COVID-19
ជាតិ
អ្នកនៅតំបន់ក្រហមក្នុងរាជធានី ជាង១០ម៉ឺននាក់ហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩
04, May 2021 , 10:51 am        
រូបភាព
ពលរដ្ឋនៅតំបន់ក្រហមកំពុងបំពេញបែបបទដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថត៖ ឈុំ សុជាត
ពលរដ្ឋនៅតំបន់ក្រហមកំពុងបំពេញបែបបទដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩។ រូបថត៖ ឈុំ សុជាត
ក្នុងយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌចំនួន៤នៅរាជធានីភ្នំពេញនារយៈពេល៣ថ្ងៃមកនេះ  មានពលរដ្ឋសរុប១០០,៣៥៧នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ ចំនួននេះ បានធ្វើឱ្យកម្ពុជាកើននូវពលរដ្ឋនិងកងកម្លាំងយោធារហូតដល់១,៤៦៥,៩៨៥នាក់(ប្រមាណ៩,៤ភាគរយនៃចំនួនប្រជាជនសរុប)បានចាក់សាំងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

 
 
លោក ឈុំ សុជាត  អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី៤ឧសភា ឆ្នាំ២០២១ ថា ក្នុងចំណោមពលរដ្ឋនៅតំបន់ក្រហម ជាង១០ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងហើយនោះ មានស្ត្រី៥២,៣០០នាក់។ ពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងនោះ មាននៅខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។
 
ក្រសួងការពារជាតិ ចាប់ផ្តើមចាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ តាមផែនការ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហមឱ្យបានរួចរាល់នៅអំឡុងខែឧសភានេះ។ សម្រាប់រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ បានបោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ផ្សេងៗគ្នា នៅក្នុងខណ្ឌទាំង៤ខាងលើ ដែលស្ថិតនៅក្នុងតំបន់ក្រហម ដោយមានកម្មករ-កម្មការិនីរោងចក្រជាង៤០ម៉ឺននាក់ កំពុងស្នាក់នៅ។ 
 
សម្រាប់នាព្រឹកថ្ងៃទី៤ឧសភា នេះ សម្តេច ទៀ បាញ់ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់រស់នៅក្នុងតំបន់ក្រហម សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ«៣ការពារ ៣កុំ»។
 
មកដល់ពេលនេះ កម្ពុជា មានពលរដ្ឋជាង១,៤៦លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្នុងនោះ មាន៣៩៥,៤៦០នាក់ ជាកងកម្លាំងយោធា។ នេះបើយោងតាមតួលេខផ្សេងគ្នារបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល៕
 

Tag:
 COVID-19
  តំបន់ក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com