កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Hamilton នៅតែខ្លាំង ក្រោយឈ្នះលើកទី២ ក្នុងចំណោមទីលាន៣នៅរដូវកាលនេះ
03, May 2021 , 8:39 pm        
រូបភាព
Lewis Hamilton បានប្រជែងឈ្នះ Valtteri Bottas និង Max Verstappen ដើម្បីទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងរថយន្តលំដាប់ពិភពលោ Formula One ក្នុងកម្មវិធី Portuguese Grand Prix ប្រទេសព័រទុយហ្កាល់។ នេះជាជ័យជម្នះលើកទី២ក្នុងការប្រណាំង៣លើកសម្រាប់ម្ចាស់ការពារតំណែងជើងឯក នៅរដូវកាល២០២១នេះ។


នាការប្រណាំងនៅទីលានទី៣ នៅថ្ងៃទី២ ខែឧសភា ម្ចាស់ជើងឯក ៧ សម័យដែលបើកបរឱ្យក្រុម Mercedes បានបញ្ចប់ទីមុនគេក្នុងជ័យជម្នះទី៩៧ក្នុងអាជីព ដោយប្រើថេរវេលា១ម៉ោង ៣៤នាទី និង៣១វិនាទី។ ដំបូងឡើង Hamilton បានធ្លាក់ទៅលេខ ៣ ខណៈ Verstappen ដែលបើកឱ្យ Red Bull បានវ៉ាដាច់ខ្លួននៅការចាប់ផ្តើមប្រណាំងជុំដំបូងដើម្បីនាំមុខគេ។
 
យ៉ាងណាក៏ដោយ Hamilton នៅតែឈ្នះក្នុងការប្រណាំងនេះ ហើយ Verstappen សញ្ជាតិហូឡង់ទទួលបានលេខ២ និង Bottas របស់ហ្វាំងឡង់ មិត្តរួមក្រុម Mercedes បញ្ចប់នៅចំណាត់ថ្នាក់ទី៣។


 
តាមរយៈជ័យជម្នះនេះ ផ្តល់ឱ្យអ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំ នាំមុខគូប្រជែង Verstappen ដែលឈ្នះការប្រណាំងនៅទីលានទី២ ចំនួន៨ពិន្ទុ។ ឆ្លងកាត់ការប្រកួត៣លើក Hamilton រកបាន៦៩ពិន្ទុ ឈរចំណាត់ថ្នាក់ទី១ក្នុងតារាង F1 តាមពីក្រោយដោយ Verstappen ដែលមាន៦១ពិន្ទុ និងលេខ៣ Lando Norris ដែលបើកឱ្យ Mclaren Mercedes រកបាន៣៧ពិន្ទុ។
 
ដោយឡែកផ្នែកគ្រឿងម៉ាស៊ីន Mercedes បានកើនពិន្ទុនាំមុខនៅកំពូលតារាង ដោយរកបាន១០១ពិន្ទុ តាមពីក្រោយដោយ Red Bull ដែលមាន៨៣ពិន្ទុ ខណៈលេខ៣ McLaren-Mercedes ដែលមាន៥៣ពិន្ទុ។ ជំនួបបន្ទាប់ និងជាទីលានទី៤សម្រាប់រដូវកាលនេះ នឹងធ្វើឡើងនៅទឹកដីអេស្ប៉ាញ ក្នុងកម្មវិធី Spanish Grand Prix នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១៕
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com