COVID-19
ជាតិ
រដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ភ្នំពេញ និងទីក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ឧសភា
03, May 2021 , 7:36 pm        
រូបភាព
សម្តេច ហ៊ុន សែន នាថ្ងៃទី៣ ខែឧសភានេះ បាន​ចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់នៅថ្ងៃទី៦ឧសភា  ដោយជំនួសមកនូវវិធានការថ្មីសំដៅបង្ការការឆ្លងការរាលកូវីដ-១៩។ ការប្រកាសបញ្ចប់ការបិទខ្ទប់ថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានប្រើពេលអស់៣សប្តាហ៍ក្នុងការ បិទខ្ទប់ភ្នំពេញ និងតាខ្មៅ ចាប់ពីថ្ងៃទី១៥មេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៃភូមិសាស្ត្រទាំងពីរនេះ។



តាមប្រការ២នៃសេចក្តីសម្រេច អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអភិបាលខេត្តកណ្តាល មានសមត្ថកិច្ចដាក់ចេញនូវវិធានការ​បិទខ្ទប់ផ្នែកណាមួយនៃភូមិសាស្ត្ររបស់ខ្លួន ព្រមទាំងវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

កាលពីយប់ថ្ងៃទី២ឧសភា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋនៅក្នុងប្រអប់មតិ(Comment)របស់ទំព័រហ្វេសប៊ុកខ្លួនថា   ពុំមានហេតុផលបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ទៀតឡើយ។ ប៉ុន្តែ សម្តេច បានបញ្ជាក់ថា ការបិទខ្ទប់ នាថ្ងៃមុខនឹងធ្វើឡើងចំពោះតែខេត្ត និងទីតាំងឬផ្នែកណាមួយនៃរាជធានីភ្នំពេញ ដែលមានកម្រិតហានិភ័យឆ្លងកូវីដ-១៩ខ្ពស់ ប៉ុណ្ណោះ។

ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន  បន្តរៀបរាប់ថា ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ កន្លងមក គឺធ្វើឡើងទាំងបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនដោយសារជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍២០កុម្ភៈ។

ចំពោះភូមិសាស្ត្ររាធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលត្រូវបិទខ្ទប់នោះ រដ្ឋាភិបាលបានបែងចែកជា៣តំបន់ ដោយក្នុងនោះ មានតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង។  តំបន់ក្រហម គឺសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩  ក្នុងសហគមន៍ និងស្ថិតនៅក្នុងស្ថានភាពដែលមិនអាចគ្រប់គ្រងបាន។ សម្រាប់តំបន់លឿនទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ រីឯតំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍៕


© រក្សាសិទ្ធិដោយ thmeythmey.com