សាំង។ លោកស្រី Jacinda Funnell អនុប្រធានទីភ្នាក់ងារគយទទួលបន្ទុកកិច្ចការប្រជាជន និងសមត្ថភាព លើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ដោយសារគ្មានកន្លែងទំនេរសម្រាប់អ្នកទាំង៩នាក់ ទើបពួកគេត្រូវបញ្ឈប់ទៅ។
«យើងពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះបុគ្គលិកដែលចាកចេញពីការងារ ហើយក៏បានយល់ពីទុក្ខលំបាករបស់ពួកគេផងដែរ » ។ លោកស្រី Funnell បន្ថែមបែបនេះ មុនបន្តថា បុគ្គលិកគយជួរមុខ៩៥ភាគរយដែលតម្រូវចាក់វ៉ាក់សាំង ទទួលបានវ៉ាក់សាំងរួចហើយ ហើយ៨៥ភាគរយនៃចំនួននេះ ទទួលបានវ៉ាក់សាំងពីរដូស។ 
 
សហជីពតំណាងបុគ្គលិកនៃទីភ្នាក់ងារគយណូវែលសេឡង់ បានរិះគន់ករណីបណ្ដេញបុគ្គលិកទាំង៩នាក់ដែលប្រកែកមិនទទួលការចាក់វ៉ាក់សាំង។ ជំនួសមកវិញ ពួកគេទាំងនោះ គួរត្រូវបានផ្ទេរទៅកន្លែងថ្មី៕
 
 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com