ជាតិ
នៅកម្ពុជា សារព័ត៌មានអនឡាញច្រើនជាងគេ ខណៈអង្គភាពកាសែត និងវិទ្យុ តាមពីក្រោយ
04, May 2021 , 10:24 am        
រូបភាព
ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ដែលមានដូចជា វិទ្យុ,ទូរទស្សន៍,ទស្សនាវដ្ដី,កាសែត,ទីភ្នាក់ងារព័ត៌មានបរទេសនៅកម្ពុជា,ប្រព័ន្ធផ្កាយរណប និងវេបសាយជាដើមនោះ មានចំនួន១,៨០២អង្គភាព។ នេះបើតាមលោក មាស សោភណ្ឌ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។



លោក មាស សោភណ្ឌ បានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសរុបនៅកម្ពុជា សារព័ត៌មានអនឡាញ(វេបសាយ) មានច្រើនជាងគេ ចំនួន៦៦៩អង្គភាព។ ចំណែកឯ វិទ្យុមានចំនួន ២២០ស្ថានីយ(រាធានីភ្នំពេញចំនួន៨៣ និងបណ្ដាខេត្តចំនួន១៣៧) ហើយទស្សន៍មានចំនួន២២ស្ថានីយ និងទូរទស្សន៍ខ្សែកាបចំនួន២១២ស្ថានីយ។ 
 
រីឯកាសែត មានចំនួន៤៥០អង្គភាព ហើយទស្សវដ្ដីមានចំនួន១៩៦អង្គភាព។ ក្រៅពីនោះ ក៏មានទីភ្នាក់ងារព័ត៌មានបរទេសប្រចាំនៅកម្ពុជា ចំនួន២៤អង្គភាព ហើយប្រព័ន្ធផ្សព្វផ្សាយ OTT មានចំនួន៧ស្ថានីយ និងអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធផ្កាយរណបចំនួន២ស្ថានីយផងដែរ។ នេះបើតាមលោក មាស សោភណ្ឌ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ 
 
គិតត្រឹមឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានការកើនឡើង ពិសេសអង្គភាពព័ត៌មានតាមប្រព័ន្ធអនឡាញ កើនចំនួន១០៧អង្គភាព បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ ស្របគ្នានេះ អ្នកសារព័ត៌មានស្រ្តីនៅកម្ពុជា ក៏មានការកើនឡើងផងដែរ ដោយបច្ចុប្បន្នមានចំនួន៤៩៦នាក់ ក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន៤២៣០នាក់។ នេះបើតាមការបញ្ជាក់របស់លោក មាស សោភណ្ឌ។
 
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា បើបុគ្គលិក ឬក្រុមណាមួយដែលតាំងខ្លួនជាអ្នកសារព័ត៌មាន ដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន ចាត់ទុកថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមធម្មតាប៉ុណ្ណោះ ក្រសួងមិនទទួលស្គាល់ឡើយ។
 
ទាក់ទិននឹងរឿងនេះ លោក មាស សោភណ្ឌ ក៏បានលើកឡើងពីសរីភាពសារព័ត៌មាននៅកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«សរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ និងធានាដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងយើងឃើញស្រាប់ហើយ ក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន ដោយចាត់ទុកអ្នកសារព័ត៌មានជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឥតគិតថ្លៃ»។ 
 
កន្លងមកសម្ដេច ហ៊ុន សែន ក៏គាំទ្រ និងលើកទឹកចិត្តចំពោះការអនុវត្តតាមវិជ្ជាជីវៈសារព័ត៌មាន តាមរយៈ ការផ្ដល់នូវជំនួយផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដោយបង្កើតក្រុមការងារមេធាវីស្ម័គ្រចិត្ត ដោយសការជាមួយក្រសួងព័ត៌មាន។ ក្រៅពីនេះ រដ្ឋាភិបាល បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយអ្នកសារព័ត៌មាន តាមរយៈអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល តាមក្រសួងស្ថាប័ន និងមន្រ្តីព័ត៌មានតាមបណ្ដាខេត្តទៀតផង។
 
លោក មាស សោភណ្ឌ អះអាងថា សកម្មភាពរដ្ឋាភិបាលទាំងនេះ គឺជាការយកចិត្តទុកដាក់ និងលើកស្ទួយ សេរីភាពសារព័ត៌មាននៅកម្ពុជា ដែលវាផ្ទុយពីអ្វីដែលអង្គក្រៅរដ្ឋាភិបាលខ្លះចោទថា កម្ពុជារឹតត្បឹតសរីភាពអ្នកសារព័ត៌មាន។
 
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា មើលឃើញថា វិស័យសារព័ត៌មាននៅកម្ពុជា មានទាំងល្អ និងអាក្រក់ ហើយអ្នករាយការណ៍រឿងរសើបប្រឈមខ្លាំងជាងគេ។ ចំណុចវិជ្ជមាននោះ លោក ណុប វី បានកត់សម្គាល់ឃើញថា វិស័យសារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា កំពុងរីកចម្រើនយ៉ាងទូលំទូលាយ តាមរយៈការផ្ដល់សិទ្ធិផ្ដល់អាជ្ញាបណ្ណ អនុញ្ញាតឱ្យបង្កើតស្ថាប័នព័ត៌មាន ពីក្រសួងព័ត៌មាន។
 
ប៉ុន្តែចំណុចអវិជ្ជមានវិញនោះ គឺអ្នកសារព័ត៌មាន តែងតែប្រឈមមុខផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ ជាពិសេសអ្នករាយការណ៍រឿងរសើប ដែលប៉ះពាល់ប្រយោជន៍អ្នកមានអំណាច និងមានទ្រព្យសម្បត្តិជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com