COVID-19
ជាតិ
រយៈពេល២ថ្ងៃ មានពលរដ្ឋជិត៦ម៉ឺន នៅតំបន់ក្រហម បានចាក់វ៉ាក់សាំងCOVID-19
03, May 2021 , 11:58 pm        
រូបភាព
ពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់បង្ការកូវីដ-១៩ ឱ្យពលេរដ្ឋរស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។ រូបថត៖ ឈុំ សុជាត
ពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់បង្ការកូវីដ-១៩ ឱ្យពលេរដ្ឋរស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។ រូបថត៖ ឈុំ សុជាត
រយៈពេល២ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ឱ្យប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌ៤នៅរាជធានីភ្នំពេញនោះ គឺមានមនុស្សសរុប ៥៧,៣១៣នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។បើតាមលោក ឈុំ សុជាត  អ្នកនាំពាក្យក្រសួងការពារជាតិក្នុងចំណោមពលរដ្ឋជិត៦ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងនេះ មាន ២៩,៥០៣ គឺជាស្ត្រី។

 
លោកឈុំ សុជាត បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី៣ ឧសភា ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ឧសភា ឆ្នាំ២០២១  ខណ្ឌចំនួន៤ ដែលមានប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហម បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះ  គឺមានខណ្ឌមានជ័យ មានពលរដ្ឋ១៣,០៦៣នាក់ ខណ្ឌដង្កោមាន ១២,៤៧១នាក់ ខណ្ឌកំបូល ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ មាន ១៨,៥៩១នាក់។
 
តាមផែនការក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល ឱ្យរួចរាល់ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២១។ សម្រាប់រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ បានបោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ផ្សេងៗគ្នា នៅក្នុងខណ្ឌទាំង៤ខាងលើ ដែលស្ថិតនៅក្នុងតំបន់ក្រហម ដោយមានតំបន់ក្រហម និងមានកម្មករ-កម្មការិនីរោងចក្រជាង៤០ម៉ឺននាក់ កំពុងស្នាក់នៅ។ 
 
គិតត្រឹមថ្ងៃទី៣ឧសភា ឆ្នាំ២០២១ កម្ពុជា មានពលរដ្ឋនិងកងកម្លាំងយោធានៅទូទាំងប្រទេសសរុប ១,៤២២,៧២២ នាក់ហើយបានចាក់វ៉ាក់កូវីដ-១៩។  ក្នុងចំណោមមនុស្សជាង១,៤ លាននាក់ ដែលបានចាក់វ៉ាក់សាំងនេះ មានក្រុមពលរដ្ឋអាទិភាព ១,០៧០,៣៨៣នាក់ និង ៣៥២,៣៣៩ នាក់ជាកងកម្លាំងទ័ព។ នេះបើយោងតាមទិន្នន័យផ្សេងគ្នា របស់ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ៕ 
 
 

Tag:
 COVID-19
  តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com